(ភ្នំពេញ)៖ លោកស្រីកិត្ដិបណ្ឌិត អ៊ុក ម៉ាលី អគ្គហេរញ្ញិកកាកបាទក្រហមកម្ពុជា តំណាងសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា នៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២២នេះ បានអញ្ជើញទទួលអំណោយរថយន្ដចំណុះ ១១កៅអី ចំនួន២គ្រឿង ពីឧកញ៉ា សុខ សំណាង និងភរិយា។ ពិធីប្រគល់ និងទទួល បានធ្វើឡើងនាទីស្នាក់ការកណ្ដាលកាកបាទក្រហមកម្ពុជា។
លោកស្រីកិត្ដិបណ្ឌិត អ៊ុក ម៉ាលី បាននាំយកនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះ ឧកញ៉ា សុខ សំណាង និងភរិយា ដែលតែងតែចូលរួមបរិចា្ចគជា ថវិកា សម្ភារៈ ក៏ដូចជាភេសជ្ជៈ ពិសេសនៅថ្ងៃនេះ បាននាំយករថយន្ដចំនួន ២គ្រឿង ប្រគល់ជូនកាកបាទក្រហមកម្ពុជា សម្រាប់ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ឧសភា ឆ្នាំ២០២២នេះ ដើម្បីកាកបាទក្រហមកម្ពុជា បានយកទៅបន្តសកម្មភាពមនុស្សធម៌តទៅមុខទៀត។
ក្នុងឱកាសនោះ លោកស្រីកិត្តិបណ្ឌិត អ៊ុក ម៉ាលី បានលើកឡើងថា ត្បិតតែកាកបាទក្រហមកម្ពុជា ខកខានប្រារព្ធពិធីអបអរសាទរទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ឧសភា ប៉ុន្តែសប្បុរសជនគ្រប់មជ្ឈដ្ឋាន មានទឹកចិត្តសប្បុរសធម៌ បានចូលរួមជាបរិច្ចាគជាបន្ដបន្ទាប់នូវថវិកា ខ្លះជាសម្ភារៈ ជូនកាកបាទក្រហមកម្ពុជា។
សម្រាប់ថវិការបស់កាកបាទក្រហមកម្ពុជាទទួលបានពីសប្បុរសជន គឺក្រៅពីប្រើប្រាស់លើប្រតិបត្តិការជួយប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះនោះ គឺបានប្រើប្រាស់ទៅលើសកម្មភាពមនុស្សធម៌ នានា ដូចជាការសាងសង់ផ្ទះជូនប្រជាពលរដ្ឋងាយរងគ្រោះបំផុតនៅតាមមូលដ្ឋាននានា។ ជាពិសេសក្នុងឆ្នាំនេះ កាកបាទក្រហមកម្ពុជា ក៏បានប្រើប្រាស់ថវិកាដែលទទួលបានពីសប្បុរសជនមួយចំនួន ជួយសាងសង់ផ្ទះជូនគ្រួសារអតីតយុទ្ធជនក្រីក្រ និងមានពិការភាពចំនួន ៦២៨ខ្នង នៅស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ និងឧបត្ថម្ភថវិកាទៅដល់មន្ទីរពេទ្យគន្ឋបុប្ផាជាដើម។
ជាពិសេសកាកបាទក្រហមកម្ពុជា ដែលមានហ្លួងម៉ែ នរោត្តម មុនិនាថ សីហនុ ជាព្រះប្រធានកិត្តិយស និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានចុះអនុស្សរណៈប្រគល់ថវិកាចំនួន ២លានដុល្លារ ជូនដល់អាជ្ញាធរកម្ពុជា គ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្គ្រោះជនពិការដោយសារមីន (អាជ្ញាធរមីន) ដើម្បីចូលរួមជាចលនាជាតិឆ្ពោះទៅរកសូន្យគ្រាប់មីននៅឆ្នាំ២០២៥ តាមរយៈ «គម្រោងសម្តេចតេជោ សម្រាប់សកម្មភាពមីន» ក្រោមមូលបទ «ផ្តល់ដីសុវត្ថិភាព បង្កើតស្នាមញញឹម»។
ជាមួយគ្នានោះ ឧកញ៉ា សុខ សំណាង បានបង្ហាញក្តីសប្បាយរីករាយ និងសូមអរគុណយ៉ាងជ្រាលជ្រៅ ចំពោះកាកបាទក្រហមកម្ពុជា ដែលមានហ្លូងម៉ែ នរោត្តម មុនីនាថ សីហនុ ជាព្រះប្រធានកិត្តិយស និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ដែលបានផ្តល់ឱកាសឱ្យលោក និងគ្រួសារ បានចូលរួមចែករំលែក និងបរិច្ចាគថវិកា ក៏ដូចជាសម្ភារៈ ជូនដល់កាកបាទក្រហមកម្ពុជា ដើម្បីជួយដល់ប្រជាពលរដ្ឋងាយរងគ្រោះបំផុត។
លោកបានបង្ហាញក្តីសង្ឃឹមថា រថយន្តទាំងពីរគ្រឿងខាងលើ នឹងចូលរួមចំណែកបន្ថែមទៀត ដើម្បីបង្កជាលក្ខណៈងាយស្រួល ក្នុងការធ្វើដំណើរបំពេញបេសកកម្មមនុស្សធម៌ ជួយសង្គ្រោះដល់ប្រជាពលរដ្ឋដែលងាយរងគ្រោះ និងរងគ្រោះបំផុត។
សូមជម្រាបថា អំណោយរបស់ឧកញ៉ា សុខ សំណាង និងលោកជំទាវ ស៊ីម និមល បានប្រគល់ជូនកាកបាទក្រហមកម្ពុជា ចំនួន៧លើកមកហើយ គិតចាប់ពីឆ្នាំ២០១២ មកដល់បច្ចុប្បន្ននេះ សរុបជាថវិកាចំនួន ៥៧០,០០០ដុល្លារ៕