(ភ្នំពេញ)៖ នៅឆមាសទី១ ឆ្នាំ២០២២នេះ ពោលចាប់ពីខែមករា ដល់ខែមិថុនា អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ប្រមូលចំណូលពន្ធ និងអាករបាន ១,២៩២លានដុល្លារ ស្មើនឹង៥០.០៨ភាគរយ នៃផែនការច្បាប់ថវិកាជាតិ។ នេះបើតាមបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។

ការថ្លែងរបស់លោកបណ្ឌិត គុណ ញឹម ធ្វើឡើងក្នុងសន្និសីទសារព័ត៌មាន បង្ហាញលទ្ធផលនៃការប្រមូលពន្ធលើរថយន្តគ្មានពន្ធ មានស្រាប់ក្នុងប្រទេស ជ្រកក្រោមផ្លាកលេខផ្សេងៗ នៅព្រឹកថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២២នេះ។

លោកបណ្ឌិត គុណ ញឹម បានថ្លែងថា «ក្នុងរយៈពេល៦ខែនេះ គឺយើងបានគ្រប់ផែនការ ហើយការគ្រប់ផែនការនេះ កត្ដាសំខាន់ គឺយើងបើកប្រទេសឡើងវិញ មានសកម្មភាពសេដ្ឋកិច្ច ពាណិជ្ជកម្ម និងសង្គមកិច្ចឡើងវិញ ធ្វើឲ្យការលក់ដូរអាជីវកម្ម និងកម្មវិធីផ្សេងៗរស់រវើកឡើងវិញ ធ្វើឲ្យតម្រូវការប្រើប្រាស់ មានការកើនឡើង។ តម្រូវការនៃការប្រើប្រាស់កើន ហើយទំនិញមួយចំនួន ត្រូវការផ្គត់ផ្គង់ដោយផលិតកម្មក្នុងប្រទេស ប៉ុន្ដែមួយចំនួនទៀត គឺដើម្បីតម្រូវការបំពេញសេចក្ដីត្រូវការ ការនាំចូលពីក្រៅប្រទេស»

បើតាមលោកបណ្ឌិត គុណ ញឹម ឃើញថា ចំណូលពីការនាំចូលពីពាណិជ្ជកម្មអន្តរជាតិ មានលក្ខណៈល្អប្រសើរឡើងវិញ នៅពេលដែលប្រទេសកម្ពុជា បានបើកប្រទេសឡើងវិញ ដោយសារកត្តាគន្លឹះ សំខាន់មួយជាងគេ គឺគោលនយោបាយ ឬយុទ្ធនាការរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រី ក្នុងការចាក់ស្រោចវ៉ាក់សាំងជូនប្រជាពលរដ្ឋ ដែលធ្វើឲ្យមានភាពស៊ាំ ក្នុងសហគមន៍ ដែលអាចបើកដំណើរការសេដ្ឋកិច្ចពាណិជ្ជកម្ម និងសង្គមកិច្ចរស់រវើកឡើងវិញ។

លោករំពឹងថា ចំណូលរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៅឆ្នាំ២០២២នេះ នឹងកើតឡើង ខណៈអគ្គនាយកដ្ឋានគយ នឹងបន្តខិតខំប្រឹងប្រែងអនុវត្តតួនាទីភារកិច្ច រិះរកប្រភពចំណូល។ ខណៈប្រភពចំណូលកាន់តែតិចទៅផងដែរ ពីព្រោះមានការលើកទឹកចិត្តច្រើន, ការអនុវត្តកាតព្វកិច្ចរបស់កម្ពុជា ក្រោមក្របខ័ណ្ឌកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដែលត្រូវផ្តល់ការអនុគ្រោះពន្ធ។

សូមជម្រាបផងដែរថា នៅឆ្នាំ២០២១ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ប្រមូលចំណូលបាន ៩,២៩៥.៧ ប៊ីលានរៀល ស្មើនឹង ២,២៩៥.២ លានដុល្លារ ថយចុះប្រមាណ ៥.១% ធៀបនឹងចំណូលប្រមូលបាន ក្នុងឆ្នាំ២០២០៕