(ព្រះសីហនុ)៖ សកម្មភាពរបស់ប្រជាពលរដ្ឋដែលលក់ដូរចល័ត និងមានការដាក់កៅអី ដាក់តុ ចង្ក្រានដាំស្លនៅតាមមាត់ឆ្នេរក្នុងក្រុងព្រះសីហនុ ត្រូវបានបិទបញ្ចប់ទាំងស្រុង នៅព្រឹកថ្ងៃ០៨ ខែកក្កដា ឆ្នាំ២០២២នេះ ក្រោយទទួលបានការណែនាំ និងក្រើនរំលឹកពីអាជ្ញាធរក្រុង។
លោក អ៉ី សុខឡេង អភិបាលក្រុងព្រះសីហនុ បានប្រាប់បណ្ដាញព័ត៌មាន Fresh News ឲ្យដឹងថា គិតត្រឹមព្រឹកនេះ មិនមានប្រជាពលរដ្ឋមកលក់ដូរចល័ត នៅតាមបណ្ដោយមាត់ឆ្នេរសមុទ្រទៀតនោះទេ។
បើតាមលោកអភិបាលក្រុង ការបញ្ឈប់សកម្មភាពលក់ដូររបស់ប្រជាពលរដ្ឋបង្ហាញពីការចូលរួមអនុវត្តតាមសេចក្ដីណែនាំរបស់អាជ្ញាធរមានសមត្ថកិច្ច សំដៅលើកកម្ពស់សោភ័ណ្ឌនៅតាមតំបន់ឆ្នេរ ដែលជាកន្លែងទាក់ទាញភ្ញៀវទេសចរ។
លោក អ៉ី សុខឡេង បានបន្ថែមថា ឆ្នេរសមុទ្រគឺសម្រាប់ប្រជាពលរដ្ឋទូទៅមកសម្រាក់កម្សាន្ត មិនមែនជាទីតាំងបើកហាងហូបចុកអនាធិបតេយ្យពេញឆ្នេរបែបនេះទេ។ លោកក៏បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋទាំងអស់ ដែលបានចូលរួមសហការ និងស្ដាប់ការណែនាំរបស់អាជ្ញាធរ៕
សូមរំលឹកថា អាជ្ញាធរក្រុងព្រះសីហនុ ក៏ធ្លាប់បានគូសបញ្ជាក់ថា ករណីនៅតែបន្តលក់ និងមិនស្តាប់តាមការណែនាំ អាជ្ញាធរ និងសហការជាមួយមន្ទីរពាក់ព័ន្ធ ចុះអនុវត្តវិធានការរដ្ឋបាល ចាប់យកសម្ភារទាំងអស់នោះ និងមិនប្រគល់ជូនវិញទេ៕