(ប៉ៃលិន)៖ លោក ហ៊ុន ម៉ាណែត តំណាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានស្នើសុំអាជ្ញាធរស្រុកខេត្ត មន្ទីរសង្គមកិច្ច យកចិត្តទុកដាក់ ចុះជួយដោះស្រាយការលំបាកគ្រប់បែបយ៉ាង ជូនអតីតយុទ្ធជន និងក្រុមគ្រួសារ នៅតាមមូលដ្ឋាន ឲ្យបានទាន់ពេលវេលា ដោយមិនត្រូវទុកឲ្យពួកគាត់ ជួបនូវការលំបាក និងអត់ឃ្លាននោះឡើយ។
កាថ្លែងរបស់លោក ហ៊ុន ម៉ាណែត ធ្វើឡើងក្នុងពិធីសំណេះសំណាល ជាមួយអតីតយុទ្ធជនខេត្តប៉ៃលិនចំនួន១០០នាក់ នៅល្ងាចថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៦ នៅក្នុងសាលាខេត្តប៉ៃលិន។
លោក ហ៊ុន ម៉ាណែត បានថ្លែងបន្តថា អតីតយុទ្ធជន និងក្រុមគ្រួសារ គឺជាអ្នកមានគុណបំណាច់ចំពោះជាតិមាតុភូមិ កន្លងមកពួកគាត់បានលះបង់អាយុជីវិត សាច់ឈាម ប្រពន្ធកូន ដើម្បីបុព្វហេតុជាតិ ហេតុនេះអាជ្ញាធរគ្រប់ជាន់ថ្នាក់ ត្រូវតែចូលរួមជួយដោះស្រាយ រាល់ការលំបាកខ្វះខាត ជូនក្រុមគ្រួសារគាត់ឲ្យបានទាន់ពេលវេលា ដោយមិនត្រូវប្រកាន់ពូជសាសន៍ ឬនិន្នាការអ្វីឡើយ ទើបសង្គមជាតិ យើងមានសុខសន្តិភាព គ្មានការបែកបាក់សាមគ្គីជាតិ។
អតីតយុទ្ធជនខេត្តខេត្តប៉ៃលិន ចំនួន១០០នាក់ ដោយមួយគ្រួសារៗទទួលបាន មី១កេស ត្រីខ១យួរ និងថវិកា១០ម៉ឺនរៀល និង៤គ្រួសារ បេឡាមរណសង្គ្រោះទទួលបានមី១កេស និងថវិកា៤លានរៀល៕