(ភ្នំពេញ)៖ កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង (MLC) លើកទី៧ បានបង្ហាញពីការបន្តប្តេជ្ញាចិត្តក្នុងការពង្រឹងសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការ ដើម្បីឆ្លើយតបឱ្យកាន់តែប្រសើរឡើង ចំពោះបញ្ហាប្រឈមរួម។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២២។
កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស MLC លើកទី៧ បានប្រព្រឹត្តទៅក្រោមមូលបទ «សាមគ្គីភាពដើម្បីសន្តិភាព និងវិបុលភាព» និងដឹកនាំដោយលោក វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្រ្តីការបរទេសនៃសាធារណរដ្ឋប្រជាមានិតចិន និងលោក វុនណា ម៉ោង លី្វន រដ្ឋមន្រ្តីការបរទេសនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ដោយមានការចូលរួមពីរដ្ឋមន្រ្តីការបរទេសកម្ពុជា ឡាវ ថៃ និងវៀតណាម។
ក្នុងកិច្ចប្រជុំដែលបានធ្វើឡើងនៅថ្ងៃទី០៣-០៤ ខែមិថុនា ឆ្នាំ២០២២ នៅទីក្រុងបាហ្កាន ប្រទេសមីយ៉ាន់ម៉ា រដ្ឋមន្ត្រីទាំងអស់បានកោតសរសើរចំពោះការអភិវឌ្ឍរួមរបស់ MLC សម្រាប់ដំណើរការនៃកិច្ចសហប្រតិបត្តិការក្នុងរយៈពេល ០៦ឆ្នាំកន្លងមក ព្រមទាំងបានសម្តែងការពេញចិត្តចំពោះវឌ្ឍនភាពសម្រេចបាន ក្រោមផែនការសកម្មភាពប្រាំឆ្នាំ ស្តីពីកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង (២០១៨-២០២២) និងបានផ្លាស់ប្តូរយោបល់លើស្ថានភាពនៃការអនុវត្តលទ្ធផលនៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស MLC លើកទី៦ និងគោលដៅដែលបានដាក់ចេញនាឱកាសនៃកិច្ចប្រជុំកំពូល MLC លើកទី៣។ រដ្ឋមន្ត្រីទាំងអស់ ក៏បានស្វាគមន៍ចំពោះការបំពេញបន្ថែមនូវតួនាទីរបស់ MLC ក្នុងការលើកកម្ពស់ការកសាងសហគមន៍អាស៊ាន និងការធ្វើសមាហរណកម្មសេដ្ឋកិច្ចក្នុងតំបន់។
ក្រសួងការបរទេសកម្ពុជា បានបញ្ជាក់យ៉ាងដូច្នេះថា «ស្ថិតក្នងកាលៈទេសៈនៃការកើនឡើងបញ្ហាប្រឈមដែលមិនធ្លាប់មានពីមុនមក រដ្ឋមន្ត្រីទាំងអស់បានអះអាងសាជាថ្មី នូវការប្តេជ្ញាចិត្តដើម្បីការពារសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រកបដោយចីរភាព ក៏ដូចជាជំរុញការធ្វើសហកម្មរវាង MLC ជាមួយនឹងគំនិតផ្តួចផ្តើមអន្តរជាតិ និងតំបន់ផ្សេងទៀត ដែលរួមមានគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ គំនិតផ្តួចផ្តើមការអភិវឌ្ឍសកល និងគំនិតផ្តួចផ្តើមសន្តិសុខសកល។ រដ្ឋមន្ត្រីទាំងអស់ បានសង្កត់ធ្ងន់លើភាពចាំបាច់ក្នុងការពង្រឹងសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការ ដើម្បីឆ្លើយតបឱ្យកាន់តែប្រសើរឡើងចំពោះបញ្ហាប្រឈមរួម សំដៅរួមគ្នាលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ច ជំរុញការផ្លាស់ប្តូរទៅវិញទៅមករវាងប្រជាជន និងប្រជាជន និងជំរុញការស្តារសេដ្ឋកិច្ចឡើងវិញនៅតាមបណ្តាប្រទេសមេគង្គ-ឡានឆាង»។
រដ្ឋមន្ត្រីទាំងអស់បានយល់ព្រមជាគោលការណ៍ លើផែនការសកម្មភាពប្រាំឆ្នាំស្តីពីកិច្ចសហប្រតិការមេគង្គ-ឡានឆាង (២០២៣- ២០២៧) ដើម្បីដាក់ជូនកិច្ចប្រជុំកំពូលកិច្ចសហប្រតិការមេគង្គ-ឡានឆាង លើកទី៤ សម្រាប់អនុម័តនាពេលខាងមុខ និងពង្រឹងកិច្ចសហប្រតិបត្តិការលើកត្តាសំខាន់ៗ ដែលអំណោយផលដល់ភាពធន់ផ្នែកសេដ្ឋកិច្ច និងការស្តារសេដ្ឋកិច្ចឡើងវិញក្រោយការរាតត្បាតនៃជំងឺកូវីដ-១៩ រួមមានការតភ្ជាប់ ពាណិជ្ជកម្ម សេដ្ឋកិច្ចឌីជីថល ហិរញ្ញវត្ថុ សមត្ថភាពផលិត ភាពធន់នៃខ្សែច្រវ៉ាក់ផ្គត់ផ្គង់ សេដ្ឋកិច្ចឆ្លងកាត់ព្រំដែន និងការវិនិយោគក្នុងតំបន់ និងការសម្របសម្រួលពាណិជ្ជកម្ម។
រដ្ឋមន្ត្រីទាំងអស់បានពេញចិត្តចំពោះមូលនិធិពិសេស MLC ដែលចាប់តាំងពីការបង្កើតមក បានគាំទ្រគម្រោងជាង ៦០០ លើវិស័យជាច្រើន រួមមានធនធានទឹក កសិកម្ម ទេសចរណ៍ ការអប់រំ ការកាត់បន្ថយភាពក្រីក្រ សុខាភិបាល និងការផ្តល់សិទ្ធិអំណាចដល់ស្ត្រី ព្រមទាំងបានកោតសរសើរប្រទេសទាំង០៦ ដែលបានខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្នុងការអនុវត្តគម្រោង។
នាឱកាសនៃកិច្ចប្រជុំខាងលើ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសកម្ពុជា បានសម្តែងការពេញចិត្តចំពោះការរីកចម្រើនគួរឱ្យកត់សម្គាល់របស់ MLC ក្នុងរយៈពេល ០៦ឆ្នាំកន្លងមក និងការបង្កើតស្ថាប័នចាំបាច់ដើម្បីគាំទ្រដល់ការអនុវត្តរាល់សកម្មភាព និងកម្មវិធីនានាដែលអំណោយផលដល់និរន្តរភាពនៃក្របខ័ណ្ឌ MLC។ បន្ថែមពីលើនោះ ស្ថិតចំពេលនៃវិបត្តិសុខភាពសកលនៃជំងឺកូវីដ-១៩ ប្រទេសមេគង្គ-ឡានឆាង បានពង្រឹងកិច្ចសហប្រតិបត្តិការកាន់តែស៉ីជម្រៅ ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺដ៏កាចសាហាវបំផុតនេះ ជាមួយនឹងការបង្កើតសហគមន៍សុខភាពសាធារណៈមេគង្គ-ឡានឆាង។
