(ព្រះសីហនុ)៖ នៅរសៀលថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២២ លោក គួច ចំរើន អភិបាលនៃគណ:អភិបាលខេត្តព្រះសីហនុ បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសសមាសភាព មាជិកក្រុមប្រឹក្សាឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ អាណត្តិទី៥ ក្នុងបរិវេណវត្តអូរចំណារ ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ ដោយមានការចូលរួមពី អាជ្ញាធរ មន្ត្រីពាក់ព័ន្ធ និងបងប្អូនប្រជាពលយ៉ាងច្រើនកុះករ។
អភិបាលខេត្តព្រះសីហនុ បានបញ្ជាក់ថា តួអង្គស្នូលសំខាន់ចំនួន៥ ក្នុងការដឹកនាំឃុំឱ្យមានការអភិវឌ្ឍរីកចម្រើនបាននោះគឺ ទី១-មេឃុំ ២-ស្មៀនឃុំ ៣-ប៉ុស្ថិ៍នគរបាលរដ្ឋបាលឃុំ ៤-មណ្ឌលសុខភាព ឬប៉ុស្តិ៍សុខភាព ៥-មេភូមិ។ ហើយតួអង្គ៥នេះ ត្រូវសហការគ្នាអនុវត្តតួនាទី ភារកិច្ចរបស់ខ្លួនក្នុងការផ្តល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋឱ្យបានល្អប្រសើរប្រកបដោយក្រមសីលធម៌ វិជ្ជាជីវៈ និងកែប្រែលម្អឥរិយាបទ ការប្រាស្រ័យទាក់ទងជាមួយប្រជាពលរដ្ឋ ប្រកបដោយតម្លាភាព គណនេយ្យភាព និងយុត្តិធម៌ មិនត្រូវរើសអើង បែងចែកបក្សពួកគ្រួសារនិយម និន្នាការនយោបាយ បង្កើនជំនឿទុកចិត្ត និងការគាំទ្រពីប្រជាពលរដ្ឋបន្ថែមទៀត ឱ្យស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិនានា។
អភិបាលខេត្តក៏បានបន្តទៀតថា ក្នុងនាមជាសមាជិកក្រុមប្រឹក្សាឃុំជាប់ឆ្នោតថ្មី ទោះបីលោក លោកស្រីមានសមាសភាពមកពីគណបក្សនយោបាយតែមួយ ឬគណបក្សនយោបាយផ្សេងៗគ្នាក៏ពិតមែន ប៉ុន្តែតាមគោលការណ៍ច្បាប់ ក្រុមប្រឹក្សាគឺជាតំណាងឱ្យប្រជាពលរដ្ឋ ក្នុងឃុំអូរឧញ៉ាហេង ដូច្នេះអាណត្តិទី៥នេះ លោក លោកស្រីជាសមាជិកក្រុមប្រឹក្សាឃុំ ត្រូវខិតខំបំពេញតួនាទី ភារកិច្ចក្នុងការគ្រប់គ្រង ចាត់ចែងកិច្ចការក្នុងមូលដ្ឋានរបស់ខ្លួន ឆ្លើយតបទៅនឹងតម្រូវការប្រជាពលរដ្ឋ និងបម្រើផលប្រយោជន៍ប្រជាពលរដ្ឋដោយស្មើភាព យុត្តិធម៌ និងមិនត្រូវប្រកាន់និន្នាការនយោបាយឡើយ។
ក្នុងឱកាសនោះ លោកអភិបាលខេត្ត ក៏បានផ្តល់ផ្លូវបេតុង១ខ្សែជាចំណងដៃ សម្រាប់ឃុំអូរឧកញ៉ាហេង និងជម្រុញការចុះបញ្ជីដីធ្លីនៅក្នុងឃុំអូរឧកញ៉ាហេងឱ្យបានលឿន ព្រមទាំងធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋ ទៅចាក់វ៉ាក់សាំងឱ្យបានគ្រប់ដូស និងគ្រប់គ្នា៕