(ភ្នំពេញ)៖ ក្រុមហ៊ុន វ័ន ហ្វ្រេតធើនីធី (វីតាល់) បានរៀបចំព្រឹត្តិការណ៍បរិច្ចាគឈាម ទ្រង់ទ្រាយធំជាថ្មីឡើងវិញ ក្រោយពីការថមថយនៃជំងឺកូវីដ១៩ ដោយបានសហការរៀបចំជាមួយ វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា និង មជ្ឈមណ្ឌលជាតិផ្តល់ឈាម ក្រោមប្រធានបទ «សាមគ្គីភាព នៃវីរជនបរិច្ចាគឈាម»។
កម្មវិធីនេះបានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២២ នៅក្នុងសាលសន្និសីទ វិទ្យាស្ថាន NPIC ក្នុងគោលបំណងបំផុស ចលនាស្ម័គ្រចិត្តបរិច្ចាគឈាម ដើម្បីចូលរួមចំណែក បំពេញតម្រូវការស្តុកឈាម ដល់អ្នកជំងឺដែលកំពុង ត្រូវការឈាមជាចាំបាច់ នៅតាមមន្ទីរពេទ្យនានា និងស្របជាមួយចំនួន អ្នកបរិច្ចាគឈាមមានការធ្លាក់ចុះ និងតម្រូវការឈាមកើនឡើងជាលំដាប់។
កម្មវិធីប្រព្រឹត្ត ទៅក្រោមវត្តមានលោកស្រី ជឹង សុគន្ធាវី អគ្គនាយិកា ក្រុមហ៊ុន វ័ន ហ្វ្រេតធើនីធី (វីតាល់), លោក មួង ផាស៊ី នាយករង វិទ្យាស្ថានជាតិ ពហុបច្ចេកទេសកម្ពុជា និងជាតំណាងលោកបណ្ឌិត ប៊ុន ភារិន នាយក វិទ្យាស្ថាន NPIC, លោកវេជ្ជបណ្ឌិត សុខ ប៉ូ ប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាម និងវត្តមានថ្នាក់ដឹកនាំ មន្ត្រីរាជការ-បុគ្គលិក និស្សិត ដោយទទួលបានអ្នកស្ម័គ្រចិត្ត ផ្តល់អំណោយឈាមជិត៣៥០នាក់។
លោកវេជ្ជបណ្ឌិត សុខ ប៉ូ បានថ្លែងថា ក្នុងនាមមជ្ឈមណ្ឌលជាតិ ផ្តល់ឈាមកម្ពុជា នៃក្រសួងសុខាភិបាល ពិតជាមានកិត្តិយសក្រៃលែង ដោយបានបន្ត រួមសហការជាមួយ វីតាល់ និងពង្រីកដៃគូថ្មីមួយទៀតគឺ វិទ្យាស្ថានជាតិ ពហុបច្ចេកទេសកម្ពុជា ក្នុងការលើកកម្ពស់ការបរិច្ចាគឈាម ដោយស្ម័គ្រចិត្ត ព្រមជាមួយគោលបំណងធានា បាននូវការផ្គត់ផ្គង់ឈាម ដោយសុវត្ថិភាព ក្នុងបរិមាណគ្រប់គ្រាន់ ទាន់ពេលវេលា ដើម្បីជួយសង្គ្រោះ ជីវិតជនរងគ្រោះ និងអ្នកជម្ងឺទាំងអស់ ដែលត្រូវការឈាមជាចាំបាច់ និងក្នុងពេលបន្ទាន់បំផុត។
លោកបន្តថា ការបរិច្ចាគឈាម មិនប៉ះពាល់ដល់សុខភាពទេ ហើយឈាមមានប្រភពតែមួយគត់ គឺពីមនុស្ស មិនមានរោងចក្រណា ផលិតបានទេ។ សូមកុំរង់ចាំដល់វេលាមួយ នៅពេលដែលយើងចង់ ធ្វើអំណោយឈាម បែរជាហួសពេល។
