(កំពង់ធំ)៖ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ បានសម្រេចដាក់ចេញទិសដៅការងារសំខាន់ៗ១៥ចំណុច សម្រាប់អនុវត្តតទៅឆមាសទី២ ឆ្នាំ២០២២ ដើម្បីសម្រេចជោគជ័យជូនរាជរដ្ឋាភិបាលក្នុងការគាំទ្រ តាមដាន និងត្រួតពិនិត្យការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤របស់រាជរដ្ឋាភិបាលនៅខេត្តកំពង់ធំ។
ការដាក់ចេញទិសដៅការងារខាងលើនេះធ្វើឡើងក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ ឆ្នាំ២០២២ និងទិសដៅអនុវត្តបន្តឆមាសទី២ ឆ្នាំ២០២២ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ នាថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២២ នៅសាលាខេត្តកំពង់ធំ ក្រោមអធិបតីភាពលោក ថោង ខុន រដ្ឋមន្ត្រក្រសួងទេសចរណ៍ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ លោក សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ លោក ងួន រតនៈ អភិបាលខេត្តកំពង់ធំ និងជាអនុប្រធានអចិន្ត្រៃយ៍ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ និងមានសមាជិកក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ សរុបប្រមាណ១២០នាក់។
បន្ទាប់ពីអង្គប្រជុំបានឡើងរាយការណ៍ និងធ្វើការពិភាក្សាផ្លាស់ប្តូរយោបល់គ្នារួចមក លោក ថោង ខុន បានដាក់ចេញនូវទិសដៅអនុវត្តការងារសំខាន់ៗក្នុងឆមាសទី២ ឆ្នាំ២០២២ ដូចខាងក្រោម៖
ទី១៖ បន្តអនុវត្តការងារប្រយុទ្ធប្រឆាំង និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ពិសេសជំរុញការចាក់វ៉ាក់សាំងដូសទី៣ ដូសទី៤ និងដូសទី៥ ជូនប្រជាពលរដ្ឋឲ្យបានគ្រប់ៗគ្នា។
ទី២៖ អនុវត្តឲ្យបានម៉ឺងម៉ាត់នូវបទបញ្ជារបស់សម្តេចតេជោនាយករដ្ឋមន្រ្តី ក្នុងការបង្រ្កាបនិងទប់ស្កាត់ការកាប់ទន្ទ្រានដីរដ្ឋក្នុងដែនព្រៃលិចទឹកនៃតំបន់ទន្លេសាបក្នុងភូមិសាស្រ្តខេត្តកំពង់ធំ។
ទី៣៖ អនុវត្តឲ្យមានប្រសិទ្ធភាពនូវសេចក្តីជូនដំណឹងលេខ ២២៤ សជណ.ដប ចុះថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២ ស្តីពីការកែសម្រួលផ្ទៃដីទំហំ១០,០១៤ហិកតា១៦អា ចេញពីតំបន់២បញ្ចូលមកក្នុងតំបន់១នៃបឹងទន្លេសាប ជូនប្រជាពលរដ្ឋចំនួន៩,១៤៤គ្រួសារ។
ទី៤៖ អនុវត្តឲ្យមានប្រសិទ្ធភាពនូវអនុក្រឹត្យលេខ ១០៥ អនក្រ. បក ចុះថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២ ស្តីពីការកែសម្រួលផ្ទៃដីទំហំ៦,៣៨៥ហិកតា ចេញពីតំបន់៣បញ្ចូលមកតំបន់២នៃតំបន់បឹងទន្លេសាប ស្ថិតក្នុងភូមិសាស្រ្តខេត្តកំពង់ធំ និងប្រគល់ជូនប្រជាពលរដ្ឋកាន់កាប់ និងអាស្រ័យផល។
ទី៥៖ អនុវត្តឲ្យមានប្រសិទ្ធភាពនូវសេចក្តីជូនដំណឹងលេខ ៤៣៧ សជណ. ដប ចុះថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២២ ស្តីពីការកំណត់តំបន់គ្រប់គ្រង និងសម្រាប់ប្រើប្រាស់អាស្រ័យផលជាក់ស្តែងក្នុងតំបន់ការពារធម្មជាតិ និងរបៀងអភិរក្សជីវៈចម្រុះដែលស្ថិតក្នុងភូមិសាស្ត្រខេត្តកំពង់ធំ។
ទី៦៖ បន្តចុះពិនិត្យ វាស់វែង ស្រង់ទិន្នន័យ និងកំណត់អត្តសញ្ញាណឲ្យបានច្បាស់លាស់ និងជាក់ស្តែងចំពោះដីតំបន់៣ នៅតាមក្រុងស្រុកគោលដៅមួយចំនួនទៀត ដើម្បីស្នើសុំកាត់ឆ្វៀលមកតំបន់២។
