(ភ្នំពេញ)៖ គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ដែលបង្កគ្រោះថ្នាក់មានហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គម (គ.ប.ផ.ក) នៅរសៀលថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២២នេះ បានរៀបចំពិធីប្រកាសកែសម្រួលសមាសភាពគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ក្រោមអធិបតីភាព នាយឧត្តមសេនីយ៍ មៀច សុផាន់ណា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ។
ក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ មៀច សុផាន់ណា សំដែងអំណរគុណដ៏ជ្រាលជ្រៅជូន សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចក្រឡាហោម ស ខេង ដែលបានដឹកនាំ និងតម្រង់ទិស ព្រមទាំងផ្តល់នូវការគាំទ្រដល់សកម្មភាពនានារបស់គណៈកម្មាធិការតាំងពីដើមរៀងមក ។
បន្ថែមពីនេះលោកក៏បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅដល់លោក-លោកស្រីទាំងអស់ ដែលបានឆ្លៀតពេលដ៏មមាញឹកដើម្បីចូលរួមក្នុងពិធីនេះ ដែលជាការបង្ហាញនូវសេចក្តីទុកចិត្ត ក៏ដូចជាការបន្តគាំទ្រកម្មវិធីនយោបាយយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៥ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងបេសកកម្មរួមគ្នាលើកកម្ពស់សុខភាព អាហារូបត្ថម្ភដល់ប្រជាពលរដ្ឋឲ្យទទួលបានសុខភាពល្អតាម រយៈការខិតខំ ទប់ស្កាត់ អប់រំ និងបង្ក្រាបឲ្យកាន់តែមានប្រសិទ្ធភាពលើបទល្មើសផលិតផលក្លែងក្លាយ តាមគ្រប់រូបភាព។
ជាពិសេស ថ្លែងអំណរគុណផងដែរ ចំពោះកិច្ចសហការនានាពីដៃគូជាតិ-អន្តរជាតិ ក៏ដូចជាសមាគម វិស័យឯកជន ដែលតែងតែយកចិត្តទុកដាក់គាំទ្រ ចំពោះគណៈកម្មាធិការក្នុងកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំង និងបង្ក្រាបបទល្មើសផលិតផលក្លែងក្លាយ ដែលបង្កគ្រោះថ្នាក់មានហានិភ័យខ្ពស់ដល់សុខភាព និង សុវត្ថិភាពសង្គម ជាដរាបមក។
នាយឧត្តមសេនីយ៍ មៀច សុផាន់ណា ក៏បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំនានាដែលគណៈកម្មាធិការសម្រេចបានក្នុងរយៈកាលកន្លងមកដែល បង្ក្រាប និងរឹបអូសបានផលិតផលក្លែងក្លាយជាច្រើនប្រភេទរហូតដល់ជាង១ពាន់តោនទៅធ្វើការ កម្ទេចចោល។ នាយឧត្តមសេនីយ៍ មានសេចក្តីសង្ឃឹមយ៉ាងមុតមាំថា ការចូលរួមពីសមាជិកថ្មីរួម ជាមួយសមាសភាពដែលមានស្រាប់ប្រាកដជានឹងក្លាយទៅជាកម្លាំងជំរុញមួយដ៏សកម្មប្រកបដោយប្រសិទ្ធភាព និងឋាមពលខ្លាំងក្លាបន្ថែមទៀតក្នុងបេសកកម្មប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ អោយទទួលបានលទ្ធផលត្រចះត្រចង់ជាក់ជាមិនខានឡើយ ។
