(ភ្នំពេញ)៖ ឆ្លើយតបតាមការអំពាវនាវរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា កាកបាទក្រហមកម្ពុជា និងអាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្គ្រោះជនពិការដោយសារមីន (អាជ្ញាធរមីន) បានចុះអនុស្សរណៈយោគយល់គ្នាស្ដីពី កិច្ចសហប្រតិបត្ដិការបោសសម្អាតមីននៅកម្ពុជា ដោយកាកបាទក្រហមកម្ពុជា បានប្រគល់ថវិកាចំនួន ២លានដុល្លារ ជូនដល់អាជ្ញាធរមីន ដើម្បីចូលរួមជាចលនាជាតិឆ្ពោះទៅរកសូន្យគ្រាប់មីន នៅឆ្នាំ២០២៥ តាមរយៈ «គម្រោងសម្តេចតេជោ សម្រាប់សកម្មភាពមីន» ក្រោមមូលបទ «ផ្តល់ដីសុវត្ថិភាព បង្កើតស្នាមញញឹម»។
ពិធីចុះអនុស្សរណៈ និងប្រគល់-ទទួលថវិកានេះ បានប្រព្រឹត្តទៅនៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២២នេះ នាទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា ក្រោមវត្តមានលោកស្រីកិត្តិបណ្ឌិត អ៊ុក ម៉ាលី អគ្គហេរញ្ញិក កាកបាទក្រហមកម្ពុជា និងលោកទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន។
ក្នុងឱកាសនោះ លោកស្រីកិត្តិបណ្ឌិត បានពាំនាំប្រសាសន៍របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលផ្តាំផ្ញើសួរសុខទុក្ខ និងថ្លែងអំណរគុណចំពោះអាជ្ញាធរមីន ដែលតែងតែផ្តល់ថវិកាជូនកាកបាទក្រហមកម្ពុជា ចាប់តាំងពីឆ្នាំ២០១៦រៀងមក សម្រាប់អនុវត្តការងារលើកកម្ពស់ការយល់ដឹងពីមីន នៅតាមខេត្តគោលដៅចំនួន ៤ គឺខេត្តឧត្តរមានជ័យ ព្រះវិហារ ពោធិ៍សាត់ និងខេត្តបន្ទាយមានជ័យ (ក្នុងនោះ ឆ្នាំ២០១៦-២០២០ ថវិកា ៨០លានរៀល, ឆ្នាំ២០២១ ថវិកា ៤៦លានរៀល និងឆ្នាំ២០២២នេះ ថវិកាចំនួន ៣០លានរៀល)។
លោកស្រីកិត្តិបណ្ឌិត អ៊ុក ម៉ាលី បានគូសបញ្ជាក់ថា «ចំពោះលទ្ធផលនៃការអនុវត្តការងារតាមគោលដៅខេត្តទាំង៤ខាងលើនេះ កាកបាទក្រហមកម្ពុជា សម្រេចបាន ការអប់រំផ្សព្វផ្សាយអំពីមីន សំណល់ជាតិផ្ទុះពីសង្រ្គាម ដល់ប្រជាពលរដ្ឋចំនួន ៨៣,៦៦៨នាក់ (ក្នុងនោះស្រ្តី ៥២,១៩៣នាក់ និងកុមារ ៣៤,៥២៥នាក់), បានផ្តល់អំណោយមនុស្សធម៌ដល់ជនរងគ្រោះដោយសារមីន សំណល់ជាតិផ្ទុះពីសង្រ្គាមចំនួន ៤១២នាក់ និងបានផ្តល់ប្រាក់កម្ចីខ្នាតតូចគ្មានការប្រាក់ជូនដល់ប្រជាពលរដ្ឋចំនួន ៩២៦គ្រួសារ (ក្នុងនោះគ្រួសារមានពិការភាពចំនួន ២៧៨គ្រួសារ)»។
លោកស្រីកិត្តិបណ្ឌិត បានបញ្ជាក់ផងដែរថា ក្នុងការចូលរួមកាត់បន្ថយបញ្ហាមីននៅកម្ពុជា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានផ្តល់អនុសាសន៍ដល់គ្រប់សាខាកាកបាទក្រហមកម្ពុជា ទាំង២៥រាជធានី-ខេត្ត ឱ្យចូលរួមក្នុងការអប់រំផ្សព្វផ្សាយជាប្រចាំ ដើម្បីលើកកម្ពស់ការយល់ដឹងអំពីមីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះនេះផងដែរ។