លោកបានបញ្ជាក់ថា ស្ថានភាពតម្រូវការឈាម ក្នុងឆ្នាំ២០២១កន្លងមក យើងត្រូវការឈាមមួយប្លោក ដើម្បីជួយសង្គ្រោះជីវិតអ្នកជំងឺរៀងរាល់៦នាទីម្ដងៗ តម្រូវការឈាម ប្រចាំថ្ងៃសរុបមានជាង២៥០ ទៅ ៣០០ ប្លោក នៅរាជធានីភ្នំពេញ។ តម្រូវការទូទាំងប្រទេសមានជិត១០ម៉ឺនប្លោក ដែលលើស ពីឆ្នាំមុនៗ ជិត២០% ហើយមជ្ឈមណ្ឌលជាតិផ្ដល់ឈាម បានគ្របដណ្តប់ជាង៧០% នៃការផ្គត់ផ្គង់ឈាមទូទាំងប្រទេស។ ចំណែកការទទួលឈាមតាម រយៈសប្បុរសជន ដោយមិនគិតកម្រៃ និងដោយស្ម័គ្រចិត្តឆ្លើយតប បានប្រហែល១០% នៃតម្រូវការក្នុងប្រទេស យើងតែប៉ុណ្ណោះ ក្នុងខណៈដែលប្រទេសជិតខាង ការបរិច្ចាគឈាមដោយស្ម័គ្រ ចិត្តអាចផ្គត់ផ្គង់រហូតដល់លើស ពី៩០%នៃតម្រូវការ នេះបើយោងតាមទិន្នន័យរបស់ អង្គការសុខ ភាពពិភពលោក។
ក្នុងនាកមជ្ឈមណ្ឌលជាតិផ្ដល់ឈាម សូមសំដែងអំណរគុណ ជាអនេកកប្បការ ចំពោះការគាំទ្រទាំងឡាយ ដើម្បីបុព្វហេតុមនុស្សធម៌ និងសូមអំពាវនាវ ឲ្យមានការគាំទ្របន្តទៀត តាមគ្រប់រូបភាព ក្នុងយុទ្ធនាការផ្សេងៗ ក្នុងពេលខាងមុខ។
លោកស្រី ជឹង សុគន្ធាវី បានសម្តែងនូវការអំណរគុណជូនចំពោះថ្នាក់ដឹកនាំ និងនិស្សិត នៃវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា ដែលបានចូលរួមជាដៃគូសហការ រៀបចំព្រឹត្តិការណ៍សម្រាប់ឆ្នាំនេះ និងចូលរួមគាំទ្រគ្រប់សកម្មភាព របស់វីតាល់ជាដរាប។
លោកស្រីបានបន្ថែមថា កម្មវិធីនេះ ត្រូវបានធ្វើឡើង ក្នុងខណៈដែលស្ថានភាពក្នុងស្រុក សហគមន៍ក្នុងតំបន់ ក៏ដូចជាពិភពលោក កំពុងមានចរន្ត នៃការវិលត្រលប់មកវិញ នៃការរីករាលដាលជំងឺកូវីដ១៩ក្តី, វីតាល់ និងវិទ្យាស្ថាន NPIC បានធ្វើការសម្រេចចិត្ត ប្រកបដោយការទទួលខុសត្រូវខ្ពស់ ក្នុងការរៀបចំឲ្យមានឡើងវិញនូវការបរិច្ចាគឈាម ដោយស្ម័គ្រចិត្តរបស់ថ្នាក់ដឹកនាំ មន្ត្រីរាជការ-បុគ្គលិក និងសប្បុរសជន តាមគន្លងប្រក្រតីភាពថ្មី។
លោក មួង ផាស៊ី នាយករង វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា បានថ្លែងថា លើកនេះ ជាព្រឹត្តិការណ៍បរិច្ចាគឈាម ទ្រង់ទ្រាយធំលើកទី១ ដែលវិទ្យាស្ថានបានរៀបចំ និងរៀបចំជាមួយវីតាល់។ ដោយមើលឃើញពីតម្រូវការ ស្តុកឈាម មានការកើនឡើងជាលំដាប់ គួបផ្សំជាមួយដៃគូយុទ្ធសាស្រ្ត របស់យើងគឺ វីតាល់ ផ្តួចផ្តើមរៀបចំព្រឹត្តិការណ៍នេះ វិទ្យាស្ថានបានធ្វើការសម្រេចចិត្តប្រកប ដោយការទទួលខុសត្រូវខ្ពស់ ក្នុងការចូលរួមសហការរៀបចំ ផ្សព្វផ្សាយ និងប្រមែលប្រមូលសាស្រ្តាចារ្យ និងនិស្សិត ចូលរួមបរិច្ចាគឈាម ដោយស្ម័គ្រចិត្តជាមួយបុព្វហេតុរួម ។
គួរបញ្ចាក់ថា វីតាល់ ដែលមានមូលនិធិ២៥៛ បានបន្តរក្សានូវមូលដ្ឋាន នៃការឧបត្ថម្ភគាំទ្រ ក្នុងគ្រប់សកម្មភាព និងយុទ្ធនាការ នៃការបរិច្ចាគអំណោយឈាម ដោយស្ម័គ្រចិត្តពីគ្រប់ស្ថាប័ន៕