(ត្បូងឃ្មុំ)៖ លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ បានជំរុញឲ្យមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ បង្កើនការបណ្តុះកូនឈើប្រណិតឲ្យបានយ៉ាងហោចណាស់ ៥ទៅ១០ម៉ឺនដើមក្នុង១ឆ្នាំ ដើម្បីផ្តល់ជូនគ្រប់មជ្ឈដ្ឋាននៅទូទាំងខេត្ត ធ្វើការដាំដុះជាគម្របបៃតង សម្រាប់បរិស្ថានធម្មជាតិដ៏ស្រស់បំព្រងក្នុងខេត្តត្បូងឃ្មុំ ក៏ដូចជាកម្ពុជាទាំងមូល។
មានប្រសាសន៍លើកឡើងបែបនេះ នាឱកាសដែលលោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ ដឹកនាំអភិបាលរងខេត្ត ថ្នាក់ដឹកនាំសាលាខេត្ត មន្ទីរអង្គភាពជុំវិញខេត្ត មន្ត្រីរាជការ លោកគ្រូអ្នកគ្រូ ព្រះសង្ឃ សិស្សានុសិស្ស និងបងប្អូនប្រជាពលរដ្ឋ ចូលរួមលើកកម្ពស់បរិស្ថានធម្មជាតិ នៅតំបន់មរណីយដ្ឋានវប្បធម៌ប្រវត្តិសាស្រ្ត ហ្លួងព្រះស្ដេច តាមរយៈការដាំកូនឈើ២៥០០ដើម និងប្រលែងកូនត្រីចម្រុះរាប់មុឺនក្បាល ចូលក្នុងបឹងប្រាក់ ដើម្បីប្រារព្ធពិធីអបអរសាទរបុណ្យរុក្ខទិវា ០៩កក្កដា ឆ្នាំ២០២២ ក្នុងខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២២នេះ ស្ថិតក្នុងឃុំដូនតី ស្រុកពញាក្រែក។
មានប្រសាសន៍នាឱកាសនោះ លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្ត បានគូសបញ្ជាក់ថា បុណ្យរុក្ខទិវា៩កក្កដា គឺជាការឆ្លុះបញ្ចាំងឲ្យឃើញជាក់ស្ដែងនូវការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បាននឹងកំពុងខិតខំអនុវត្តយ៉ាងសកម្មនូវគោលនយោបាយជាតិដាំព្រៃឈើឡើងវិញក្នុងក្របខ័ណ្ឌទូទាំងប្រទេស ដោយផ្សារភ្ជាប់ការងារដាំ និងការថែរក្សាការពារអភិរក្ស ធនធានធម្មជាតិ និងការប្រើប្រាស់ព្រៃឈើឱ្យបានត្រឹមត្រូវដោយរក្សាបាននូវការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព។
លោកបណ្ឌិត អភិបាលខេត្ត បានចាត់ទុកការស្រឡាញ់ព្រៃឈើ ការចូលរួមដាំដុះនិងបង្កើតបានព្រៃឈើស្រស់បំព្រងគឺជាប្រយោជន៍យ៉ាងសំខាន់សម្រាប់ទ្រទ្រង់ សេដ្ឋកិច្ចជាតិ ធ្វើឱ្យមានលំនឹងផ្នែកបរិស្ថាន មិនតែប៉ុណ្ណោះព្រៃឈើជាប្រភពស្រូបទាញទឹកភ្លៀង ទប់ស្កាត់ទឹកជំនន់ ខ្យល់ព្យុះ ការហូរច្រោះដី ពិសេសវាក៏ជាលក្ខខណ្ឌចាំបាច់សម្រាប់បម្រើឲ្យវិស័យកសិកម្មទៀតផង។
ទន្ទឹមនឹងនោះ លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ បានបញ្ជាក់ថា បឹងប្រាក់នេះ ពិតជាមានសារសំខាន់ណាស់ ដែលត្រូវធ្វើការអភិរក្ស សម្រាប់បង្កើតជាតំបន់ទេសចរណ៍ធម្មជាតិ ក្នុងខេត្តត្បូងឃ្មុំ។ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋ ទាំងអស់រួមគ្នា ថែរក្សាការពារតំបន់ដល់ស្រស់ត្រកាលមួយនេះ អោយក្លាយជាតំបន់ទេសចរណ៍ធម្មជាតិ ដើម្បីទាក់ទាញ់ទេសចរណ៍ជាតិនិងអន្តរជាតិ មកលេងកម្សាន្ត និងមកសិក្សាពីតំបន់ប្រវត្តិសាស្ត្រនាសម័យ ហ្លួងព្រះស្ដេចកន។
ឆ្លៀតក្នុងឱកាសនោះ លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ បានណែនាំឲ្យអាជ្ញាធរមូលដ្ឋាន មន្ទីរអង្គភាពពាក់ព័ន្ធជុំវិញខេត្ត ត្រូវសហការគ្នា ក្នុងការចុះកំណត់យកដីចំណីបឹងជុំវិញតំបន់ប្រវត្តិសាស្រ្ត និងកំណត់និងបោះបង្គោល ព្រុំបឹងប្រាក់ ឲ្យបានច្បាស់លាស់សម្រាប់ធ្វើការអភិរក្ស និងត្រូវទប់ស្កាត់ការទន្ទ្រាន់កាន់កាប់ដោយខុសច្បាប់បន្តទៀត៕