(សៀមរាប)៖ ក្នុងពិធីបិទមហាសន្និបាតលើកទី០១ ស្ដីពីលទ្ធផលការងារឆ្នាំ២០២១ ផ្សព្វផ្សាយទិសដៅការងារ និងផែនការសកម្មភាពឆ្នាំ២០២២-២០២៣ របស់វេទិកាសន្តិភាពកម្ពុជា នារសៀលថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២២ នៅក្នុងខេត្តសៀមរាប លោក ហ៊ុន ម៉ានី ប្រធានគណៈកម្មការទី០៧ នៃរដ្ឋសភា និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានបញ្ជាក់ថា សន្តិភាពរកបានដោយលំបាក តែងាយនឹងបាត់បង់។
ការថ្លែងបែបនេះស្របពេលដែលលោកបានចែករំលែកនូវគុណតម្លៃនៃសុខសន្តិភាពជូនអ្នកចូលរួម ពិធីបិទមហាសន្និបាតលើកទី០១ របស់វេទិកាសន្តិភាពកម្ពុជា។ ក្នុងនោះលោក ហ៊ុន ម៉ានី បានថ្លែងថា សន្តិភាព គឺជាមូលដ្ឋានគ្រឹះដែលបានប្រែក្លាយប្រទេសដែលធ្លាប់តែរងទុក្ខវេទនា បែកបាក់គ្នា ឈានមកមានការឯកភាពគ្នា និងមានសុខដុមរមនីយកម្មគ្នាក្នុងភាពជាគ្រួសារខ្មែរតែមួយ។
លោកបានបន្តថា យើងបានបន្តឱ្យមានគំនិតរួម ទស្សនៈជាតិរួម និងមធ្យោបាយរួម ដើម្បីដើរស្របគ្នាឆ្ពោះទៅការរីកចម្រើនប្រទេសជាតិជាបន្តទៀត។
ក្រៅពីការចែករំលែកនូវចំណុចសំខាន់ៗខាងលើ លោកបានគូសបញ្ជាក់បន្ថែមថា «កម្ពុជាបានប្រែមុខប្រែមាត់ជាបន្តបន្ទាប់លើឆាកអន្តរជាតិ ព្រោះកម្ពុជាដែលគេធ្លាប់ស្គាល់ថាជាប្រទេសដែលស្ថិតក្នុងភ្លើងសង្គ្រាម ក្លាយជាប្រទេសដែលមានសុខសន្តិភាពពេញលេញ និងជាប្រទេសដែលមានកិត្តិយស ដើម្បីចូលរួមដោះស្រាយបញ្ហាអន្តរជាតិស្មើរមុខស្មើរមាត់ដូចគ្នា»។
លោក សួន សេរីរដ្ឋា ក៏បានជំរុញឱ្យប្រជាពលរដ្ឋកម្ពុជាទាំងអស់ ជាពិសេសយុវជន ត្រូវរួមគ្នាប្តេជ្ញាការពារសន្តិភាពនៅកម្ពុជា ដែលសម្តេចតេជោ បានកសាងមកដោយលំបាក ដោយបានប្រើអាយុជីវិតធ្វើជាដើមទុន ឱ្យសន្តិភាពនៅកម្ពុជាមានជារាងរហូត៕