កម្លាំងនគរបាលអន្តោប្រវេសន៍ បន្តចាប់ខ្លួនជនជាតិវៀតណាម ៥នាក់បន្ថែមទៀត ក្រោយលួចឆ្លងដែន និងរស់នៅខុសច្បាប់
23-05-2016 16:58
(ភ្នំពេញ)៖ កម្លាំងនគរបាលនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ សហការជាមួយកម្លាំង នគរបាលរាជធានីភ្នំពេញ ដឹកនាំដោយលោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញារងសាលាដំបូងរាជធានីភ្នំពេញ នៅរសៀល ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៦នេះ បានចុះត្រួតពិនិត្យ និងឃាត់ខ្លួនជនជាតិវៀតណាម ដែលលួចឆ្លងដែន និងស្នាក់នៅក្នុងប្រទេសកម្ពុជា គ្មានលិខិតឆ្លងដែន នៅរោងសិប្បកម្មឈើមួយកន្លែង តាមផ្លូវវាយកូនហ្គោល សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ។
លោកឧត្តមសេន៍យទោ អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធីបានឱ្យដឹងថា «ក្នុងការចុះឃាត់ខ្លួននេះ កម្លាំងយើងបានឃាត់ខ្លួនជនជាតិវៀតណាម ចំនួន៥នាក់ ស្រីម្នាក់ ដែលលួចឆ្លងដែន និងរស់នៅគ្មានលិខិតឆ្លងដែនហើយបាននាំ ពួកគេមកអគ្គនាយកដ្ឋានអន្តោប្រវេសន័ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់»៕