ទី៧៖ បន្តចុះរៀបចំវេទិកាសាធារណៈតាមមូលដ្ឋានក្រុង/ស្រុក ដើម្បីពិនិត្យ និងដោះស្រាយសំណើ បញ្ហាប្រឈម ក្តីកង្វល់ និងសំណូមពររបស់ប្រជាពលរដ្ឋឲ្យមានប្រសិទ្ធភាព និងតម្លាភាព។ លោកបានណែនាំឱ្យក្រុមការងារដែលចុះធ្វើវេទិកាសាធារណៈនានាត្រូវជ្រើសរើសប្រធានបទចាំបាច់ចំពោះមុខ ដើម្បីរៀបចំឱ្យមានប្រសិទ្ធភាព និងលើកកម្ពស់ការយល់ដឹងរបស់ប្រជាពលរដ្ឋ។
ទី៨៖ ពិនិត្យ និងកែសម្រួលរចនាសម្ព័ន្ធដឹកនាំរបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុង/ស្រុកមួយចំនួន។ លោកប្រធានបានលើកទឹកចិត្តឱ្យសមាជិកក្រុមការងារចុះជាប់ជាមួយមេឃុំ មេភូមិ ដើម្បីជួយដោះស្រាយការងារ និងសម្រេចការងារនៅមូលដ្ឋានភូមិនីមួយៗ។
ទី៩៖ បន្តពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម តាមរយៈការអនុវត្តគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព។ នេះជាកត្តាសំខាន់ក្នុងការថែរក្សាសន្តិសុខនៅមូលដ្ឋាន ដែលរាជរដ្ឋាភិបាលមានការយកចិត្តទុកដាក់យ៉ាងខ្លាំង។
ទី១០៖ បន្តពង្រឹងការគ្រប់គ្រងបរិស្ថាន អនាម័យ សំរាម នៅតាមទីប្រជុំជន និងតាមទីផ្សារ ដោយត្រូវរៀបចំឲ្យមានទីតាំងប្រមូលសំរាម ទីតាំងដាក់សំរាម និងឡដុតសំរាម។ លោកបានលើកទឹកចិត្តឱ្យចូលរួមសម្រេចកិច្ចការនេះ ដើម្បីត្រៀមខ្លួនសម្រាប់ព្រឹត្តិការណ៍ស៉ីហ្គេម ឆ្នាំ២០២៣ខាងមុខ។ លោកក៏បានលើកទឹកចិត្តដល់អាជ្ញាធរស្រុកធ្វើជាគំរូអនុវត្តភាពស្អាត សម្អាតបរិស្ថាន ដឹកនាំសកម្មភាពរើសសំរាមនៅតាមទីប្រជុំជន ផ្សារជាដើម ខណៈនៅខេត្តកំពង់ធំកំពុងសាងសង់ទីលានចាក់សំរាមធំមួយដែលសម្រេចបានជាង៨០%ហើយ។ លោកថា «ប្រសិនបើយើងថែរក្សព្រៃបានច្រើនហើយ បរិស្ថានស្អាតថែមទៀត គឺពិតជាអស្ចារ្យខ្លាំងណាស់សម្រាប់ស្រុកទេសយើង»។
ទី១១៖ បន្តខិតខំលើកកម្ពស់ការផ្តល់សេវាសាធារណៈ ប្រកបដោយស្មារតីទទួលខុសត្រូវ មានតម្លាភាព និងគណនេយ្យភាពចំពោះប្រជាពលរដ្ឋ។ លោកបានណែនាំឱ្យមេឃុំ និងស្មៀនឃុំ ត្រូវចេះសហការគ្នាក្នុងការបម្រើប្រជាពលរដ្ឋឱ្យបានល្អ។
ទី១២៖ បន្តពិនិត្យ និងដោះស្រាយបញ្ហាប្រឈម ក្តីកង្វល់ និងសំណូមពររបស់ប្រជាពលរដ្ឋដែលនៅសល់ចំនួនក្នុងនោះយកចិត្តទុកដាក់ដោះស្រាយទំនាស់ និងជម្លោះក្រៅប្រព័ន្ធតុលាការ។ លោកថា ប្រសិនបើអាជ្ញាធរឃុំ/ភូមិ ឬសមត្ថកិច្ចមូលដ្ឋានជួយដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋក្រៅប្រព័ន្ធតុលាការបានច្រើន គឺពិតជាជួយការងារបានច្រើនជូនប្រជាពលរដ្ឋ និងរាជរដ្ឋាភិបាល។
ទី១៣៖ បន្តជំរុញការធ្វើអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរគំរូថ្មី ជូនប្រជាពលរដ្ឋឲ្យបានគ្រប់ៗគ្នា ដើម្បីឱ្យប្រជាពលរដ្ឋមានឯកសារគ្រប់គ្រាន់ក្នុងការចូលរួមការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៦ ឆ្នាំ២០២៣ខាងមុខ។
ទី១៤៖ ត្រៀមលក្ខណៈធ្វើជាម្ចាស់ផ្ទះរៀបចំពិធីបុណ្យទន្លេលើកទី៧ នាខែមីនា ឆ្នាំ២០២៣ខាងមុខ។ ក្នុងពិធីបុណ្យនេះ សម្ដេចតេជោនាយករដ្ឋមន្ត្រី និងសម្តេចកត្តិព្រឹទ្ធបណ្ឌិតនឹងអញ្ជើញផ្តល់កិត្តិយសជាអធិបតីដ៏ខ្ពង់ខ្ពស់បំផុត។
ទី១៥៖ ខិតខំលុបបំបាត់អំពើអសកម្ម/ចំណុចខ្វះខាត និងធ្វើអំពើល្អ ដើម្បីបង្កើនភាពជឿជាក់ ទុកចិត្ត និងកក់ក្តៅរបស់ប្រជាពលរដ្ឋមកលើរាជរដ្ឋាភិបាល៕