(បន្ទាយមានជ័យ)៖ ផ្ទះចំនួន៣ខ្នង ស្ថិតនៅមូលដ្ឋានក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដែលកម្លាំងនគរបាលក្រុងប៉ោយប៉ែត ដឹកនាំដោយលោកអធិការក្រុង អ៊ុំ សុផល សម្រុកធ្វើឲ្យរួចមកនោះ នៅរសៀលថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៦នេះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ លោកឧត្តមសេនីយ៍ទោ អាត់ ខែម បានប្រគល់ជូនប្រជាពលរដ្ឋ សម្រាប់ការស្នាក់នៅ ក្នុងជីវភាពរស់ប្រចាំថ្ងៃ។
នៅរសៀលថ្ងៃដដែលនេះ លោកឧត្តមសេនីយ៍ស្នងការ ក៏បាននាំយកសម្ភារសិក្សាមួយចំនួនរួមមាន សៀវភៅ ប៊ិច កាបូប ថវិកា និងការផ្តល់អង្ករ ជូនដល់សិស្សសាលានៅទីនោះផងដែរ។ ក្រៅពីការប្រគល់ផ្ទះធ្វើរួចជូនប្រជាពលរដ្ឋទាំង៣គ្រួសារ ខាងលើរួចមក លោកឧត្តមសេនីយ៍ស្នងការ ក៏បានប្រគល់ស័ង្កសីចំនួន៥៣សន្លឹក ជូនដល់ប្រជាពលរដ្ឋចំនួន៥គ្រួសារផ្សេងទៀតផងដែរ ព្រមទាំងការត្រៀមជួយជួសជុលផ្ទះជូនប្រជាពលរដ្ឋ២គ្រួសារទៀតនាពេលខាងមុខ។ លោកស្នងការ បានប្រគល់ស័ង្កសីសម្រាប់ប្រកដំបូលសាលារៀនផងដែរ ហើយឲ្យសិស្សអាចរៀនបានយ៉ាងស្រួលមិនមានបញ្ហាអ្វីទៀតនោះទេ។ លោកបានថ្លែងថា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា និងមានការដឹកនាំផ្ទាល់ពីលោកឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន ប្រធានក្រុមការងារចុះជួយខេត្តបន្ទាយមានជ័យ គឺធ្វើយ៉ាងណាមិនឲ្យផ្ទះប្រជាពលរដ្ឋមានដំបូលប្រកស្លឹក ឬស្បូវទៀតឡើយ ពោលត្រូវប្រកស័ង្កសីទាំងអស់។
លោក អាត់ ខែម បានបញ្ជាក់ថា កម្លាំងនគរបាលរបស់លោក បាននិងកំពុងបន្តការចុះជួយជួសជុលផ្ទះជូនប្រជាពលរដ្ឋ នៅតាមមូលដ្ឋាន ដើម្បីឲ្យទីជម្រកសមរម្យសម្រាប់ជីវភាពប្រចាំថ្ងៃ។