(ភ្នំពេញ)៖ ព្រឹទ្ធសភាកម្ពុជា សហការជាមួយដៃគូពាក់ព័ន្ធ នៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២២នេះ បានបើកក្នុងកិច្ចពិគ្រោះយោបល់ថ្នាក់ជាតិស្តីពី ការពិនិត្យលើវឌ្ឍនភាពរបស់កម្ពុជា ក្នុងដំណើរឆ្ពោះទៅកិច្ចប្រជុំកម្រិតខ្ពស់របស់ អង្គការសហប្រជាជាតិស្ដីពីជំងឺរបេង (UNHLM-TB) ឆ្នាំ២០២៣ នៅសណ្ឋាគារកាំបូឌីយ៉ាណា រាជធានីភ្នំពេញ។
កិច្ចពិគ្រោះយោបល់នេះ បានធ្វើឡើងក្រោមអធិបតីភាព លោកស្រី មាន សំអាន ប្រធានគណៈកម្មការទី៨ នៃព្រឹទ្ធសភា តំណាងសម្ដេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា ដោយមានការចូលរួមពី លោកវេជ្ជបណ្ឌិត ហួត ចាន់យុដា ប្រធានមជ្ឈមណ្ឌលជាតិកំចាត់រោគរបេង និងហង់សិន លោកវេជ្ជ. ដេង សិរង្គ តំណាងអង្គការសុខភាពពិភពលោកប្រចាំនៅកម្ពុជា លោក ជួប សុខចំរើន នាយកប្រតិបត្តិអង្គការខាណា និងជានាយកគ្រប់គ្រងគម្រោងខំមឹត (COMMIT) តំណាងទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់អភិវឌ្ឍន៍អន្តរជាតិ (USAID) ប្រចាំនៅកម្ពុជា និងតំណាងឱ្យអ្នករងផលប៉ះពាល់ដោយសារជំងឺរបេង ជាច្រើននាក់។
លោកស្រី មាន សំអាន ប្រធានគណៈកម្មការទី៨ នៃព្រឹទ្ធសភា បានថ្លែងថា ក្រោមយន្តការបញ្ចប់ការរាតត្បាតជំងឺរបេងនៅកម្ពុជា (Stop TB Cambodia) តាមរយៈគំនិតផ្តួចផ្តើម និងជំនួយគាំទ្រទាំងបច្ចេកទេស និងហិរញ្ញវត្ថុពីអង្គការស្តុបជីបីជាតណ្ហាស៊ីប (Stp TBParrership) ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់អភិវឌ្ឍន៍អន្តរជាតិ (USAID) តាមរយៈគម្រោងខំមីត(COMMIT) និង អង្គការ Treatment Action Group។
លោកស្រីបានបន្តថា ជាការពិតណាស់ វេទិកាពិគ្រោះយោបល់ថ្នាក់ជាតិស្តីពីការពិនិត្យលើវឌ្ឍនភាពរបស់កម្ពុជាក្នុងដំណើរ ឆ្ពោះទៅកិច្ចប្រជុំកម្រិតខ្ពស់របស់អង្គការសហប្រជាជាតិស្តីពីជំងឺរបេង (UNHLM-TB) ឆ្នាំ២០២៣ ពិតជា បានរៀបចំឡើងនៅពេលវេលាយ៉ាងត្រឹមត្រូវ និងសមស្របតាមបរិបទរបស់ប្រទេសកម្ពុជាយើងក្រោយពី ទទួលរង និងកំពុងបន្តប្រឈមនូវវិបត្តិសុខភាពសកលនៃការរាតត្បាតជំងឺកូវីដ-១៩ ដែលជាឧបសគ្គមួយដ៏ធំ ក្នុងការរាំងស្ទះការឆ្លើយតបទៅនឹងជំងឺរបេងរបស់ប្រទេសកម្ពុជា។ បន្ថែមពីនេះ ប្រទេសកម្ពុជាយើងក៏នឹងត្រូវ ធ្វើរបាយការណ៍បច្ចុប្បន្នភាពរបស់ប្រទេសដោយផ្តោតលើគោលដៅ និងសូចនាករសំខាន់ៗ ដែលបានចុះហត្ថលេខាទទួលយក និងប្តេជ្ញាចិត្តឈានទៅសម្រេចបានក្នុងពេលប្រជុំកម្រិត ខ្ពស់របស់អង្គការសហប្រជាជាតិ ស្ដីពីជំងឺរបេង (UNHLM-TB) កាលពីឆ្នាំ២០១៨ នៅទីក្រុងញូយ៉កកន្លងទៅនេះ។
លោកស្រីបន្តថា ជាងនេះទៀត អ្នកចូលរួមទាំងអស់នឹងអាចឈ្វេងយល់ ស្រាវជ្រាវ ពិនិត្យមើលនិងពិភាក្សាអំពីវឌ្ឍនភាពដែលឆ្លើយតប នឹងជំងឺរបេង សំខាន់ៗរបស់ប្រទេសកម្ពុជាយើងដោយរាប់បញ្ចូលទាំងការស្វែងរកករណីជំងឺរបេងគ្រប់ទម្រង់ របេងស៊ាំថ្នាំ របេងកុមារ ការព្យាបាលជំងឺរបេងបង្ការ(TPT) និងតម្រូវការធនធាន សម្រាប់អនុវត្តសេចក្តីប្រកាសនយោបាយ ស្តីពីរបេងនៅឆ្នាំ២០១៨ និងយន្តការនៃការកៀងគរការចូលរួមពីភាគីពាក់ព័ន្ធសំខាន់ៗនៅកម្រិតថ្នាក់ជាតិ រួមមាន សមាជិកព្រឹទ្ធសភា-រដ្ឋសភា ក្រសួងស្ថាប័នពាក់ព័ន្ធនានា សិល្បៈករ-សិល្បៈការីនី អ្នកសារព័ត៌មាន វិស័យឯកជន ទីភ្នាក់ងារអង្គការសហប្រជាជាតិ អង្គការសង្គមស៊ីវិល និងបណ្ដាញសហគមន៍ ដើម្បីចូលរួមចំណែក និងគាំទ្រលើការប្តេជ្ញាចិត្ត និងការខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងដំណើរឆ្ពោះទៅកិច្ចប្រជុំកម្រិតខ្ពស់ របស់អង្គការសហប្រជាជាតិស្ដីពីជំងឺរបេង (UNHLM-TB) ឆ្នាំ២០២៣។
លោកស្រី មាន សំអាន បានបន្ដទៀតថា ដើម្បីឈានទៅបញ្ចប់ការរាតត្បាតជំងឺរបេងនៅកម្ពុជានាដំណាច់ឆ្នាំ២០៣៥ ស្របតាមចក្ខុវិស័យ ប្រទេសកម្ពុជាគ្មានជំងឺរបេងតាមផែនការយុទ្ធសាស្ត្រ ២០២១-២០៣០ និងស្របតាមគោលដៅអភិវឌ្ឍន៍ប្រកប ដោយចីរភាព (SDG) ផែនការអភិវឌ្ឍន៍ជាតិ ២០១៩ - ២០២៣ ជាមួយនឹងយុទ្ធសាស្ត្រចតុកោណដំណាក់ កាលទី៤ ក្នុងការអនុវត្តគោលនយោបាយអាទិភាពនានារបស់រាជរដ្ឋាភិបាល ក្នុងនោះដែរ វិស័យសុខាភិបាល ជាគោលដៅអាទិភាពយ៉ាងសំខាន់ ដែលត្រូវបានរួមបញ្ចូលទាំងជំងឺរបេងផងដែរ។
