(បន្ទាយមានជ័យ)៖ លោក ហ៊ុន ម៉ាណែត បានលើកឡើងថា ផលតបស្នងនៃអំពើបុណ្យកុសល ដែលគណបក្សប្រជាជនកម្ពុជាបានសាង គឺជាការទទួលបានមកវិញនូវការគោរពស្រឡាញ់ពេញចិត្ត និងការបន្តផ្តល់ទំនុកចិត្តពីបងប្អូនប្រជាពលរដ្ឋនៅទូទាំងប្រទេស ដូចដែលស្តែងឡើងតាមរយៈលទ្ធផលជោគជ័យដ៏លើសលប់របស់គណបក្សប្រជាជនកម្ពុជានៅក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៥ កាលពីថ្ងៃ៥ ខែមិថុនា ឆ្នាំ២០២២ ថ្មីៗកន្លងទៅនេះ។
ការលើកឡើងរបស់លោកបណ្ឌិត ហ៊ុន ម៉ាណែត បានធ្វើឡើងក្នុងឱកាសអញ្ជើញជាតំណាងរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្ពោធដាក់ឲ្យប្រើប្រាស់នូវសមិទ្ធផលនានា ក្នុងវត្តរតនៈសុខសាន្ត ហៅវត្តអូរខៃដន ស្ថិតក្នុងសង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២២នេះ។
ក្នុងឱកាសនោះ លោក ហ៊ុន ម៉ាណែត ក៏បានចូលរួមអនុមោទនាត្រេកអរ និងសម្តែងនូវមោទនភាពចំពោះការកើតឡើងនូវសមិទ្ធផលថ្មីៗជាច្រើន នៅក្នុងទីអារាមនេះដែលបានកើតឡើងពីកម្លាំងសាមគ្គីធម៌ និងសទ្ធាជ្រះថ្លារួមគ្នាទាំងផ្នែកពុទ្ធចក្រ និងអាណាចក្រ សម្រាប់បង្កលក្ខណៈដល់ការធ្វើបុណ្យបំពេញទានរបស់ប្រជាពលរដ្ឋ ក្នុងតំបន់ដែលធ្លាប់មានអតីតកាលដ៏ជូរចត់ពោរពេញដោយគ្រោះថ្នាក់ ការបំផ្លិចបំផ្លាញ និងវិនាសកម្មបង្កឡើងដោយសង្គ្រាម ប៉ុន្តែសព្វថ្ងៃតំបន់អតីតសមរភូមិមួយនេះ បានប្រែមុខមាត់ និងក្លាយមកជាតំបន់អភិវឌ្ឍគ្រប់ហេដ្ឋារចនាសម្ព័ន្ធ និងប្រកបដោយសក្តានុពល។
លោកបន្ដថា ការរីកចម្រើនលូតលាស់នៃវិស័យព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋ និងមរតកវប្បធម៌ដែលបុព្វបុរសបានបន្សល់ទុក គឺបានបម្រើជាផលប្រយោជន៍យ៉ាងច្រើនលើសលប់ដល់ប្រជាពលរដ្ឋជាពុទ្ធបរិស័ទ ដែលតែងតែមានជំនឿ និងគោរពប្រតិបត្តិយ៉ាងខ្ជាប់ខ្ជួន។ ក្រោយឆ្នាំ១៩៧៩ សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានខិតខំប្រឹងប្រែងដោយដៃម្ខាងប្រឹងទប់ស្កាត់សង្គ្រាម ជាពិសេសការវិលមកវិញនៃរបបខ្មែរក្រហម និងដៃម្ខាងទៀតប្រឹងស្តារកសាងអភិវឌ្ឍជាតិ។ ដំបូល នៃសន្តិភាព ពិតជាបានផ្តល់ឱកាសឲ្យយើងអាចកសាងឡើងវិញ នូវទីអារាមថ្មីៗបន្ថែមទៀតជំនួសវត្តចាស់ៗ ដែលត្រូវបានបំផ្លាញចោលអស់ក្នុងកំឡុងពេលសង្គ្រាមបង្ហូរឈាម។
