(ភ្នំពេញ)៖ រយៈពេល៦ខែដើមឆ្នាំ២០២២នេះ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បង្រ្កាបបានរថយន្តអត់ពន្ធចំនួន៣៤២គ្រឿង ក្នុងនោះស្តាំ ៧គ្រឿង។
ថ្លែងក្នុងសន្និសីទសារព័ត៌មាន បង្ហាញលទ្ធផលនៃការប្រមូលពន្ធលើរថយន្តគ្មានពន្ធ មានស្រាប់ក្នុងប្រទេស ជ្រកក្រោមផ្លាកលេខផ្សេងៗ នាព្រឹកថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២២នេះ លោកបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយកនៃអគ្គនាយដ្ឋានគយ និងរដ្ឋករកម្ពុជា មានបញ្ជាក់ថា ក្នុងដំណាក់កាលនេះ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នឹងអនុវត្តវិធានលក្ខណៈស្រាល បែបរដ្ឋបាលសិន ពោលគឺ ប្រសិនបង្រ្កាបបាន រថយន្តគ្មានពន្ធដែលជារថយន្តល្មើស គឺឱ្យតម្រូវឱ្យបង់ពន្ធអាករតាមច្បាប់ជាធរមាន ព្រមទាំងពិន័យតាមគោលការណ៍ ដែលបានកំណត់ ប៉ុន្តែនៅថ្ងៃខាងមុខ អាចនឹងមានវិធានការតឹងរ៉ឹងជាងនេះ។
បើតាមមេគយរូបនេះបានបញ្ជាក់ថា ប្រសិនបើមានការអនុវត្តតឹងរ៉ឹងទៅតាមច្បាប់ ម្ចាស់រថយន្តដែលបាននាំចូលរថយន្តគេចពន្ធ នឹងត្រូវបញ្ជូនទៅតុលាការ ព្រោះបទល្មើសដែលបានរកឃើញនេះ គឺមានពាក់ព័ន្ធទៅនឹងការបន្លំ និងការប្រើប្រាស់ឯកសារក្លែងក្លាយ។
លោកបានឱ្យដឹងថា រយៈពេល៦ខែដើមឆ្នាំ គឺចាប់ពីខែមករា ដល់ខែមិថុនា គយបង្រ្កាបបានរថយន្តគ្មានពន្ធ ដែលចរាចរនៅកម្ពុជាចំនួន៣៤២ គ្រឿង ក្នុងនោះស្តាំ៧គ្រឿង។ ចំពោះរថយន្តដែលបង្រ្កាបនេះ នឹងទុកពេលឱ្យម្ចាស់ចូលខ្លួនមកដោះស្រាយ ប៉ុន្តែ ប្រសិនបើម្ចាស់មិនចូលខ្លួនមកដោះស្រាយទេនោះ អគ្គនាយកដ្ឋានគយ នឹងសុំគោលការពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីដេញថ្លៃលក់ឡៃឡុង យកចំណូលចូលថវិកាជាតិ។
លោកបានបញ្ជាក់បន្ថែមថា «យើងនៅបើកចំហរ ឱ្យគាត់ចូលមកបំពេញកាតព្វកិច្ចពន្ធអាករ និងពិន័យ បើសិនជាក្នុងរយៈពេល ដែលយើងទុកឱកាសឱ្យគាត់មកបំពេញកាតព្វកិច្ចពន្ធអាករ និងពិន័យហើយ គាត់នៅតែមិនចូលខ្លួនមកទៀត ដល់ដំណាក់កាលមួយ យោងតាមលិខិតបទដ្ឋានជាធរមាន យើងនឹងចាត់ទុកថាទំនិញគ្មានការទាមទារ មានន័យថា ម្ចាស់បោះបង់ហើយ ប៉ុន្តែយើងមាននីតិវិធី ក្នុងការអនុវត្តមុននឹងឈានដល់ការកំណត់ ឬសម្រេចថាទំនិញនេះ គ្មានការទាមទារ។ យើងត្រូវហៅម្ចាស់មកលើកទី១ ទី២ ទី៣ ទៅបិទប្រវេសន៍នៅសាលាឃុំ សាលាសង្កាត់ ដើម្បីឱ្យម្ចាស់ចូលមកដោះស្រាយ»។
សូមជម្រាបថា តាមការព្យាករណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា រថយន្តគ្មានពន្ធជ្រកក្រោមផ្លាកលេខផ្សេងៗទាំងចង្កូតឆ្វេង និងស្តាំ មានប្រមាណ១ម៉ឺនគ្រឿង។ គិតចាប់ពីថ្ងៃផ្តើមយុទ្ធនាការប្រមូលពន្ធដំបូង រហូតមកដល់ពេលនេះ ដែលមានរយៈពេលប្រមាណ១០ខែ រថយន្តដែលបានចូលមកបង់ពន្ធអាករ និងកក់ប្រាក់មានចំនួន ៩ ៧៥៣គ្រឿង ក្នុងនោះមានរថយន្តចង្កូតឆ្វេងមានចំនួន ២ ៧១៣គ្រឿង ទទួលបានប្រាក់ពន្ធជិត ៣៥លានដុល្លារ និងចង្កូតស្តាំមកកក់ប្រាក់ ចំនួន ៧ ០៤០ គ្រឿង ដែលទទួលបានថវិកា៤១.៥៦ លានដុល្លារអាមេរិក ។ ក្នុងចំណោមរថយន្តចង្កូតស្តាំជាង៧ពាន់គ្រឿងនេះ ក្នុងនោះមានរថយន្តចង្កូតស្តាំ២ ៥៤៦ គ្រឿងទៀតដែលមិនទាន់កែចង្កូតរួច៕