(សៀមរាប)៖ លោក សួន សេរីរដ្ឋា រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ និងប្រធានក្រុមប្រឹក្សាភិបាល នៃវេទិកាសន្តិភាពកម្ពុជា (វ.ស.ក) បានបង្ហាញការហួសចិត្ត និងសោកស្តាយចំពោះទង្វើរបស់ក្រុមអ្នកនយោបាយប្រឆាំងមួយចំនួន ដែលយកតម្លៃសន្តិភាព របស់កម្ពុជា ដែលរកបានដោយលំបាកមកជាន់ឈ្លី គ្រាដែលពួកគេបានទទួលផលប្រយោជន៍ជាច្រើនចំពោះសន្តិភាពពីការបូជាសាច់ស្រស់ ឈាមស្រស់ របស់សម្តេចតេជោ ហ៊ុន សែន និងយុទ្ធមិត្តផ្សេងៗទៀត។
ជាមួយគ្នានេះដែរ លោកបានចោទជាសំណួរថា ប្រសិនបើគ្មានសន្តិភាព ក៏គណបក្សនយោបាយ ឬអ្នកនយោបាយមួយចំនួន ដែលកំពុងរិះគន់ ចំពោះការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ក៏មិនអាចធ្វើនយោបាយបានដែរ។
លោក សួន សេរីរដ្ឋា បានក៏បានរំឮកពីព្រឹត្តិការណ៍ឆ្នាំ១៩៩៣ ថា បើទោះបីមានការរៀបចំឱ្យមានដំណើរបោះឆ្នោតដែលបានរៀបចំដោយអ៊ុនតាក់ និងមានក្រុមអង្កេតការណ៍អន្តរជាតិ ព្រមទាំងកម្លាំងចម្រុះអន្តរជាតិ នានា បានចូលរួមការពារដំណើរការបោះឆ្នោត ប៉ុន្តែគ្រប់គណបក្សនយោបាយទាំងអស់ ដែលបានបង្កើតឡើងនៅមុនឆ្នាំ១៩៩៣ ដែលបានចូលរួមបោះឆ្នោត នៅឆ្នាំ១៩៩៣ គឺអត់មានគណបក្សនយោបាយណាមួយអាចទៅលើកស្លាកគណបក្ស ឬចូលធ្វើយុទ្ធនាការឃោសនានយោបាយរបស់ខ្លួននៅក្នុងតំបន់ដែលគ្រប់គ្រងដោយខ្មែរក្រហម ដែលបានដកខ្លួនចេញពីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស បាននោះទេ។
ក្នុងពិធីបើកមហាសន្នតិបាតលើកទី១ របស់វេទិកាសន្តិភាពកម្ពុជា នៅព្រឹកថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២២នេះ នៅខេត្តសៀមរាប លោក សួន សេរីរដ្ឋា បានគូសបញ្ជាក់ថា៖ «បើសិនជាគ្មានសន្តិភាព អ្នកឯងមិនអាចទៅធ្វើនយោបាយនៅក្នុងតំបន់ដែលមានសង្គ្រាមបានទេ ពេលដែលកម្ពុជា មានសន្តិភាពពេញលេញ គ្រប់គណបក្សនយោបាយ គ្រប់អ្នកនយោបាយទាំងអស់ អាចលើកស្លាកគណបក្ស ធ្វើសកម្មភាពនយោបាយគ្រប់ទិសទី ប៉ុន្តែ ពួកគាត់នៅតែអគតិនៅតែរិះគន់ អំពីសន្តិភាពថា មិនស្ងប់ស្ងាត់ផ្លូវចិត្ត មិនមែនជាសន្តិភាពផ្លូវចិត្តដែលអាចទទួលយកបាន ហើយគេវ៉ៃប្រហារមកគុណសម្បត្តិសន្តិភាព គុណតម្លៃនៃសន្តិភាព និងផលប្រយោជន៍ បើទោះបីជាពួកគេកំពុងតែទទួលបាននូវផលប្រយោជន៍ទាំងសេដ្ឋកិច្ច និងផលប្រយោជន៍នយោបាយ ព្រមទាំងផលប្រយោជន៍គ្រប់បែបយ៉ាងពីសន្តិភាព ប៉ុន្តែ ពួកគេអត់ទទួលស្គាល់។ នេះគឺជាចរិក លក្ខណៈ និងសារជាតិរបស់ពួកគេដែលយើងស្គាល់ច្បាស់ និងបានមើលឃើញដដែលៗ»។
ក្នុងនាមជាប្រធានក្រុមប្រឹក្សាភិបាលវេទិកាសន្តិភាពកម្ពុជា លោកបានប្រកាសប្តេជ្ញាឱ្យក្លាយទៅជាសេនាការពារសន្តិភាពដែលកម្ពុជា កំពុងមានពេលបច្ចុប្បន្ននេះ បើទោះនៅក្នុងតម្លៃណាក៏ដោយ គឺមិនឱ្យក្រុមណាមួយ ឬអ្នកនយោបាយណាមួយមកបំផ្លាញតម្លៃសន្តិភាពដែលរកបានដោយលំបាក ពីការលះបង់យកជីវិតធ្វើជាដើមទុនរបស់សម្តេចតេជោ ហ៊ុន សែន បាននោះឡើយ។
«សន្តិភាព ដែលមាននៅក្នុងប្រទេសកម្ពុជា នាពេលបច្ចុប្បន្នេះ គឺជាគុណតម្លៃមិនអាចកាត់ថ្លៃបាន និងមានគុណសម្បត្តិជាសកល និងជាមរតកនយោបាយ ដែលសម្តេចតេជោ ហ៊ុន សែន បានផ្តល់ទុកជូនកូនខ្មែរតជំនាន់ទៅមុខ»។ នេះជាការគូសបញ្ជាក់បន្ថែម របស់លោក សួន សេរីរដ្ឋា។
បន្ថែមពីនេះ លោកបានបន្តថា ជាបាបកម្មអ្នកនយោបាយដែលបានល្មើសគុណនឹងសន្តិភាព មិនទទួលស្គាល់សន្តិភាពពិត បាននិងបន្តបាត់បង់អ្នកគាំទ្រ និងបាត់បង់ប្រជាប្រិយភាពផ្នែកនយោបាយរបស់ខ្លួនជាបន្តបន្ទាប់ ដូច្នេះសូមជឿជាក់លើការពិតជាក់ស្តែង និងមិនត្រូវជឿលើការប្រមើលស្រម៉ៃរបស់ក្រុមអ្នកនយោបាយអគតិមួយចំនួនតូចនោះទេ។
លោកបន្តថា ផ្ទុយទៅវិញបើអ្នកនយោបាយ ឬមេដឹកនាំបក្សនយោបាយណាមួយទទួលស្គាល់ការពិតនេះជាសាធារណៈនោះ គេនឹងទទួលបាននូវការគោរពពីប្រជាពលរដ្ឋខ្មែរ យុវជនខ្មែរយ៉ាងច្រើនលើសលុបដែលកំពុងរស់ទទួលផលពីសន្តិភាពនាពេលបច្ចុប្បន្ននេះ។ តែបើពួកគេនៅតែបន្តយកសន្តិភាព ដែលកម្ពុជាមានបច្ចុប្បន្នធ្វើជាសត្រូវនយោបាយរបស់ក្រុមបក្សនយោបាយរបស់ពួកគេនោះ ពួកគេមិនខុសពីក្រុមពពួកមារ ដែលតាមផ្ចាញ់ព្រះ តែទីបញ្ចប់ត្រូវរលាយខ្លួនឯងនោះទេ៕