នាយឧត្តមសេនីយ៍ រដ្ឋលេខាធិការ និងជាប្រធាន គ.ប.ផ.ក បានផ្តល់នូវអនុសាសន៍ដើម្បីចូលរួមតម្រង់ទិសសកម្មភាពប្រឆាំងផលិតផលក្លែងក្លាយ ក្នុងនាមគណៈកម្មាធិការ រួមមានដូចជា៖
*ទី១៖ ត្រូវបន្តចាត់វិធានការក្នុងការប្រយុទ្ធប្រឆាំងការផលិត ការចែកចាយផលិតផលក្លែងក្លាយ ឲ្យបានខ្លាំងក្លាបន្ថែមទៀត ព្រោះថាការងារនេះគឺជាអាទិភាពមួយក្នុងចំណោមអាទិភាពនានារបស់ រាជរដ្ឋាភិបាល ក្នុងបេសកកម្មទ្រទ្រង់សុខុមាលភាព និងជីវិតរស់នៅរបស់ប្រជាពលរដ្ឋកម្ពុជា
*ទី២៖ គន្លឹះនៃភាពជោគជ័យក្នុងការទប់ស្កាត់ និងការបង្ក្រាបបទល្មើស ផ្តើមចេញពីការយល់ដឹង អំពីផលវិបាក និងគ្រោះថ្នាក់ពាក់ព័ន្ធនឹងផលិតផលក្លែងក្លាយ ក្នុងចំណោមកងកម្លាំងអនុវត្តច្បាប់ អាជ្ញាធរមានសមត្ថកិច្ច និងប្រជាពលរដ្ឋ។ ក្នុងន័យនេះ ការបណ្តុះបណ្តាល ការអប់រំផ្សព្វផ្សាយឲ្យបានទូលំទូលាយនូវយុទ្ធនាការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ជាកត្តាសំខាន់មិនអាចខ្វះបាន ដើម្បីធ្វើឲ្យប្រជាពលរដ្ឋបានយល់ច្បាស់អំពីផលប៉ះពាល់ នៃការប្រើប្រាស់ផលិតផលក្លែងក្លាយ និងថែមទាំងចូលរួមផ្ដល់ព័ត៌មាននានាមកគណៈកម្មាធិការ
*ទី៣៖ ក្នុងការប្រយុទ្ធប្រឆាំងនឹងផលិតផលក្លែងក្លាយនេះ គ្មានស្ថាប័នណាមួយ ឬអង្គភាពណាមួយ ឬប្រទេសណាមួយ អាចអនុវត្តការងារនេះបានជោគជ័យតែឯកឯងទេ ទាល់តែមានកិច្ចសហការគ្នាល្អទាំងក្នុងប្រទេស ក្នុងតំបន់ និងសកលលោក ទើបទទួលបានជោគជ័យ និងមានប្រសិទ្ធភាព។
បើតាមលោក សោម ច័ន្ទឌីណា អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធាន គ.ប.ផ.ក លទ្ធផលការងារបង្ក្រាបផលិតផលក្លែងក្លាយ-ខុសច្បាប់ រយៈពេល៥ឆ្នាំ ចាប់ពីឆ្នាំ២០១៧ ដល់ឆ្នាំ២០២១ របស់គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ បានបង្ក្រាបឱសថ ផលិតផលវជ្ជសាស្ត្រ ក្លែងក្លាយ អន់គុណភាព និងផលិតផលទូទៅក្លែងក្លាយ-ខុសច្បាប់ និងខូចគុណភាព សរុបចំនួន៤០៤ករណី ក្នុងនោះទទួលបានការអនុញ្ញាតពីស្ថាប័នតុលាការ ឲ្យធ្វើការកម្ទេចចោលចំនួន១០លើកនូវរាល់វត្ថុតាង ដែលបានដកហូតរឹបអូស សរុបចំនួន ១,០០០តោន។
ជាមួយគ្នានេះ គណៈកម្មាធិការក៏បានបង្កើនសកម្មភាពផ្សព្វផ្សាយអប់រំតាមគ្រប់ទម្រង់ និងទូលំទូលាយ ទាំងតាមវិទ្យុ ទូរទស្សន៍ សិក្ខាសាលា បណ្ដាញញទំនាក់ទំនងសង្គម ដល់សារធារណៈជន សិស្ស និស្សិត អាជីវករជាច្រើនផងដែរ៕