(ព្រះសីហនុ)៖ លោក ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានថ្លែងថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ត្រូវបានរៀបចំកាន់តែល្អប្រសើរឡើង បើប្រៀបធៀបនឹងការបោះឆ្នោតមុនៗ។
ក្នុងពិធីបិទសន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ នៅខេត្តព្រះសីហនុ នាថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២២ លោក ប្រាជ្ញ ចន្ទ បានឲ្យដឹងថា ដំណើរការរៀបចំការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ត្រូវបានរៀបចំឡើង ដោយអនុលោមទៅតាមច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ បទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ និងប្រតិទិនសម្រាប់ការបោះឆ្នោត។
លោកបន្តថា «ជាទូទៅ ការបោះឆ្នោតនៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ ត្រូវបានមតិជាតិ និងអន្តរជាតិ វាយតម្លៃថា បានប្រព្រឹត្តទៅក្នុងបរិយាកាសសន្តិភាព ស្ងប់ស្ងាត់ល្អ គ្មានអំពើហិង្សា ប្រកបដោយភាពរលូន តម្លាភាព សេរី ត្រឹមត្រូវ យុត្តិធម៌ ស្របតាមលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ហើយត្រូវបានរៀបចំកាន់តែល្អប្រសើរឡើងទាំងលើទិដ្ឋភាពច្បាប់ និងទិដ្ឋភាពបច្ចេកទេស បើប្រៀបធៀបនឹងការបោះឆ្នោតមុនៗ»។
លោក ប្រាជ្ញ ចន្ទ បន្តថា ជោគជ័យដ៏ត្រចះត្រចង់ដែលសម្រេចបាននេះ គឺអាស្រ័យដោយមានការចូលរួមចំណែកដ៏ថ្លៃថ្លាប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ពីស្ថាប័ននីតិប្បញ្ញត្តិ នីតិប្រតិបត្តិ គណៈបញ្ជាការសន្តិសុខអចិន្រ្តៃយ៍ សម្រាប់ការបោះឆ្នោត មន្រ្តីបោះឆ្នោតគ្រប់លំដាប់ថ្នាក់ អាជ្ញាធរដែនដីគ្រប់កម្រិត ក្រុមប្រឹក្សាឃុំ សង្កាត់ ស្មៀនឃុំ សង្កាត់ គណបក្សនយោបាយ ប្រទេសផ្តល់ជំនួយ អង្គការ សមាគម អ្នកសារព័ត៌មានជាតិ អន្តរជាតិ និងអ្នកពាក់ព័ន្ធដទៃទៀត ជាពិសេសប្រជាពលរដ្ឋមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ដែលបានអញ្ជើញទៅបោះឆ្នោត យ៉ាងច្រើនកុះករ ប្រកបដោយទឹកមុខរីករាយ និងគ្មានការភ័យខ្លាច។
លោកបានថ្លែងអំណរគុណដ៏ជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាលកម្ពុជា កងកម្លាំងប្រដាប់អាវុធ និងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ និងតាមរយៈយន្តការគណៈបញ្ជាការសន្តិសុខអចិន្រ្តៃយ៍សម្រាប់ការបោះឆ្នោត ដែលបានដាក់ចេញ នូវវិធានការប្រកបដោយប្រសិទ្ធភាព ដើម្បីរក្សាស្ថិរភាព សន្តិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាពសង្គម ក្នុងដំណើរការរៀបចំការបោះឆ្នោត។
លោក ប្រាជ្ញ ចន្ធ ក៏បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះមន្រ្តីបោះឆ្នោតគ្រប់លំដាប់ថ្នាក់ ក្រុមប្រឹក្សាឃុំ សង្កាត់ ស្មៀនឃុំ សង្កាត់ ដែលបានបំពេញភារកិច្ច ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ តាមតួនាទីភារកិច្ច ដែលបានកំណត់ និងទទួលបាន លទ្ធផល គួរជាទីមោទនៈ។ លោកក៏សម្ដែងនូវការកោតសរសើរ ចំពោះគណបក្សនយោបាយដែលបានចុះបញ្ជីគណបក្សនយោយបាយ និងបេក្ខជនឈរឈ្មោះបោះឆ្នោត អ្នកសង្កេតការណ៍ អ្នកសារព័ត៌មានជាតិ អន្តរជាតិ ដែលអនុវត្តបាននូវសិទ្ធិ និងករណីយកិច្ចរបស់ខ្លួន ដូចមានចែងក្នុងច្បាប់ បទបញ្ជា និងនីតិវិធី ក្រមសីលធម៌សម្រាប់ភាគីពាក់ព័ន្ធនីមួយៗ ក្នុងដំណើរការបោះឆ្នោត ប្រកបដោយភាពថ្លៃថ្នូរ និងការទទួលខុសត្រូវខ្ពស់៕