ជាកិច្ចឆ្លើយតប លោកទេសរដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុតចំពោះ សម្តេចតេជោ ហ៊ុន សែន បិតាសន្តិភាព ដែលបានផ្តួចផ្តើមឱ្យមានចលនាជាតិឆ្ពោះទៅរកសូន្យគ្រាប់មីននៅឆ្នាំ២០២៥ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន មាតាមនុស្សធម៌ ដែលបានឧបត្ថម្ភថវិកាចំនួន ២លានដុល្លារ សម្រាប់ចូលរួមក្នុងសកម្មភាពបោសសម្អាតមីននៅកម្ពុជាយើង។
លោកទេសរដ្ឋមន្ត្រី ក៏បានជម្រាបជូនពីសមិទ្ធផលនៃសកម្មភាពរបស់ប្រតិបត្តិករសម្អាតមីន ដែលក្នុងរយៈពេល ជាង៣០ឆ្នាំនេះ បានធ្វើការបោសសម្អាតមីនជាង ២៦០០គីឡូម៉ែតការ៉េ ។កម្ពុជា គឺជាប្រទេសទី៣ ក្នុងចំណោមបណ្តាប្រទេសដែលទទួលរងគ្រោះថ្នាក់ច្រើនជាងគេដោយសារមីន បន្ទាប់ពីប្រទេសអីរ៉ាក់ និងប្រទេសអាហ្កានីស្ថាន។
ក្នុងឱកាសនោះ លោកទេសរដ្ឋមន្ត្រី ក៏បានជម្រាបជូនអំពី នីតិវិធីទាំង ១១ចំណុច នៃការងារបោសសម្អាតមីន ស្របតាមស្តង់ដារសកម្មភាពកំចាត់មីននៅកម្ពុជា ក្នុងការអនុវត្តគម្រោងរបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី ក្រោមមូលបទ «ផ្តល់ដីសុវត្ថិភាព បង្កើតស្នាមញញឹម»។
សូមបញ្ជាក់ថា នៅថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា និងជាប្រធានអាជ្ញាធរមីន បានសម្រេចបង្កើត «គម្រោងសម្តេចតេជោសម្រាប់សកម្មភាពមីន - Samdech Techo Project for Mine Action_STP - MA» ក្រោមមូលបទ «ផ្តល់ដីសុវត្ថិភាព បង្កើតស្នាមញញឹម - Providing Safe Ground, Creating Smiles» ក្រោមការដឹកនាំ គ្រប់គ្រង និងសម្របសម្រួលដោយអាជ្ញាធរមីន ដែលមានសម្តេចតេជោ ជាប្រធាន។ នេះបើតាមលោកទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន។
គម្រោងនេះ បានកើតចេញពីការអំពាវនាវរបស់សម្តេចតេជោ កាលពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២២ ក្នុងទិវាមច្ឆជាតិ នៅតំបន់អាងទឹកត្រពាំងថ្ម ខេត្តបន្ទាយមានជ័យ និងជាថ្ងៃដ៏អស្ចារ្យមួយ សម្រាប់ប្រជាពលរដ្ឋកម្ពុជា ដែលការបោសសម្អាតមីន មានការចូលរួមគាំទ្រយ៉ាងផុសផុលពីកាកបាទក្រហមកម្ពុជា វិស័យឯកជន និងសប្បុរសជន ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិតរបស់ សម្តេចតេជោនាយករដ្ឋមន្រ្តី។
លោកទេសរដ្ឋមន្រ្តី លី ធុជ ក្នុងនាមប្រជាជនកម្ពុជាទូទាំងប្រទេស ក៏ដូចជាគ្រួសារវិស័យសកម្មភាពមីនកម្ពុជា បានសម្តែងនូវការដឹងគុណ និងកត្តញ្ញូតាធម៌ដ៏ខ្ពង់ខ្ពស់បំផុត ជូនចំពោះ សម្តេចតេជោ នាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលតែងតែផ្តល់ភាពកក់ក្តៅ និងស្នាមញញឹមដល់ប្រជាពលរដ្ឋកម្ពុជាគ្រប់កាលៈទេសៈ និងទីកន្លែង៕