(ភ្នំពេញ)៖ លោក W.Patrick Murphy ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅកម្ពុជា បានសម្ដែងការស្វាគមន៍ និងអបអរសាទរ ចំពោះកិច្ចសហប្រតិបត្តិការ រវាងសាកលវិទ្យាល័យរដ្ឋកម្ពុជា-អាមេរិក គឺសាកលវិទ្យាល័យភូមិន្ទភ្នំពេញ(RUPP) និងសាកលវិទ្យាល័យ Angelo State University (ASU) ដែលបង្កើតកម្មវិធីសិក្សា ១+៣ ដោយលោកចាត់ទុកកម្មវិធីនេះ គឺជាឱកាសដ៏ល្អ សម្រាប់និស្សិតខ្មែរ ដើម្បីបន្ដការសិក្សាក្រៅប្រទេស និងទទួលយកនូវបទពិសោធន៍ថ្មីៗ ហើយក៏ជាឱកាសផ្សព្វផ្សាយពីភាពខ្លាំងរបស់កម្ពុជាផងដែរ។
នេះបើតាមការគូសបញ្ជាក់របស់លោកបណ្ឌិត ជេត ជាលី សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បន្ទាប់ពីលោក W.Patrick Murphy បានជួបសំណេះសំណាលជាមួយនិស្សិតសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងធ្វើជាសាក្សីក្នុងពិធីសម្ពោធកម្មវិធី ១+៣ នៅថ្ងៃទី០៧ ខែកក្កដានេះ។ កម្មវិធី ១+៣ គឺជាកម្មវិធីសិក្សា ១ឆ្នាំនៅសាលា RUPP និងបន្ដការសិក្សា ៣ឆ្នាំ នៅសាលា ASU នៃរដ្ឋតិចសាស់ ដែលផ្ដោតលើកម្មវិធីសិក្សាធំៗ ២ គឺវិទ្យាសាស្ដ្រពិត និងវិទ្យាសាស្ដ្រសង្គម លើមុខជំនាញសិក្សារួមមាន Business Administration, Engineering, Computer Science Biology, Chemistry និង Physics ជាដើម។
អគ្គរដ្ឋទូចអាមេរិកខាងលើ បានគាំទ្រការបង្កើតកម្មវិធីសិក្សាថ្មីនេះ ដោយលោកផ្ដោតអំពីសារៈសំខាន់ នៃវិទ្យាសាស្ដ្រ ដើម្បីជួយដល់សង្គម ក្នុងនោះលោកបានលើកឧទាហរណ៍ ពាក់ព័ន្ធជំងឺកូវីដ-១៩ ទោះបីមានអ្នករៀបចំគោលនយោបាយយុទ្ធសាស្ដ្រយ៉ាងណា តែមានរឿងជាច្រើន ដែលដោះស្រាយវិបត្តិជាសកលនេះ ដោយសារអ្នកវិទ្យាសាស្ដ្រ ដូចជាអ្នកបង្កើតវ៉ាក់សាំងជាដើម។ ហេតុនេះ លោកបានអបអរសាទរ ចំពោះកម្មវិធីនេះ ដើម្បីរួមចំណែកក្នុងការបណ្ដុះបណ្ដាលអ្នកវិទ្យាសាស្ដ្រ ដូចជារូបវិទ្យា គីមីវិទ្យា និងមុខវិទ្យាជាច្រើនទៀត។
លោកបានបញ្ជាក់បន្ថែមថា ការសិក្សានៅទីនោះ(អាមេរិក) គឺមានឱកាសច្រើនណាស់ សម្រាប់និស្សិតកម្ពុជា មិនមែនត្រឹមតែរឿងរៀនសូត្រនោះទេ តែពួកគេអាចជួបមនុស្សជាច្រើន គ្រូផ្សេងៗ បន្ទប់ពិសោធន៍ដ៏សម្បូរបែប ពិសេសការផ្លាស់ប្ដូរបទពិសោធន៍ វប្បធម៌ អរិយធម៌ ជាមួយនិស្សិតមកពីបណ្ដាប្រទេសផ្សេងៗ។ ជារួមនៅទីនោះ គឺមានឱកាសច្រើន ដែលនិស្សិតទាំងអស់ ត្រូវក្ដោបឲ្យជាប់កុំឲ្យរំលង ដើម្បីទទួលបាននូវចំណេះដឹង និងគំនិតថ្មីៗ សម្រាប់អភិវឌ្ឍខ្លួន និងសង្គមជាតិ។
