(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២២នេះ នៅសាលាសង្កាត់ពន្សាំង បានប្រារព្ធពិធីប្រកាសសុពលភាព ក្រុមប្រឹក្សាសង្កាត់គោករកា អាណត្តិទី៥ នៃខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ក្រោមអធិបតីភាព លោក សុខ សម្បត្តិ អភិបាលខណ្ឌព្រែកព្នៅ និងលោក ម៉ៅ បូរ៉ា ប្រធានក្រុមប្រឹក្សាខណ្ឌព្រែកព្នៅ។
ក្នុងកិច្ចប្រជុំនេះ លោកអភិបាលខណ្ឌ បានសំដែងនូវការកោតសរសើរ អំពីការខិតខំអស់ពីកម្លាំងកាយចិត្ដរបស់លោក លោកស្រី ក្រុមប្រឹក្សាសង្កាត់គោករកា អាណត្តិចាស់ (អាណត្តិទី៤) ក្នុងការពង្រឹងកិច្ចសហប្រតិបត្ដិការ អនុវត្ដរាល់ភារកិច្ច សម្រេចបាននូវសមិទ្ធផលចម្បងៗជាច្រើន សម្រាប់ជាមូលដ្ឋានក្នុងការបន្ដអនុវត្ដការងារ របស់ក្រុមប្រឹក្សាសង្កាត់អាណត្ដិថ្មី (អាណត្តិទី៥) នេះបន្តទៀត។
លោកអភិបាលខណ្ឌ បានលើកឡើងទៀតថា សមាជិកក្រុមប្រឹក្សា ដែលបានជាប់ឆ្នោត ទោះបីជាលោក-លោកស្រី មានសមាសភាពមកពីគណបក្សនយោបាយផ្សេងៗគ្នាក៏ពិតមែន ប៉ុន្តែតាមគោលការណ៍ច្បាប់ ក្រុមប្រឹក្សា គឺជាតំណាងឲ្យប្រជាពលរដ្ឋ ក្នុងមូលដ្ឋានទាំងមូល។
លោកថា ដូច្នេះនៅក្នុងអាណត្តិការងារ ៥ឆ្នាំនេះ លោក លោកស្រី ជាសមាជិកក្រុមប្រឹក្សា ត្រូវខិតខំបំពេញ តួនាទី ភារកិច្ចរបស់ខ្លួន ក្នុងការថែរក្សាសន្តិភាព ក្នុងការបម្រើប្រជាពលរដ្ឋ ឲ្យបានល្អប្រសើរ និងក្នុងការអភិវឌ្ឍមូលដ្ឋាន ដើម្បីឆ្លើយតបទៅនឹងតម្រូវការប្រជាពលរដ្ឋ និងបម្រើផលប្រយោជន៍ ព្រមទាំងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋទាំងអស់ដោយស្មើភាព ដោយយុត្តិធម៌ និងមិនត្រូវប្រកាន់និន្នាការ នយោបាយនោះឡើយ៕