(ឧត្តរមានជ័យ)៖ លោក ឃិន ញ៉ាណ អភិបាលរងខេត្តឧត្តរមានជ័យ បានថ្លែងថា ជាសមាជិកក្រុមប្រឹក្សាឃុំ ត្រូវខិតខំបំពេញ តួនាទី ភារកិច្ចរបស់ខ្លួន ក្នុងការថែរក្សាសន្តិភាព ក្នុងការបម្រើប្រជាពលរដ្ឋ ឲ្យបានល្អប្រសើរ និងក្នុងការអភិវឌ្ឍមូលដ្ឋាន ដើម្បីឆ្លើយតបទៅនឹងតម្រូវការប្រជាពលរដ្ឋ និងបម្រើផលប្រយោជន៍ ព្រមទាំងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋទាំងអស់ដោយស្មើភាព ដោយយុត្តិធម៌ និងមិនត្រូវប្រកាន់និន្នាការ នយោបាយនោះឡើយ។
លោក ឃិន ញ៉ាណ បានលេីកឡេីងដូចនេះនាថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២២នេះ ក្នុងឱកាសតំណាងលោក ប៉ែន កុសល្យ អភិបាលខេត្ត បានចូលរួមប្រកាសសុពលភាព ក្រុមប្រឹក្សាឃុំអន្លង់វែង អាណត្តិទី៥ នៃស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។
ក្រៅពីការណែនាំលោក ឃិន ញ៉ាណ ក៏បានថ្លែងនូវការកោតសរសើរ ពីការខិតខំយកអស់កម្លាំងកាយចិត្ដរបស់លោក លោកស្រី ក្រុមប្រឹក្សាឃុំអន្លង់វែង អាណត្តិចាស់ (អាណត្តិទី៤) ក្នុងការពង្រឹងកិច្ចសហប្រតិបត្ដិការ អនុវត្ដរាល់ភារកិច្ច សម្រេចបាននូវសមិទ្ធផលចម្បងៗជាច្រើន សម្រាប់ជាមូលដ្ឋានក្នុងការបន្ដអនុវត្ដការងារ របស់ក្រុមប្រឹក្សាសង្កាត់អាណត្ដិថ្មី (អាណត្តិទី៥) នេះបន្តទៀត។
លោកអភិបាលរងខេត្តឧត្តរមានជ័យបានថ្លែងលើកឡើងផងដែរថា សមាជិកក្រុមប្រឹក្សាឃុំ ដែលបានជាប់ឆ្នោត ទោះបីជា លោក-លោកស្រី មានសមាសភាពមកពីគណបក្សនយោបាយផ្សេងៗគ្នាក៏ពិតមែន ប៉ុន្តែតាមគោលការណ៍ច្បាប់ ក្រុមប្រឹក្សា គឺជាតំណាងឲ្យប្រជាពលរដ្ឋ ក្នុងមូលដ្ឋានទាំងមូលផងដែរ៕