(ភ្នំពេញ)៖ លោក ហ៊ុន ម៉ានី ប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានចូលបង់ថ្លៃផាកពិន័យជូនមន្ដ្រីនគរបាលចរាចរណ៍នៅស្រុកស្ទោង ខេត្តកំពង់ធំ ក្រោយមន្ដ្រីនគរបាលឃាត់រថយន្ដរបស់លោក ដែលបើកបរលើសល្បឿនកំណត់ ពេលកំពុងធ្វើដំណើរលើផ្លូវជាតិលេខ៦ ក្នុងគោលបំណងទៅខេត្តសៀមរាប។
តាមរយៈរូបភាពដែលត្រូវបានគេចែកចាយនៅលើបណ្ដាញសង្គម Facebook បានបង្ហាញពីរូប លោក ហ៊ុន ម៉ានី កំពុងប្រគល់ថវិកាជូនមន្ដ្រីនគរបាលចរាចរណ៍ ក្រោយពីទទួលបានបង្កាន់ដៃផាកពិន័យ ពាក់ព័ន្ធការបើកបរល្មើសច្បាប់ នៅវេលាម៉ោងប្រមាណជាង១០ព្រឹក ថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២២នេះ។
នគរបាលដែលផាកពិន័យរថយន្ដល្មើសច្បាប់ ដែលមានលោក ហ៊ុន ម៉ានី នៅក្នុងនោះ គឺជាមន្ដ្រីនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ហើយគោលដៅអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកនេះ នៅលើផ្លូវជាតិលេខ៦ ស្ថិតក្នុងស្រុកស្ទោង ខេត្តកំពង់ធំ។ ស្រាប់តែពេលកំពុងបំពេញការងារបាញ់ល្បឿនរថយន្ដនោះ ក៏ប៉ះរថយន្ដរបស់លោក ហ៊ុន ម៉ានីតែម្ដង ប៉ុន្ដែពេលឃាត់រថយន្ដនោះ លោកក៏ចុះពីលើរថយន្ដដើម្បីទទួលខុសត្រូវនូវអ្វីដែលបានប្រព្រឹត្តខុស គឺល្មើសច្បាប់ចរាចរណ៍ និងបានបង់ប្រាក់ផាកពិន័យតាមចំនួនកំណត់ក្នុងច្បាប់។
មន្ដ្រីនគរបាលនៅគោលដៅនោះ ក៏បានបញ្ជាក់ដែរថា ក្រៅពីបង់ប្រាក់ផាកពិន័យហើយនោះ លោក ហ៊ុន ម៉ានី បានឧបត្ថម្ភថវិកាមួយចំនួន ជាការលើកទឹកចិត្តដល់មន្ដ្រីនគរបាលដែលកំពុងអនុវត្តច្បាប់នៅតាមដងផ្លូវផងដែរ។
គួរជម្រាបថា នេះជាកាយវិការមួយបង្ហាញពីភាពជាគំរូមួយ ក្នុងនាមជាប្រជាពលរដ្ឋដែលត្រូវគោរពច្បាប់ ហើយក្នុងករណីខ្លួនល្មើសច្បាប់ គឺត្រូវតែទទួលខុសត្រូវ។ នេះក៏មិនមែនជាលើកទី១នោះដែរ ដែលលោក ហ៊ុន ម៉ានី បានបង់ប្រាក់ផាកពិន័យជូនមន្ដ្រីនគរបាលចរាចរណ៍ក្រោយបើកបរល្មើសច្បាប់ កន្លងទៅលោកក៏ធ្លាប់ត្រូវនគរបាលផាកពិន័យរួចហើយផងដែរ រឿងបើកបរលើសល្បឿនកំណត់នេះ៕