(ភ្នំពេញ)៖ នៅម៉ោង ៥ល្ងាចថ្ងៃអង្គារ ទី២៤ ខែឧសភា ឆ្នាំ២០១៦ស្អែកនេះ ឧបនាយករដ្ឋមន្រ្តី នាយឧត្តមសេនីយ៍ ទៀ បាញ់ រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា នឹងដឹកនាំមន្រ្តីជាន់ខ្ពស់ក្រសួងការពារជាតិកម្ពុជា បំពេញទស្សនកិច្ច និងចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីការពារជាតិអាស៊ានលើកទី១០ និងកិច្ចប្រជុំពាក់ព័ន្ធមួយចំនួនទៀត នៅទីក្រុងវៀងច័ន្ទ ប្រទេសឡាវ រយៈពេល ៤ថ្ងៃចាប់ពីថ្ងៃទី២៤ ដល់២៧ ខែឧសភា។
នាយឧត្តមសេនីយ៍ ឈុំ សុជាតិ អ្នកនាំពាក្យក្រសួងការពារជាតិ បានប្រាប់ Fresh News នៅល្ងាចថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៦នេះថា កិច្ចប្រជុំរដ្ឋមន្រ្តីការពារជាតិអាស៊ានលើកទី ១០នេះ រដ្ឋមន្រ្តីការពារជាតិអាស៊ាន នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីការគ្រប់គ្រងប្រព័ន្ធព័ត៌មានវិទ្យា, កិច្ចព្រមព្រៀងទប់ស្កាត់ និងគ្រប់គ្រងគ្រោះមហន្តរាយ ហើយក៏នឹងមានចេញសេចក្តីប្រកាសរួមនូវលទ្ធផល នៃកិច្ចប្រជុំផងដែរ៕