បើតាមលោក ហ៊ុន ម៉ាណែត ការកសាងសមិទ្ធផលក្នុងផ្នែកពុទ្ធចក្រ ក៏មិនមែនត្រឹមតែផ្តល់ផលក្នុងមជ្ឈដ្ឋានពុទ្ធចក្រប៉ុណ្ណោះទេ ប៉ុន្តែក៏បានរីកសាយភាយដល់ពិភពអាណាចក្រផងដែរ ជាពិសេសផលនៃការអប់រំប្រៀនប្រដៅផ្នែកសីលធម៌ គុណធម៌ និងមនុស្សធម៌ ដែលជាភាវៈនៃសេចក្តីល្អសម្រាប់ការអភិវឌ្ឍសង្គមជាតិ។ ពុទ្ធសាសនាបានចូលរួមជាចំណែកមួយយ៉ាងសំខាន់បំផុតនៅក្នុងការបណ្តុះផ្នត់គំនិត និងអប់រំបង្រៀនប្រៀនប្រដៅដល់ប្រជាពលរដ្ឋគ្រប់វ័យ គ្រប់ស្រទាប់វណ្ណៈ ជាពិសេសសិស្សានុសិស្សចាប់តាំងក្មេងតូចៗឲ្យស្គាល់អំពីផលនៃការប្រព្រឹត្តអំពើល្អ និងតម្លៃនៃសីលធម៌-គុណធម៌ក្នុងការរស់នៅប្រាស្រ័យទាក់ទងនៅក្នុងសង្គមប្រសើរថ្លៃថ្នូរ ដូចសុភាសិតពោលថា «ដំដែកទាន់នៅក្តៅ ប្រដៅមនុស្សទាន់នៅក្មេង»។
អាណាចក្រ និងពុទ្ធចក្រត្រូវដើរទន្ទឹមគ្នា ដោយវិស័យអាណាចក្រផ្តល់នូវឱកាសអភិវឌ្ឍសមត្ថភាព និងលទ្ធភាពដល់មនុស្សលោក ជាមួយគ្នានេះវិស័យពុទ្ធចក្រផ្តល់នូវការអប់រំផ្នែកចិត្តគំនិតឱ្យមានសីលធម៌ គុណធម៌ និងសេចក្តីថ្លៃថ្នូរ។ ដូច្នេះរាជរដ្ឋាភិបាលកម្ពុជា បានពង្រឹងផ្នែកទាំងពីរទន្ទឹមគ្នាដើម្បីឈានដល់ការបញ្ចូលជាកម្មវិធីសិក្សាចាប់ពីថ្នាក់មត្តេយ្យដល់ថ្នាក់ឧត្តមសិក្សា ដោយសារកត្តានេះ គឺជាចំណុចប្រសព្វ និងខ្លឹមសារស្នូលរួមនៃការអប់រំដែលផ្តល់ផលប្រយោជន៍រួមជូនសង្គមជាតិ តាមរយៈការទទួលបាននូវធនធានមនុស្សជាពលរដ្ឋប្រកបដោយសមត្ថភាព អត្តចរិត និងវិន័យល្អថ្លៃថ្នូរ មានការគោរពចំពោះគ្នា ស្អប់ខ្ពើមអំពើហិង្សា និងចេះអត់អោនយោគយល់អធ្យាស្រ័យឱ្យគ្នាទៅវិញទៅមក ដោយទាំងអស់នេះហើយគឺជាមូលដ្ឋាននៃសន្តិភាព និងភាពសុដុមរមនាក្នុងសង្គមរស់នៅប្រកបដោយអារ្យធម៌។
លោក ហ៊ុន ម៉ាណែត បានបន្ដទៀតថា ការចូលរួមប្រកបដោយសទ្ធាជ្រះថ្លារីករាយពីសំណាក់សប្បុរសជនគ្រប់មជ្ឈដ្ឋាន គឺជាការបង្ហាញយ៉ាងច្បាស់អំពីគុណតម្លៃដ៏ពិសិដ្ឋនៃវប្បធម៌ចែករំលែក ដែលជាដួងព្រលឹងរបស់ប្រជាជាតិខ្មែរយើង។
ជាសក្ខីភាពជាក់ស្តែង នៅក្នុងវិបត្តិគ្រោះភ័យនៃជំងឺកូវីដ-១៩ រាជរដ្ឋាភិបាលដែលដឹកនាំគណបក្សប្រជាជនកម្ពុជា ដោយមានការចូលរួមពីសំណាក់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ក្រុមហ៊ុន-សហគ្រាស អង្គការសង្គមស៊ីវិល សប្បុរសជនក្នុងនិងក្រៅប្រទេស ព្រមទាំងប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ បានខិតខំប្រយុទ្ធយកឈ្នះទល់នឹងការរាតត្បាតនៃជំងឺដ៏កាចសាហាវនេះ តាមរយៈការរួមសាមគ្គីគ្នាទាំងកាយនិងចិត្ត និងការចូលរួមចែករំលែកធនធានថវិកា សម្ភារទៅតាមលទ្ធភាព សំដៅធ្វើយ៉ាងឆ្លើយតបឱ្យបានទាន់ពេលវេលានូវសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានទូទាំងប្រទេស ដោយរាប់ទាំងតម្រូវការវ៉ាក់សាំង, ការព្យាបាល, ការសង្គ្រោះបន្ទាន់ និងការឧបត្ថម្ភគាំទ្រផ្នែកជីវភាពដែលទទួលរងផលប៉ះពាល់៕