(ភ្នំពេញ)៖ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រី្ត រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញអុជធូប ថ្វាយគ្រឿងសក្ការៈ និងបួងសួងដល់បារមី ព្រះអង្គគ្រប់អង្គ អ្នកតាព្រះស្រុក (អ្នកតាព្រះចៅ) និងបារមីរបស់លោកយាយពេញ និងបាននាំយកនូវទៀនព្រះវស្សា មកតម្កល់ទុកនៅ (វត្តភ្នំ) រាជធានីភ្នំពេញ នាព្រឹកថ្ងៃព្រហស្បតិ៍ ៩កើត ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២២។
ពីធីបួងសួងធ្វើឡើង ដើម្បីរម្លឹកនូវគុណូបការៈរបស់បុព្វបុរសដែលបានកសាង និងការពារព្រះរាជាណាចក្រកម្ពុជា ដើម្បីបញ្ចៀសនូវឧបទ្រពចង្រៃ ចៀសផុតពីគ្រោះរាំងស្ងួត ជៀសផុតនូវជំងឺតម្កាត់ទាំងឡាយ ដោយនាំមកវិញនូវភាពសម្បូរណ៍សប្បាយ និងភាពរីកចម្រើន។
លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានបួងសួង ថ្វាយព្រះពរជ័យថ្វាយ ព្រះមហាក្សត្រ ព្រះមហាក្សត្រី សម្តេចម៉ែ សម្តេចយាយ សម្តេចយាយទួត មុនិនាថ សីហនុ និងប្រគេនពរដល់សម្តេចសង្ឃទាំងពីរ គណៈព្រះសង្ឃគ្រប់ព្រះអង្គ និងសូមគោរពជូនពរ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ថ្នាក់ដឹកនាំ នៃព្រឹទ្ធសភា រដ្ឋសភា ព្រមទាំង លោក លោកស្រី និងប្រជាពលរដ្ឋនៅទូទាំងប្រទេស សូមឲ្យជួបសេចក្តីសុខ សន្តិភាព សេចក្តីចម្រើន គ្រប់ៗក្រុមគ្រួសារ ជួបតែសេចក្ដីសុខជារៀងរហូត៕