(សៀមរាប)៖ លោកបណ្ឌិត សឹង សំណាង សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំខ្នារពោធិ និងលោកស្រី អ៊ូ សិទ្ធិរី ព្រមទាំងក្រុមការងារចុះជួយមូលដ្ឋានឃុំខ្នារពោធិ ក្រុមការងារមនុស្សធម៌ភរិយាសមាជិកក្រុមការងារចុះមូលដ្ឋាន និងអមដំណើរជាមួយក្រុមប្រឹក្សាឃុំ សង្កាត់ខ្នារពោធិ បានអញ្ជើញចុះថ្លែងអំណរគុណ និងរៀបចំកម្មវិធីហូបនំបញ្ចុកសាមគ្គី ជាមួយប្រជាពលរដ្ឋជាម្ចាស់ឆ្នោតមកពីភូមិសំបាត ដំរីឆ្លង រំដេង បុស្ស សំរោង ឈូក ថ្នល់ដាច់ ប្រមាណ១,០០០នាក់ ក្រោមបរិយាកាសសប្បាយរីករាយ នៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២២។
ដោយឡែកភូមិចំនួនពីរទៀត គឺភូមិបុស្សធំ និងភូមិជប់ ក្រុមការងារចុះមូលដ្ឋានឃុំខ្នារពោធិ បានរៀបចំពិធីហូបនំបញ្ចុកសាមគ្គីរួចរាល់កាលពីសប្តាហ៍កន្លងទៅនេះ។
ស្ថិតក្នុងបរិយាកាសដ៏សប្បាយរីករាយនេះ លោកបណ្ឌិត សឹង សំណាង បានជម្រាបជូនប្រជាពលរដ្ឋឲ្យបានយល់ពីការវិវឌ្ឍទៅមុខប្រកបដោយភាពឈ្លាសវៃរបស់គណបក្សប្រជាជនកម្ពុជា ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា
មួយវិញគណបក្សប្រជាជនកម្ពុជា ជាបក្សនយោបាយដែលមានអាយុ៧១ឆ្នាំ ហើយពោរពេញដោយបទពិសោធន៍ ដឹកនាំប្រទេសឆ្លងកាត់សង្គ្រាមរំដោះប្រទេសរួចផុតពីបនប្រល័យពូជសាសន៍ ឆ្លងកាត់ជំងឺឆ្លងសាហាវកូវីដ១៩ និងវិបត្តិផ្សេងទៀតជាច្រើន ប្រកបដោយការប្តេជ្ញាចិត្តមិនបោះបង់ប្រជាពលរដ្ឋឲ្យនៅរងទុក្ខ។ ម៉្យាងទៀតគណបក្សប្រជាជនកម្ពុជា បាន
ដឹកនាំអភិវឌ្ឍន៍ប្រទេស កសាងហេដ្ឋារចនាសម័្ពន្ធខ្វាត់ខ្វែងទៅគ្រប់ទីកន្លែង ហើយក៏គ្មានគណបក្សនយោបាយណាមួយផ្សេងទៀត ហ៊ានធ្វើពលិកម្មដូចគណបក្សប្រជាជនកម្ពុជានោះទេ។
ឆ្លៀតឱកាសនេះ លោកបណ្ឌិតបានផ្តល់អនុសាសន៍ទៅកាន់ក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិថ្មី ឲ្យខិតខំបំពេញការងារឲ្យបានសកម្មជូនប្រជាពលរដ្ឋ ដោយមិនរើសអើងពណ៌សម្បុរ និងបក្សនយោបាយពីព្រោះក្រុមប្រឹក្សាឃុំ សង្កាត់ ត្រូវតាមដានមើលថែប្រជាពលរដ្ឋក្នុងសហគមន៍ឲ្យដូចក្រុមគ្រួសារតែមួយ និងពង្រឹងសាមគ្គីភាពឲ្យបានរឹងមាំ និងឆ្លើយតបឲ្យបានទាន់ពេលវេលារាល់តម្រូវការចាំបាច់របស់ប្រជាពលរដ្ឋ។
លោកបានរំពឹងថាប្រជាពលរដ្ឋក្នុងឃុំខ្នារពោធិ នឹងបន្តបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា គាំទ្រសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីក្នុងដំណើរការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនៅឆ្នាំ២០២៣ខាងមុខនេះ។ លោកបណ្ឌិត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះប្រជាពលរដ្ឋទាំងអស់ក្នុងឃុំខ្នារពោធិ ដែលបានបោះឆ្នោតគាំទ្រ និងផ្តល់សេចក្តីទុកចិត្តក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិថ្មី ឲ្យបន្តដឹកនាំមូលដ្ឋានរបស់ខ្លួនកាន់តែប្រសើរឡើងថែមទៀត។
ស្របគ្នានេះលោកបណ្ឌិត សឹង សំណាង បានផ្តល់អំណោយអំពូលសឡា ចំនួន៦គ្រឿង ជូនប្រជាពលរដ្ឋនៅភូមិជប់ និងភូមិរំដេង។ ដោយឡែកលោក គង់ មុនី សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋាន ឃុំខ្នារពោធិ បានផ្តល់អំណោយអំពូលសឡាចំនួន៥គ្រឿង ជូនទៅភូមិដំរីឆ្លង ចំនួន៦គ្រឿង ជូនទៅភូមិជប់ និងចំនួន៣គ្រឿង ជូនទៅភូមិសំបាន សម្រាប់ទុកប្រើក្នុងសហគមន៍។
បន្ទាប់មកលោកបណ្ឌិត សឹង សំណាង និងភរិយា រួមទាំងក្រុមការងារទាំងអស់បានអញ្ជើញប្រជាពលរដ្ឋហូបនំបញ្ចុករួមគ្នា និងរាំរែកប្រកបដោយបរិយាកាសសប្បាយរីករាយ និងស្និទ្ធស្នាលជាទីបំផុត៕