(កណ្ដាល)៖ អភិបាលខេត្តកណ្ដាលោក គង់ សោភ័ណ្ឌ បានថ្លែងប្រាប់ដល់ក្រុមប្រឹក្សាឃុំឬស្សីជ្រោយ ដែលបានទទួលនូវការស្រឡាញ់ពេញចិត្ត និងការគាំទ្រពីសំណាក់ប្រជាពលរដ្ឋ តាមរយៈការបោះឆ្នោតកាលពីថ្ងៃអាទិត្យ ទី០៥ ខែមិថុនា ឆ្នាំ២០២២កន្លងមកនេះ ត្រូវយកចិត្តទុកដាក់ផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋ និងបន្តខិតខំថែរក្សានូវសុខសុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈឱ្យមានប្រសិទ្ធភាពខ្ពស់ក្នុងមូលដ្ឋានរបស់ខ្លួន។
លោកអភិបាលខេត្តបានថ្លែងយ៉ាងដូច្នេះក្នុងពិធី ប្រកាសសុពលភាពសមាជិកក្រុមប្រឹក្សា អាណត្តិទី៥ នៃរដ្ឋបាលឃុំឬស្សីជ្រោយ ស្រុកមុខកំពូល ខេត្តកណ្តាល នាព្រឹកថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២២ នៅសាលាឃុំឬស្សីជ្រោយ។
លោកអភិបាលខេត្តបន្តថា ដើម្បីឆ្លើយតបទៅនឹងការគាំទ្ររបស់ប្រជាពលរដ្ឋ សមាជិកក្រុមប្រឹក្សាឃុំទាំងអស់ ត្រូវខិតខំផ្តល់សេវាសាធារណៈនានាជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួនឱ្យបានល្អប្រសើរប្រកបដោយ ក្រមសីលធម៌វិជ្ជាជីវៈ និងកែលម្អឥរិយាបថក្នុងការប្រាស្រ័យទាក់ទងជាមួយប្រជាពលរដ្ឋ ដោយតម្លភាព គណនេយ្យភាព និងយុត្តិធម៌ ដោយមិនត្រូវមានការរើសអើង ការបែងចែកបក្សពួក គ្រួសារ និយម និងនិន្នាការនយោបាយ ដើម្បីបង្កើនជំនឿទុកចិត្ត និងការគាំទ្រពីប្រជាពលរដ្ឋ ព្រមទាំង ត្រូវអនុវត្ដឱ្យស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តកំណត់។
ទន្ទឹមនឹងនោះក្រុមប្រឹក្សាឃុំឬស្សីជ្រោយ អាណត្តិថ្មី ត្រូវសហការ និងប្រមូលរាល់កម្លាំងមហាជន ប្រជាជនក្នុងឃុំ ដើម្បីអនុវត្តឱ្យសម្រេចបានជោគជ័យនូវរាល់គោលនយោបាយនានារបស់រាជរដ្ឋាភិបាល ពិសេសជំរុញ ការចូលរួមអនុវត្តគោលនយោបាយ "ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព" របស់រាជរដ្ឋាភិបាល ដែលមាន លក្ខណសម្បត្តិ ០៧យ៉ាង រួមមាន៖
*ទី១៖ ផ្តល់សេវាសាធារណៈ ជាពិសេស សេវារដ្ឋបាល ប្រកបដោយគុណភាព តម្លាភាព និងទទួលបានជំនឿទុកចិត្ត
*ទី២៖ គ្មានបទល្មើសលួច ឆក់ ប្លន់ គ្រឿងញៀន ល្បែងស៊ីសងខុសច្បាប់ និងបទល្មើស គ្រប់ប្រភេទ
*ទី៣៖ មានសណ្តាប់ធ្នាប់សាធារណៈល្អ ជាពិសេសគ្មានគ្រោះថ្នាក់ចរាចរណ៍
*ទី៤៖ គ្មានអំពើអនាចារ គ្មានការជួញដូរមនុស្ស ជាពិសេសស្ត្រីនិងកុមារ គ្មានអំពើហិង្សា ក្នុងគ្រួសារ និងគ្មានក្មេងទំនើង
*ទី៥៖ ដោះស្រាយវិវាទនៅមូលដ្ឋានក្រៅប្រព័ន្ធតុលាការប្រកបដោយគុណភាព និង ប្រសិទ្ធភាព
*ទី៦៖ មានអនាម័យ មានសោភ័ណភាពល្អ និងមានបរិស្ថានល្អ ៧. ឆ្លើយតបបានទាន់ពេលវេលាចំពោះគ្រោះមហន្តរាយ និងរាល់ជំងឺឆ្លងរាតត្បាតកាចសាហាវប្រកបដោយប្រសិទ្ធភាព។
សូមបញ្ជាក់ថា តាមប្រកាសរបស់ក្រសួងមហាផ្ទៃ លេខ៣០៤៦ប្រក ស្ដីពីការទទួលស្គាល់សមាសភាពប្រធានក្រុមប្រឹក្សាឃុំ មេឃុំ មេឃុំរង និងសមាជិកក្រុមប្រឹក្សាឃុំ នៃឃុំឬស្សីជ្រោយ ស្រុកមុខកំពូល ខេត្តកណ្តាល ទទួលស្គាល់សមាសភាពជាប្រធានក្រុមប្រឹក្សាឃុំ និងសមាជិកក្រុមប្រឹក្សាឃុំឬស្សីជ្រោយ ដូចមានរាយនាមខាងក្រោម៖
១- លោក អ៊ុំ ឈុនស្រេង ជាប្រធានក្រុមប្រឹក្សាឃុំ និងជាមេឃុំ
២- លោក សូ គឿន ជាសមាជិកក្រុមប្រឹក្សាឃុំ និងជាជំទប់ទី១
៣- លោក ថៃ សុភា ជាសមាជិកក្រុមប្រឹក្សាឃុំ និងជាជំទប់ទី២
៤- លោក អើស្អារី ពិនសល់ឡេះ ជាសមាជិកក្រុមប្រឹក្សាឃុំ
៥- លោក ហោ សេង ជាសមាជិកក្រុមប្រឹក្សាឃុំ
៦- លោកស្រី វ៉ាន់ សូនីតា ជាសមាជិកក្រុមប្រឹក្សាឃុំ
៧- លោកស្រី ទូច ស្រីលី ជាសមាជិកក្រុមប្រឹក្សាឃុំ៕