(កោះកុង)៖ លោក ម៉ែន សុចិត្រ រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទារ នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២២នេះ បានអញ្ជើញចូលរួមក្នុងកម្មវិធីបូកសរុបការងារ របស់អតីតអគ្គនាយកដ្ឋានបច្ចេកទេស «បច្ចុប្បន្នអគ្គនាយកដ្ឋានសេវាសង្គមកិច្ច» ដែលធ្វើឡើងនៅខេត្តកោះកុង។
នៅក្នុងកិច្ចប្រជុំនេះ លោកចាត់ទុកជាកិច្ចការមួយយ៉ាងសំខានក្នុងការត្រួតពិនិត្យលទ្ធផលការងារដែលសម្រេចបាន និងបញ្ហាប្រឈមនានា ដើម្បីអាចឈានទៅលើកទិសដៅបន្ដមួយដែលមានលក្ខណៈច្បាស់លាស់ និងចំទិសដៅ។ ជាការពិតណាស់ អតីតអគ្គនាយកដ្ឋានបច្ចេកទេស ពិតជាដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្ដល់សេវាសង្គមកិច្ច ដល់ជនរងគ្រោះ និងងាយរងគ្រោះស្របតាមបរិបទ និងស្ថានភាពវិវត្ដន៍ នៃសេដ្ឋកិច្ចសង្គម។
លោកថា អតីតអគ្គនាយកដ្ឋានបច្ចេកទេស ពិតជាមានវិសាលភាពធំធេងដែលរ៉ាប់រងការងារបច្ចេកទេសរបស់ក្រសួង កន្លងមក ប្រមាណ ៨០% នៃការងារទាំងអស់។ រីឯមូលនិធិជាតិជំនួយសង្គម “ម.ជ.ជ” ដែលបានបង្កើតឡើងនោះ គឺបានកាត់នាយកដ្ឋានមួយរបស់អតីតអគ្គនាយកដ្ឋានបច្ចេកទេសផងដែរ គឺនាយកដ្ឋានសុខុមាលភាពសង្គម រួមទាំងផ្នែកផ្សេងៗរបស់ក្រសួង។ ក្នុងនាមលោករដ្ឋមន្រ្ដី និងក្នុងនាមខ្លួនលោកផ្ទាល់ លោកសូមយកឱកាសដ៏វិសេសវិសាលនេះ ថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ និងមន្រ្ដីគ្រប់លំដាប់ថ្នាក់នៃអគ្គនាយកដ្ឋានសេវាសង្គមកិច្ច ដែលបានខិតខំបំពេញការងារប្រកបដោយវិជ្ជាជីវៈ និងមានស្មារតីទទួលខុសត្រូវខ្ពស់។
សមិទ្ធផលធំៗជាច្រើន ដែលទទួលបាននៅក្នុងឆ្នាំនេះ ក៏ដូចក្នុងអណ្ដត្ដិនេះផងដែរ ពិតជាបានរួមចំណែក កាត់បន្ថយភាពអសកម្ម និងជួយដោះស្រាយបញ្ហាប្រឈមនានាជាច្រើន ដែលបាននិងកំពុងកើតមាននៅក្នុង សង្គមរបស់យើង។ ជារួមនៅក្នុងសង្គម Digital ព័ត៌មានដែលទទួលបានពិតជាលឿនទាន់ពេលវេលា ដែលអាចជួយឲ្យយើងក៏ដូចជាក្រុមការងារបច្ចេកទេសអាចដោះស្រាយបញ្ហាផ្សេងៗបានទាន់ពេលវេលា និងចំគោលដៅ។ ផ្ទុយទៅវិញព័ត៌មានខ្លះ ក៏អាចជាព័ត៌មានបំពុលបរិយាកាស នាំឲ្យមានភាពមិនល្អប៉ះពាល់ដល់សង្គមផងដែរ ដែលត្រូវខិតខំបញ្ចៀសនិងទប់ស្កាត់ឲ្យបានតាមតែអាចធ្វើបាន។
តាមរយៈរបាយការណ៍ដែលបានលើកឡើងដោយឯកឧត្តម តូច ចាន់នី ពិតជាបានបង្ហាញពីការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្រ្តីគ្រប់លំដាប់ថ្នាក់នៃអតីតអគ្គនាយកដ្ឋានបច្ចេកទេសកន្លងមក ក្នុងការបំពេញតួនាទីភារកិច្ចរបស់ខ្លួនក្នុងនាមជាសេនាធិការ និងជាប្រតិបត្តិកររបស់ក្រសួងទទួលបានលទ្ធផលតាមផែនការដូចដែលបានគ្រោងទុក។