ជាមួយគ្នានេះ រាជរដ្ឋាភិបាលកម្ពុជា មានក្រសួងសុខាភិបាលជាសេនាធិការផ្ទាល់ និងមានមជ្ឈមណ្ឌលជាតិកំចាត់រោគរបេង និងហង់សិន FSជាស្ថាប័នបច្ចេកទេស និងជំនាញ បានបង្កើតឡើងនូវផែនការយុទ្ធសាស្ត្រជាតិសម្រាប់បញ្ចប់ការរាតត្បាតជំងឺ របេង (NSP-TB) សម្រាប់ឆ្នាំ ២០២១-២០៣០ ដែលជាឯកសារគោល ឬគោលការណ៍ណែនាំជាតិមួយ ដែលផ្ដោតលើបទអន្តរាគមន៍យុទ្ធសាស្ត្រ និងសកម្មភាព រួមជាមួយនឹងក្របខណ្ឌវិនិយោគជាក់លាក់ក្នុងការ ឆ្លើយតបនឹងជំងឺរបេងសម្រាប់រយៈពេល ១០ឆ្នាំ ហើយបានគូសបញ្ជាក់យ៉ាងច្បាស់អំពីការលើកកម្ពស់តួនាទី និងការចូលរួមរបស់អ្នកជំងឺរបេង ក្នុងការឆ្លើយតបទាំង នៅកម្រិតជាតិ និងក្រោមជាតិ។
ផ្ដើមចេញពីចំណុចដែលបានរៀបចំខាងលើ ប្រទេសកម្ពុជាបានកំពុងស្ថិតក្នុងដំណើរការ និងមានវឌ្ឍនភាព ដ៏ល្អក្នុងការឈានទៅសម្រេចបានគោលដៅដែលបានដាក់ចេញក៏ដូចជាការប្ដេជ្ញាចិត្តរបស់ខ្លួនក្នុងកិច្ចប្រជុំកម្រិត ខ្ពស់របស់អង្គការសហប្រជាជាតិស្ដីពីជំងឺរបេង (UNHLM-TB) កាលពីឆ្នាំ២០១៨ នៅទីក្រុងញូយ៉ក។
យ៉ាងណាមិញ ដើម្បីឱ្យកម្ពុជាឈានទៅសម្រេចបានទាំងស្រុង ឬបំពេញតាមគោលដៅដូចដែលបានដាក់ចេញរបស់ ខ្លួន ចាំបាច់ណាស់ត្រូវតែមានការខិតខំ និងប្តេជ្ញាចិត្តបន្ថែមទៀតទាំងផ្នែកនយោបាយ សេដ្ឋកិច្ច ភាពជាអ្នក ដឹកនាំ និងការវិនិយោគ។ ក្នុងន័យនេះ ការវិនិយោគលើការបញ្ចប់របេងពិតជាចាំបាច់បំផុតដោយវិនិយោគទាំង ធនធាន ហិរញ្ញវត្ថុ ធនធានមនុស្ស ធនធានបច្ចេកទេស និងធនធានរូបវ័ន្ត រួមផ្សំជាមួយគំនិតផ្តួចផ្ដើមផ្នែកប ច្ចេកវិទ្យា វិទ្យាសាស្ត្រ ការអភិវឌ្ឍឧបករណ៍ទំនើបលើការពិនិត្យ និងការធ្វើរោគវិនិច្ឆ័យរកមេរោគរបេង គុណភាព នៃការថែទាំ ព្យាបាល និងគាំទ្រផ្នែកសង្គមនានាដល់អ្នករងផលប៉ះពាល់ដោយសារជំងឺរបេង ដើម្បីឱ្យពួកគាត់ ឈានទៅសម្រេចការព្យាបាលជំងឺរបេងដោយជោគជ័យ។
សូមបញ្ជាក់ដែរថា ស្ថាប័នព្រឹទ្ធសភា តាមរយៈគណៈកម្មការទី៨ ព្រឹទ្ធសភាដែលទទួលបន្ទុកវិស័យសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារបណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី បាននឹងកំពុងចូលរួមយ៉ាងសកម្ម ដើម្បីឈានទៅសម្រេចជោគជ័យគោលដៅ និងការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការបញ្ចប់ជំងឺរបេងនៅឆ្នាំ២០៣០ តាមរយៈការអនុវត្តលើមុខងារសំខាន់ទាំងបី គឺមុខងារនីតិកម្ម មុខងារតាមដានការអនុវត្តច្បាប់ និងមុខងារតំណាង៕