(ភ្នំពេញ)៖ លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានថ្លែងថា វេទិកាសន្តិភាពកម្ពុជា បានរួមចំណែកយ៉ាងសំខាន់ជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការផ្សព្វផ្សាយ និងបញ្ជ្រាបការយល់ដឹងពីដំណើរស្វែងរកសន្តិភាព។
លោកថ្លែងបែបនេះ តាមរយ: Facebook ក្រោយត្រូវបានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីបិទមហាសន្និបាតលើកទី១ របស់វេទិកាសន្តិភាពកម្ពុជា ដែលបានប្រព្រឹត្តិទៅនៅក្នុងខេត្តសៀមរាប នារសៀលថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២២។ ក្នុងពេលនោះ លោកបានស្តាប់របាយការណ៍សកម្មភាព វឌ្ឍនភាព ក៏ដូចជាគម្រោងឆ្ពោះទៅអនាគត ហើយលោកសូមចូលរួមកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះគំនិតផ្តួចផ្តើមក្នុងការបង្កើតអង្គការវេទិកាសន្តិភាពកម្ពុជា ដែលត្រូវបានប្រកាសជាផ្លូវការនៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១ ដោយក្រសួងមហាផ្ទៃ។
លោកបានបន្តថា៖ «ទោះបីជាអង្គការវេទិកាសន្តិភាពទើបតែមានសកម្មភាពរយៈពេលមួយឆ្នាំក៏ពិតមែន តែវេទិកាសន្តិភាពកម្ពុជា បានរួមចំណែកយ៉ាងសំខាន់ជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការផ្សព្វផ្សាយ និងបញ្ជ្រាបការយល់ដឹងពីដំណើរស្វែងរកសន្តិភាព គុណតម្លៃ និងផលប្រយោជន៍នៃសន្តិភាពដល់យុវជន និងប្រជាពលរដ្ឋកម្ពុជាទូទាំងប្រទេសកម្ពុជា»។
ជាមួយគ្នានេះ លោកបន្ថែមថា ជាការពិតណាស់ ដំណើរឆ្ពោះទៅមុខ ក៏ដូចជាការដឹកនាំស្ថាប័ននីមួយៗ ពិតជាមិនមានភាពងាយស្រួលនោះទេ។ ការដឹកនាំស្ថាប័នអង្គការចាត់តាំង ត្រូវធ្វើឡើងដោយការគ្រប់គ្រងច្បាស់លាស់ ដោយសន្សឹមៗ និងត្រូវបង្កើនភាពជឿជាក់ជាបន្តបន្ទាប់ ដើម្បីទទួលបានការគាំទ្រ ការជឿទុកចិត្ត និងការចូលរួមដោយមិនមានការបង្ខិតបង្ខំ។
លោក ហ៊ុន ម៉ានី បានលើកឡើងថា សហភាពសហព័ន្ធយុវជនកម្ពុជានឹងបន្តចូលរួមក្នុងបេសកកម្ម ដើម្បីផ្សព្វផ្សាយពីគុណតម្លៃនៃសុខសន្តិភាព ព្រោះសន្តិភាពពិបាកទទួលបានណាស់ ប៉ុន្តែសុខសន្តិភាពនេះងាយនឹងត្រូវបានបាត់បង់ក្នុងពេលតែមួយរំពេចតែប៉ុណ្ណោះ។
លោក សួន សេរីរដ្ឋា ប្រធានក្រុមប្រឹក្សាភិបាលវេទិកាសន្តិភាពកម្ពុជា បានឱ្យដឹងថា វេទិការសន្តិភាពកម្ពុជា បង្កើតឡើងក្នុងគោលបំណងរៀបចំឱ្យមានវេទិកាសាធារណៈ សម្រាប់ប្រជាពលរដ្ឋស្ថិតនៅក្នុងរាជធានីភ្នំពេញ នៅតាមបណ្តាខេត្ត ក្រុង ស្រុក ខណ្ឌ សង្កាត់ សម្រាប់សិស្សនៅតាមវិទ្យាល័យ និងសម្រាប់និស្សិតនៅមហាវិទ្យាល័យនានា ដើម្បីផ្សព្វផ្សាយពន្យល់ឱ្យប្រជាពលរដ្ឋ និងយុវជនខ្មែរ សិស្ស និស្សិតយល់ដឹងពីឬសគល់នៃដំណើរប្រវត្តិដ៏លំបាកអំពីការកសាងសន្តិភាព អំពីតម្លៃសន្តិភាព និងផលប្រយោជន៍នានាដែលទទួលបានពីសន្តិភាព ដោយក្តីគោរពដ៏ខ្ពង់ខ្ពស់បំផុតចំពោះមគ្គុទេសក៍សន្តិភាព និងភាពដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន។
បន្ថែមពីនេះ លោក សួន សេរីរដ្ឋា ប្រធានក្រុមប្រឹក្សាភិបាលវេទិកាសន្តិភាពកម្ពុជារូបនេះ បានបញ្ជាក់ថា វេទិកាសន្តិភាពកម្ពុជា មានបេសកកម្មបណ្តុះស្មារតីឱ្យស្រឡាញ់ ថែរក្សា ការពារសន្តិភាពនិងគុណតម្លៃ នៃសន្តិភាព ក្នុងចំណោមយុវជន និងប្រជាពលរដ្ឋខ្មែរគ្រប់ស្រទាប់វណ្ណៈ គ្រប់ស្ថាប័ន គ្រប់គ្រឹះស្ថានសិក្សាទាំងរដ្ឋ និងឯកជន នៅទូទាំងប្រទេស និងក្រៅប្រទេសបានយល់ជ្រួតជ្រាបអំពីដំណើរប្រវត្តិ នៃការកសាងសន្តិភាព ស្គាល់ពីតម្លៃនៃសន្តិភាព និងយល់ពីផលប្រយោជន៍នានា ដែលបានមកពីសន្តិភាព។
សូមជម្រាបថា វេទិកាសន្តិភាពកម្ពុជា ត្រូវបានបង្កើតឡើង និងប្រកាសជាផ្លូវការនៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១ ដោយក្រសួងមហាផ្ទៃ ក្នុងគោលបំណងចូលរួមជាមួយរាជរដ្ឋាភិបាល ដើម្បីផ្សព្វផ្សាយដល់ សិស្ស និស្សិត និងប្រជាពលរដ្ឋឱ្យយល់កាន់តែច្បាស់ពីគុណតម្លៃ និងគុណប្រយោជន៍នានាដែលទទួលបានមកពីសន្តិភាព៕