(ភ្នំពេញ)៖ «សេចក្តីព្រាងច្បាប់ធម្មនុញ្ញ» ដែលជារបៀបវារៈមួយក្នុងកិច្ចប្រជុំពេញអង្គ នៅព្រឹកថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២២នេះ ត្រូវបានគណៈរដ្ឋមន្រ្តី អនុម័តហើយ។ ប៉ុន្តែទោះជាយ៉ាងនេះក្តី ខ្លឹមសារទាក់ទងនឹងវិសោធនកម្មរដ្ឋធម្មនុញ្ញនេះនឹងត្រូវបង្ហាញក្នុងសន្និសីទកាសែតមួយដែលរៀបចំដោយក្រសួងយុត្តិធម៌។ នេះបើតាម លោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាល។
លោកបានបញ្ជាក់តាមបណ្តាញសង្គមហ្វេសប៊ុកថា៖ «កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចអនុម័តទាំងស្រុងលើ “សេចក្តីព្រាងច្បាប់ធម្មនុញ្ញ” រីឯខ្លឹមសារលម្អិតទាំងឡាយ ដែលពាក់ព័ន្ធការធ្វើវិសោធនកម្មច្បាប់រដ្ឋធម្មនុញ្ញ ដើម្បីរក្សាប្រក្រតី ភាពនៃការងាររដ្ឋបាលក៏ដូចជាផលប្រយោជន៍ជាចាំបាច់របស់ប្រជាពលរដ្ឋ ឯកឧត្តមរដ្ឋមន្រ្តីក្រសួង យុត្តិធម៌ ត្រូវបានចាត់តាំងដោយ សម្តេចតេជោ នាយករដ្ឋមន្រ្តី ឱ្យរៀបចំសន្និសីទសារព័ត៌មាន»។
សូមបញ្ជាក់ថា នៅព្រឹកថ្ងៃសុក្រ ទី០៨ ខែកក្កដា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីបើកកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី ដោយពិភាក្សា និងឆ្លងបៀបវារៈមួយចំនួនដូចជា៖
១៖ សេចក្តីព្រាងច្បាប់ធម្មនុញ្ញ ។
២៖ សេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងចំណូលមិនមែនសារពើពន្ធ។
៣៖ បញ្ហាផ្សេងៗ សំណើសុំការយល់ព្រមពីគណៈរដ្ឋមន្រ្តី ដើម្បីសុំការអនុម័តពីស្ថាប័ននីតិប្បញ្ញត្តិលើ៖
៣.១៖ សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើ
១៖ កិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជានិងរដ្ឋាភិបាលនៃតំបន់រដ្ឋបាល ពិសេសម៉ាកាវនៃសាធារណរដ្ឋប្រជាមានិតចិន ស្តីពីការលុបបំបាត់ការយកពន្ធត្រួតគ្នាពាក់ព័ន្ធ នឹងពន្ធលើប្រាក់ចំណូល និងការបង្ការការគេចវេះពន្ធនិងការចៀសវាងពន្ធ។
២៖ កិច្ចព្រមព្រៀងរវាងរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋតួកគី ស្តីពីការចៀសវាងការយកពន្ធត្រួតគ្នា និងការបង្ការការកិបកេងបន្លំពន្ធពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល។
៣.២៖ សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមឱ្យព្រះរាជាណាចក្រកម្ពុជា ចូលជាភាគីនៃអនុសញ្ញាស្តីពីជំនួយក្នុងករណីមានគ្រោះមហន្ដរាយនុក្លេអ៊ែរ ឬគ្រោះអាសន្នវិទ្យុសកម្ម៕