(ភ្នំពេញ)៖ ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (កយកា-KOICA) អាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកម្ចាត់មីន និងសង្គ្រោះជនពិការដោយសារមីន (CMAA) និងអង្គការកម្មវិធីអភិវឌ្ឍន៍របស់អង្គការសហប្រជាជាតិ (UNDP) និងសហគមន៍ម្ចាស់ជំនួយ នៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២២នេះ បានបើកការប្រជុំសម្រាប់ពាក់កណ្តាលឆ្នាំ២០២២ របស់ក្រុមប្រឹក្សាភិបាល នៃ «គម្រោងបោសសម្អាតមីន ដើម្បីលទ្ធផលដំណាក់កាលទី៤(CFR-IV)-សកម្មភាពមីនសម្រាប់គម្រោងអភិវឌ្ឍន៍មនុស្ស»។
កិច្ចប្រជុំនេះ ត្រូវបានធ្វើឡើងក្រោមអធិបតីភាព លោកស្រី ជី យៀក្យុង (Ms. Ji Yea Kyung) អនុប្រធានតំណាង នៃការិយាល័យកយកា-KOICA ប្រចាំប្រទេសកម្ពុជា និងលោក លី ធុជ ទេសរដ្ឋមន្ត្រី និងជាអនុប្រធានទី១ អាជ្ញាធរមីន និងលោកស្រី Sonali Dayaratne អនុប្រធានតំណាង នៃកម្មវិធីអភិវឌ្ឍន៍របស់អង្គការសហប្រជាជាតិ (UNDP) ប្រចាំកម្ពុជា រួមជាមួយសហការីអាជ្ញាធរមីន និងពយូអិនឌីភី និងមានការចូលរួមពីតំណាងមកពី នាយកដ្ឋានកិច្ចការបរទេស និងពាណិជ្ជកម្ម (DFAT) របស់ប្រទេសអូស្រ្តាលី ប្រទេសនូវែលហ្សេឡង់ និងមកពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
កិច្ចប្រជុំនេះ គឺដើម្បីពិនិត្យ ទី១៖ សមិទ្ធផលគម្រោងពីខែមករា ដល់ខែមិថុនា ឆ្នាំ២០២២, ទី២៖ ការងារអាទិភាពសំខាន់ៗ សម្រាប់ខែកក្កដា ដល់ខែធ្នូ ឆ្នាំ២០២២, ទី៣៖ បញ្ហាប្រឈមក្នុងការអនុវត្តគម្រោង និងទី៤៖ បច្ចុប្បន្នភាពហិរញ្ញវត្ថុ ជាដើម។
អ្នកចូលរួមទាំងអស់ បានចូលរួមយ៉ាងសកម្មនៅក្នុងកិច្ចប្រជុំ និងចែករំលែកការយល់ដឹង និងយោបល់របស់ពួកគេលើប្រធានបទដែលបានលើកឡើង ដែលនាំឲ្យកិច្ចប្រជុំនេះបានទទួលលទ្ធផលជាផ្លែផ្កា។
សូមជម្រាបថា «គម្រោងបោសសម្អាតមីន ដើម្បីលទ្ធផលដំណាក់កាលទី៤ (CFR-IV)-សកម្មភាពមីនសម្រាប់គម្រោងអភិវឌ្ឍន៍មនុស្ស» គឺស្របតាមយុទ្ធសាស្ត្រជាតិសកម្មភាពមីន (NMAS) របស់កម្ពុជា ហើយមានលទ្ធភាពខ្ពស់ក្នុងការរួមចំណែកដល់កម្ពុជាគ្មានមីន ដែលជាគោលដៅទី១៨ របស់គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDG) ដែលកំណត់ដោយរដ្ឋាភិបាលកម្ពុជា ហើយ កយកា-KOICA បាននិងកំពុងជួយដល់សកម្មភាពបោសសម្អាតមីននៅកម្ពុជា ដោយផ្តល់ថវិកាចំនួន ១០លានដុល្លារអាមេរិក ពីឆ្នាំ២០២១ ដល់ឆ្នាំ២០២៥៕