លោកបន្តថា ជារួមថ្មីៗនេះក្រសួង បានកែសម្រួលរចនាសម្ព័ន្ធក្រសួងថ្មី ដែលលោកយល់ថាពិតជាមានតម្រូវការចាំបាច់ក្នុងការលើកកម្ពស់ វិស័យសង្គមកិច្ច ឱ្យកាន់តែប្រសើរឡើងស្របតាមស្ថានភាពវិវត្តន៍ជាក់ស្តែងក្នុងប្រទេស និងតំបន់ ជាពិសេស ឆ្លើយតបទៅនឹងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs) ២០៣០ និងផែនការអភិវឌ្ឍន៍ជាតិរបស់កម្ពុជា២០៥០ ក្នុងការលើកកម្ពស់សុខុមាលភាព ជីវភាពរស់នៅរបស់ប្រជាជន ឆ្ពោះទៅរកការផ្លាស់ប្តូរ ជាវិជ្ជមាននូវកម្រិតជីវភាព និងគុណភាពជីវិតរបស់ប្រជាជនកម្ពុជាគ្រប់រូប ដែលក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ត្រូវដើរតួនាទីយ៉ាងសំខាន់ក្នុងការរួមចំណែកដោះស្រាយបញ្ហាប្រឈមជូនប្រជាជនក្រីក្រ និងងាយរងគ្រោះ ព្រមទាំងឲ្យមានសង្គតិភាព ទៅនឹងវិសាលភាពការងារដែលបាននិងកំពុងពង្រីកជាបន្ដបន្ទាប់ ដែលក្នុងនោះមានអគ្គនាយកដ្ឋានសេវាសង្គមកិច្ច ជាសេនាធិការមួយដ៏សំខាន់ ក្នុងការបំពេញភារកិច្ចដូចបានបញ្ជាក់ខាងលើនេះ។
ផ្អែកតាមយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានដាក់ចេញនូវផែនការយុទ្ធសាស្រ្ត ២០១៩-២០២៣ ដោយផ្តោតលើកម្មវិធីសំខាន់ៗចំនួន ៣គឺ៖
*ទី១៖ ការបង្កើនប្រសិទ្ធភាពសេវាសុខុមាលភាពសង្គម
*ទី២៖ ការបង្កើនប្រសិទ្ធភាពប្រព័ន្ធសន្តិសុខសង្គម និងផ្តល់សេវាស្តារលទ្ធភាពពលកម្មកាយសម្បទាជនពិការ
*ទី៣៖ ការពង្រឹងសមត្ថភាពស្ថាប័ន និងអភិវឌ្ឍភាពជាដៃគូ និងមានអនុកម្មវិធីចំនួន ១២។
លោកបានណែនាំការងារចំពោះមុខរួមមាន៖
*ទី១៖ បន្ដពង្រឹងសាមគ្គីភាពរវាងមន្រ្តី និងមន្រ្តី អង្គភាព និងអង្គភាព
*ទី២៖ បន្តពង្រឹងសមត្ថភាពមន្រ្តី និងថ្នាក់ដឹកនាំ នៃអគ្គនាយកដ្ឋានទាំងមូល ដើម្បីអនុវត្តតួនាទីភារកិច្ចរបស់ខ្លួនស្របតាមស្ថានភាព និងបរិបទនៃការវិវត្ដនៃសម័យបច្ចេកវិទ្យាទំនើប
*ទី៣៖ ថ្នាក់ដឹកនាំ និងមន្រ្តីគ្រប់លំដាប់ថ្នាក់ ត្រូវរៀបចំប្រតិទិនការងារឱ្យបានច្បាស់លាស់ ដើម្បីអាចសម្រេចការងារតាមគោលដៅកំណត់
*ទី៤៖ ថ្នាក់ដឹកនាំ និងមន្រ្តីគ្រប់រូប ត្រូវចាត់ទុកខ្លួនជាអ្នកផ្ដល់សេវាដល់ប្រជាពលរដ្ឋដោយស្មោះត្រង់ ប្រកបដោយស្មារតីទទួលខុសត្រូវ
*ទី៥៖ សូមគាំទ្រ និងកោតសរសើរចំពោះទិសដៅអនុវត្តបន្តដែលបានលើកឡើងដោយឯកឧត្តម តូច ចាន់នី
*ទី៦៖ ចំណុចសំខាន់មួយទៀតនោះ គឺការយោគយល់ អធ្យាស្រ័យគ្នា និងចែករំលែកបទពិសោធន៍ពីគ្នាទៅវិញទៅមក៕