លោកបណ្ឌិត ជេត ជាលី បានទទួលស្គាល់ថា ការសិក្សាក្នុងស្រុក និងក្រៅស្រុក គឺជារឿងល្អម្យ៉ាងម្នាក់ តែជាការពិត ការសិក្សាក្រៅស្រុក និស្សិតនឹងជួបវប្បធម៌មួយផ្សេង ការគិតផ្សេង ដំណោះស្រាយផ្សេង ពោលគឺបើកជើងមេឃទូលំទូលាយជាង ដែលនិស្សិតមិនត្រឹមតែចេះនូវជំនាញខ្លួនរៀននោះទេ តែពួកគេបានចេះពីរបៀបរស់នៅ និងអ្វីៗជាច្រើនទៀត។
លោកថា «ខ្ញុំលើកទឹកចិត្ត ដូចឯកឧត្តមឯកអគ្គរដ្ឋទូតគាត់លើកទឹកចិត្តដែរ ទោះបីយើងជួបឱកាសផ្សេងៗ ក៏ដោយ តែមិនមែនមានន័យថា យើងទទួលយករបស់គេទាំងអស់នោះទេ យើងទទួលយកនូវអ្វីដែលល្អសម្រាប់កម្ពុជាយើង ហើយខ្ញុំលើកទឹកចិត្តនិស្សិតយើងតាំងពីមុនពិធីនេះ ហើយនិស្សិតដទៃទៀតដែលមិនទៅក៏ដោយ បើមានឱកាស យើងទៅបង្ហាញពីភាពខ្លាំងរបស់យើងឲ្យគេឃើញផងដែរ»។
«ដូចគាត់(លោក W.Patrick Murphy) រៀបរាប់អញ្ចឹង រៀបរាប់តាំងពីមុខម្ហូបខ្មែរ វប្បធម៌ខ្មែរ ក៏ដូចត្រូវបង្ហាញឲ្យគេឃើញវិញដែរ មិនត្រឹមតែទទួលអ្វីដែលមាននៅអាមេរិកទេ ព្រោះខ្មែរមានភាពខ្លាំងច្រើន ដែលគួររៀនតាម ពិសេសគាត់(អគ្គរដ្ឋទូតអាមេរិក) និយាយអំពីដំណើរ ៣០-៤០ឆ្នាំចុងក្រោយ ដែលខ្មែររបស់យើង មានការរីកចម្រើនច្រើនមែនទែន ។ គាត់ថា ៣០-៤០ឆ្នាំមុន គាត់ប្រើពាក្យអង់គ្លេសថា “Broken state” ជារដ្ឋមួយដែលខ្ទេចខ្ទាំអស់ហើយ តែឥលូវនេះ កម្ពុជា គឺជារដ្ឋស្មើមុខស្មើមាត់លើឆាកអន្ដរជាតិ ហើយគាត់ថា អាហ្នឹងហើយ ដែលនិស្សិតរបស់យើងត្រូវបង្ហាញគេ»។ លោកបណ្ឌិត ជេត ជាលី បន្ថែម។
សូមបញ្ជាក់ថា កម្មវិធីសិក្សា ១+៣ ត្រូវបានបង្កើតឡើងក្រោមគំនិតផ្ដួចផ្ដើមរបស់ក្រសួងអប់រំ យុវជន និងកីឡា និងមានការគាំទ្រពីរាជរដ្ឋាភិបាលកម្ពុជា ។ និស្សិតដែលមានបំណងចូលរៀនកម្មវិធីនេះ ត្រូវឆ្លងកាត់ការប្រឡងជាមុនសិន ពិសេសត្រូវខ្លាំងផ្នែកភាសាអង់គ្លេស ។ អ្វីដែលពិសេស និស្សិតដែលប្រឡងជាប់ ហើយមានឱកាសចូលរួមសិក្សាកម្មវិធីនេះ នឹងទទួលបាននូវតម្លៃពិសេស សម្រាប់ការសិក្សានៅសាកលវិទ្យាល័យ Angelo State University នៃរដ្ឋតិចសាស់ ដោយសាលានឹងគិតតម្លៃសិក្សា ដូចពលរដ្ឋក្នុងរដ្ឋនេះដែរ។
សម្រាប់ព័ត៌មានលម្អិតពាក់ព័ន្ធនឹងកម្មវិធីសិក្សា ១+៣ នេះ បងប្អូនសិស្ស-និស្សិត អាចទំនាក់ទំនងទូរស័ព្ទលេខ 015890434, 078666779 ឬតាមរយៈអ៊ីម៉ែល [email protected]៕