(ភ្នំពេញ)៖ លោកទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ នៃអាជ្ញាធរមីន បានអះអាងថា កម្ពុជាត្រូវការថវិកាប្រមាណ ៩០លានដុល្លារសហរដ្ឋអាមេរិកថែមទៀត ដើម្បីបោសសម្អាតមីន នៅសេសសល់លើផ្ទៃដីប្រមាណជិត២ពាន់គីឡូម៉ែត្រការ៉េ។
ការបញ្ជាក់របស់ លោកទេសរដ្ឋមន្រ្តី បានធ្វើឡើងនៅក្នុងសន្និសីទកាសែតមួយ នៅរសៀល ថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២២នេះ ពាក់ព័ន្ធនឹងការអនុវត្តគម្រោងសម្តេចតេជោ សម្រាប់សកម្មភាពមីន «ផ្តល់ដីមានសុវត្ថិភាពបង្កើតស្នាមញញឹម»។
លោកទេសរដ្ឋមន្រ្តី លី ធុច បានបញ្ជាក់ដូច្នេះថា៖ «មួយម៉ែត្រការ៉េ សម្រាប់ការងារបោសសម្អាតមីននេះ យើងប្រើតែ ៩០០រៀល ឬ១ពាន់រៀលទេ អញ្ចឹងមួយ១ដុល្លារ យើងបោសសម្អាតមីនបាន៤ម៉ែត្រការ៉េ»។ លោកបានបន្តថា៖ «ចំនួនថវិកា បើយើងបោសសម្អាតចំនួននេះហើយ មិនតិចជាង៩០លានដុល្លារទៀតទេ ដែលយើងអាចវ៉ៃសម្រុកបានដើម្បីគ្មានមីននៅពេលខាងមុខនេះ»។
របាយការណ៍របស់អាជ្ញាធរមីន បានឱ្យដឹងថា គិតតាំងពីឆ្នាំ១៩៩២ មកដល់ខែឧសភា ឆ្នាំ២០២២ កម្ពុជាបានបោសសម្អាតមីន និងគ្រាប់មិនទាន់ផ្ទុះ លើផ្ទៃដីប្រមាណ ២៤១០គីឡូម៉ែត្រការ៉េ ដោយនៅសេសសល់ប្រមាណ ១៩៩២គីឡូម៉ែត្រការ៉េទៀត។ ប្រជាជនប្រមាណជាង៥ម៉ឺននាក់បានរងគ្រោះដោយសារមីន ខណៈជិត២ម៉ឺននាក់ បានស្លាប់ និងជា៩ពាន់នាក់ពិការ។
លោកទេសរដ្ឋមន្រ្តី បានបញ្ជាក់បន្ថែមថា «៣០ឆ្នាំមុន ទោះបីជាប្រទេសយើងតូចក៏ដោយក្រក៏ដោយ យើងចំណាយជាង២០០លានដុល្លារសហរដ្ឋអាមេរិក គាំទ្រដល់ការងារបោសសម្អាតមីន ដោយសារសម្តេចចង់បានឱ្យប្រជាជនយើងរស់នៅមានសុខសន្តិភាព មានសុខដុមរមនា ប្រទេសជាមិត្តបានចូលរួមជាង៤០០លានដុល្លារសហរដ្ឋអាមេរិក»។
កាលពីពេលថ្មីៗនេះ សម្តេចតេជោ ហ៊ុន សែន បានដាក់ចេញនូវយុទ្ធនាការកៀរគរថវិកាពីសប្បុរសជន ដើម្បីបោសសម្អាតមីន និងគ្រប់មិនទាន់ផ្ទុះឱ្យអស់ពីប្រទេសកម្ពុជា តាមការគ្រោងទុកនៅឆ្នាំ២០២៥ ខាងមុខនេះ។ បន្ទាប់ពីការដាក់ចេញយុទ្ធនាការនេះ មានសម្បុរសជនជាច្រើនបានចូលរួមបរិច្ចាគតាមលទ្ធភាព។
បើតាម លោកទេសរដ្ឋមន្រ្តី លី ធុច, មានសប្បុរសជនប្រមាណ១ម៉ឺននាក់ហើយ បានចូលរួមបរិច្ចាកថវិកានេះដោយក្នុងនោះចាប់ពី១ដុល្លារផងដែរ។ លោកបានអំពាវនាវដល់ពលរដ្ឋដែលមិនទាន់បានចូលរួមបរិច្ចាគជាមួយនឹង ជាមួយមហាចលនាជាតិនេះ សូមឱ្យជួយចូលរួមទាំងអស់គ្នា ដើម្បីសង្គ្រោះពលរដ្ឋពីមីន ហើយផ្តល់ដីសុវត្ថិភាពបង្កើតនូវស្នាមញញឹមដល់ពួកគាត់៕