ចំពោះទិសដៅអនាគតរបស់ MLC លោកឧបនាយករដ្ឋមន្ត្រី បានស្វាគមន៍ចំពោះគំនិតផ្តួចផ្តើមការអភិវឌ្ឍសកល និងគំនិតផ្តួចផ្តើមសន្តិសុខសកល ដែលនឹងបំពេញបន្ថែមដល់ការជំរុញសន្តិភាព និងស្ថិរភាពនៅក្នុងអនុតំបន់។ លោក ប្រាក់ សុខុន បានចែករំលែកនូវទស្សនៈសំខាន់ៗសម្រាប់ដំណាក់កាលបន្ទាប់នៃការអភិវឌ្ឍ។ ទី១ ប្រើប្រាស់ក្របខ័ណ្ឌ MLC ឱ្យបានពេញលេញ ដើម្បីធ្វើជាកាតាលីករវិជ្ជមានក្នុងការការពារសន្តិភាព និងស្ថិរភាព ដោយឈរលើគោលការណ៍ដ៏រឹងមាំនៃការព្រមព្រៀងជាឯកច្ឆន្ទ និងស្មើភាពគ្នា។ ទី២ ពង្រឹងកិច្ចសហប្រតិបត្តិការ និងការឆ្លើយតបរួមគ្នាលើសុខភាពសាធារណៈ ដើម្បីជំរុញកិច្ចខិតខំប្រឹងប្រែងស្តារសេដ្ឋកិច្ចក្រោយជំងឺកូវីដ-១៩។ ទី៣ ធ្វើឱ្យស៉ីជម្រៅកិច្ចសហប្រតិបត្តិការជាក់ស្តែងលើវិស័យធនធានទាក់ទងនឹងទឹក និងរួមគ្នាដោះស្រាយបញ្ហាប្រឈមនានាដែលទាក់ទងនឹងផលិតភាពវិស័យ កសិកម្ម និងសន្តិសុខស្បៀង។
ជាចុងក្រោយ ពង្រឹងកិច្ចខិតខំប្រឹងប្រែងក្នុងការកសាងខ្សែក្រវាត់អភិវឌ្ឍន៍សេដ្ឋកិច្ចមេគង្គ-ឡានឆាង ដោយធ្វើសហកម្មជាមួយច្រករបៀងពាណិជ្ជកម្មផ្លូវគោក-ផ្លូវសមុទ្រអន្តរជាតិថ្មី ដើម្បីចាប់យកអត្ថប្រយោជន៍កើតចេញពីកាលានុវត្តភាពពាណិជ្ជកម្ម និងការវិនិយោគថ្មី ដែលហូរចេញពីភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) ។
កិច្ចប្រជុំបានបញ្ចប់ទៅជាមួយនឹងការអនុម័តលើឯកសារលទ្ធផលចំនួន៥ រួមមាន (១) សេចក្តីប្រកាសព័ត៌មានរួមនៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស MLC លើកទី៧, (២) សេចក្តីប្រកាសរួមស្តីពីការធ្វើឱ្យស៊ីជម្រៅកិច្ចសហប្រតិបត្តិការគយ ដើម្បីធានាពាណិជ្ជកម្ម និងកិច្ចសម្រួលនីតិវិធីគយក្រោមក្របខ័ណ្ឌ MLC, ( ៣) សេចក្តីប្រកាសរួមស្តីពីការធ្វើឱ្យស៉ីជម្រៅកិច្ចសហ-ប្រតិបត្តិការកសិកម្ម និងការធានាសន្តិសុខស្បៀងក្រោមក្របខ័ណ្ឌ MLC, (៤) សេចក្តីប្រកាសរួម ស្តីពីការធ្វើឱ្យស៉ីជម្រៅកិច្ចសហប្រតិបត្តិការគ្រប់គ្រងគ្រោះមហន្តរាយក្រោមក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង MLC, និង (៥) សេចក្តីប្រកាសរួមស្តីពីការផ្លាស់ប្តូរស៉ីជម្រៅ និងការរៀនសូត្រគ្នាទៅវិញទៅមក ក្នុងចំណោមអរិយធម៌ ក្រោមក្របខ័ណ្ឌ MLC ៕