(កំពង់ស្ពឺ)៖ នៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២២ មន្ទីរសុខាភិបាលខេត្តកំពង់ស្ពឺ សហការជាមួយនឹងកម្មវិធីជាតិប្រយុទ្ធជំងឺគ្រុនឈាមក្រសួងសុខាភិបាល ព្រមជាមួយអាជ្ញាធរមូលដ្ឋាន ធ្វើពិធីយុទ្ធនាការអប់រំផ្សព្វផ្សាយ ស្តីពីការបង្ការ ទប់ស្កាត់ជំងឺគ្រុនឈាមដល់សិក្សានុសិស្សនៅក្នុងសាលាវិទ្យាល័យកំពង់ស្ពឺ ស្ថិតក្នុងសង្កាត់ រកាធំក្រុងច្បារមន និងបឋមសិស្សាឯកភាព ស្ថិតក្នុងភូមិស្រីសំពោង ឃុំខ្ទុំក្រាំង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស យុវជន ស.ស.យ.ក ខេត្ត យុវជនកាកបាទក្រហមខេត្ត លោកលោកស្រីអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋប្រមាណ១៥០នាក់បានចូលរួម។
បើតាមរបាយការណ៍របស់មន្ទីរសុខាភិបាលខេត្តកំពង់ស្ពឺ បានឲ្យដឹងថា អត្រាអ្នកឆ្លងជំងឺគ្រុនឈាម មានការកើនឡើង បើគិតមកដល់ពេលនេះ មន្ទីរសុខាភិបាលនៅតែបន្តបើកយុទ្ធនាការអប់រំផ្សព្វផ្សាយ ស្ដីអំពីជំងឺគ្រុនឈាម និងវិធីបង្ការ នៅតែបន្តធ្វើយ៉ាងសកម្មនៅតាមមូលដ្ឋានក្នុងស្រុក ក្រុងនៃខេត្តកំពង់ស្ពឺ ជាពិសេសនៅតំបន់ដែលមានការឆ្លងនូវជំងឺគ្រុនឈាមនេះ។
មន្ទីរសុខាភិបាល តែងតែអនុវត្តន៍គ្រប់បណ្តាស្រុកក្រុង នៃខេត្តកំពង់ស្ពឺ ហើយបានផ្តោតលើចំណុចសំខាន់ៗដូចជា៖ ការផ្សព្វផ្សាយអំពីជំងឺគ្រុនឈាម វិធីបង្ការ ការពារ បំបាត់ជម្រកមូស, ករណីសង្ស័យត្រូវបញ្ជូនអ្នកជំងឺ ទៅកាន់មូលដ្ឋានសុខាភិបាល ដែលនៅជិតបំផុត, ការដាក់ថ្នាំអាល់បេត សម្លាប់ដង្កូវទឹក ក្នុងពាងទឹកអាងទឹក, ការបាញ់ថ្នាំសម្លាប់មូសខ្លា នៅសាលារៀន មណ្ឌលសុខភាព លំនៅដ្ឋានប្រជាជន (គ្មានទឹកដក់ គ្មានដង្កូវទឹក គ្មានមូសខ្លា គ្មានជំងឺគ្រុនឈាម គ្រួសារមានសុខភាពល្អ)។
លោកវេជ្ជបណ្ឌិត លាង ឬទ្ធា ប្រធានកម្មវិធីជាតិប្រយុទ្ធ នឹងជំងឺគ្រុនឈាម និងមានតំណាង អង្គការសុខភាពពិភពលោក មន្ទីរសុខាភិបាល បានឲ្យដឹងបន្តថា ការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋគ្រប់មូលដ្ឋាន ឲ្យមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះសុខភាព និងត្រូវបង្កើនការប្រុងប្រយ័ត្ន ចំពោះបញ្ហាជំងឺ គ្រុនឈាម ដែលកំពុងមានអាត្រាខ្ពស់ ដែលកើតមកលើមនុស្សគ្រប់វ័យ ហេតុនេះយើងទាំងអស់គ្នា ត្រូវចូលរួមធ្វើអនាម័យថែរក្សាបរិស្ថាន ដើម្បីកំចាត់ជម្រកមូសខ្លា ហើយត្រូវសំរាន្តក្នុងមុង ស្លៀកពាក់ខោអាវជើងវែងដៃវែងជានិច្ចផងដែរ៕