(កំពត)៖ លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្ដកំពត នៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២២នេះ បានបញ្ជាកម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ និងការិយាល័យស៉ើបអង្កេត និងអនុវត្តនីតិវិធី ស្រាវជ្រាវករណីអំពើហិង្សា និងការគំរាមកំហែង ក្រោយការបង្ហោះសាររបស់ជនជាតិបារាំងម្នាក់ ម្ចាស់រមណីយដ្ឋានឧទ្យានដងព្រែក កាលពីថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២២ម្សិលមិញ។
លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ បានប្រាប់បណ្ដាញព័ត៌មាន Fresh News ឲ្យដឹងថា ជនជាតិបារាំងដែលបានបង្ហោះវីដេអូ ពាក់ព័ន្ធករណីអំពើហិង្សាមកលើខ្លួនពីសំណាក់ជនជាតិខ្មែរនេះ ឈ្មោះ អាឡិចស៊ីស ឡាប អាយុ៤០ឆ្នាំ (ម្ចាស់រមណីយដ្ឋានឧទ្យានដងព្រែក) បានប្រើប្រាស់ផេកឈ្មោះ River Park ឧទ្យានដងព្រែក។
តាមការសាកសួររបស់មន្ដ្រីនគរបាលជំនាញ ឈ្មោះ សេង ឃាន អាយុ៣៩ឆ្មាំ ជនជាតិខ្មែរ (គូទំនាស់ និងជាម្ចាស់រមណីដ្ឋាន ហ៊ង ឃាន ដែលមានទីតាំងជាប់គ្នា) បានឆ្លើយថា កាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង០៥៖៣០នាទីព្រឹក បុគ្គលិកខ្លួនបានទូរស័ព្ទមកប្រាប់ថា ជនបរទេស (ដើមបណ្តឹង) បានចូលមករុះរើខ្សែកាប (ខ្សែទប់ជ្រេងបង្គោលខ្សែរ៉ក) នៅក្នុងដីចំការបណ្តាលឲ្យបាក់មែកទុរេន និងជ្រុះផ្លែទុរេនអស់ប្រហែល២០ថ្លែ។
ពេលនោះខ្លួនបានមកដល់ហាងនៅវេលាម៉ោង៧ព្រឹក ឃើញដើមបណ្តឹង និងជនបរទេសម្នាក់ទៀត (បុគ្គលិករបស់ដើមបណ្តឹង) កំពុងជីករណ្តៅដើម្បីចាក់គ្រឹះបង្គោលខ្សែកាប ខ្លួនបានឃាត់ពួកគេឲ្យឈប់ធ្វើ តែពួកគេមិនស្តាប់ ហើយថែមទាំងបង្ហាញកាយវិការឌឺដងដាក់ខ្លួន តែខ្លួនមិនបានតបតវិញទេ រួចក៏ដើរទៅមើលមែកទុរេនដែលបាក់ និងផ្លែទុរេនដែលជ្រុះជាមួយបុគ្គលិកខ្លួនឈ្មោះ ថៃ ឃើញភ្លាមខ្លួនខឹងយ៉ងខ្លាំង ក៏រើសយកដំបងឫស្សីក្បែរគល់ទុរេន ដើរសំដៅជនបរទេសទាំងពីរនោះ រួចលើកដំបងឫស្សីគំរាម ទើបពួកគេព្រមចេញពីដីចំការខ្លួន។
ដោយឡែក ចំពោះដើមបណ្តឹង កម្លាំងជំនាញមិនទាន់បានសួរនាំនោះទេ ព្រោះមិននៅទីតាំងហាងរបស់ខ្លួន ហើយតាមការសាកសួរបុគ្គលិកបានប្រាប់ថា ដើមបណ្តឹងបានទៅប្រទេសបារាំង ហើយផ្តល់សិទ្ធិជូនមេធាវីនៅភ្នំពេញ។ ចំពោះមេធាវី សមត្ថកិច្ចបានជួបតាមទូរស័ព្ទ និងសំណូមពរគាត់ចូលមកបំភ្លឺយ៉ាងឆាប់បំផុត គាត់ថា គាត់នឹងចូលមកបំភ្លឺ តែមិនបានកំណត់ពេលវេលាច្បាស់លាស់នៅឡើយទេ។
យ៉ាងណាមិញ តាមប្រភពព័ត៌មានបានបញ្ជាក់ថា ភាគីទាំងពីរនេះ ក៏ធ្លាប់មានជម្លោះជាមួយគ្នានាពេលកន្លងទៅផងដែរ ដោយក៏ធ្លាប់ទទួលបានការសម្របសម្រួលពីសមត្ថកិច្ចពាក់ព័ន្ធរួចមកហើយ។ តែចំពោះករណីនេះ សមត្ថកិច្ចក៏បានគូសបញ្ជាក់ថា ជនរងគ្រោះក៏បានដាក់ពាក្យប្ដឹងទៅស្ថាប័នតុលាការរួចហើយ ហើយតុលាការក៏កំពុងតែបន្ដនីតិវិធី និងត្រៀមហៅកោះភាគីឈ្មោះ សេង ឃាន ដើម្បីធ្វើការសួរនាំផងដែរ៕