(កំពង់ចាម)៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា នៅតែទទូចអំពាវនាវឲ្យប្រជាពលរដ្ឋ អញ្ជើញទៅចាក់វ៉ាក់សាំងកូវីដ១៩ នូវដូសជម្រុញបន្តបន្ទាប់ ដើម្បីរួមគ្នាយកឈ្នះជម្ងឺកូវីដ១៩ ឲ្យបាន ដើម្បីបន្តមានឱកាសជួបជុំគ្នាបានគ្រប់កម្មវិធីបន្តទៀត។
លោកអភិបាលខេត្ត បានលើកឡើងដូច្នេះនៅរសៀលថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២២ ក្នុងឱកាសចូលរួម បុណ្យចម្រើនព្រះជន្ម ព្រះទេពសោភ័ណ ហ៊ាន គន់ ព្រះអនុគណស្រុកកោះសូទិន និងជាព្រះចៅអធិការវត្តជោតនារាម ដំណាក់ព្រីង ក្នុងឃុំមហាលាភ ស្រុកកោះសូទិន។
លោកអភិបាលខេត្ត បានថ្លែងថា ថ្វីត្បិតតែជំងឺកូវីដ១៩ បានធូរស្រាលហើយ ត្រូវបានរាជរដ្ឋាភិបាល បានបើកប្រទេសឲ្យដំណើរការឡើងវិញឲ្យប្រជាពលរដ្ឋអាចប្រកបមុខរបរបានជាធម្មតា និងអនុញ្ញាតឱ្យមានការជួបជុំប្រជាពលរដ្ឋ ធ្វើបុណ្យតាមទាវត្តអារាមនានា នឹងប្រារព្ធពិធីផ្សេងៗបានផងដែរ។
លោកអភិបាលខេត្ត បានបញ្ជាក់ថា ការជួបជុំគ្នាប្រកបដោយទឹកមុខសប្បាយរីករាយនៅថ្ងៃនេះ ដោយសារតែបងប្អូនប្រជាពលរដ្ឋយើង បានរួមគ្នាយកឈ្នះលើជំងឺកូរវិដ១៩ ដោយបានទៅចូលរួមចាក់វ៉ាក់សាំងស្ទើរតែគ្រប់គ្នា នៅក្នុងខេត្តកំពង់ចាម។
ទន្ទឹមនឹងនេះ ដើម្បីប្រជាពលរដ្ឋយើងអាចជួបជុំគ្នាបាននៅគ្រប់កម្មវិធីបន្តទៅទៀត សូមបងប្អូនប្រជាពលរដ្ឋអញ្ជើញទៅចាក់វ៉ាក់សាំងដុសជំរុញទី៣ ទី៤ ទី៥ ជាបន្តបន្ទាប់តាមការកំណត់របស់គ្រូពេទ្យឱ្យបានគ្រប់ៗគ្នា ដើម្បីបន្តយកឈ្នះលើជំងឺកូវីដ១៩នេះ បន្តទៀត និងប្រជាពលរដ្ឋយើង អាចជួបជុំគ្នាបានរាល់កម្មវិធីផ្សេងៗនាពេលខាងមុខទៀតបាន។
ជាមួយគ្នានេះ លោកអភិបាលខេត្ត ក៏បានលើកឡើងផងដែរថា ការជួបជុំគ្នាប្រកបដោយទឹកមុខសប្បាយរីករាយក្នុងថ្ងៃនេះ គឺបានមកដោយសារប្រទេសយើងមានសុខសន្តិភាពផងដែរ។ កត្តាសុខសន្តិភាពនេះហើយ ដែលជាម្លប់នៃក្តីសង្ឃឹមរបស់យើងទាំងអស់គ្នា ធ្វើឱ្យយើងអាចជួបជុំគ្នាបានគ្រប់ពេលវេលាគ្រប់ទីកន្លែង។
កត្តាសុខសន្តិភាពនេះទៀតសោធក៏បានផ្ដល់នូវភាពរីកចម្រើន ការអភិវឌ្ឍ នៅក្នុងភូមិ ឃុំ របស់យើង ជាពិសេសបានចូលរួមយ៉ាងសំខាន់ក្នុងការលើកកម្ពស់កម្រិតជីវភាព របស់ប្រជាពលរដ្ឋយើង ពោលគឺ មានសន្តិភាពគឺមានការអភិវឌ្ឍ មានការអភិវឌ្ឍប្រជាពលរដ្ឋមានការសប្បាយរីករាយ និងមានជីវភាពធូរធា៕