(បន្ទាយមានជ័យ)៖ ក្រោមការណែនាំផ្ទាល់ពីលោក ស៊ាន ស៊ីណាត ប្រធានសាខាកាំកុងត្រូវខេត្តបន្ទាយមានជ័យ កម្លាំងសាខាកាំកុងត្រូលខេត្ត សហការជាមួយ អាជ្ញាធរនគរបាលមូលដ្ឋាន នគរបាលប្រឆាំងបទល្មើសេដ្ឋកិច្ចខេត្ត-ក្រសួងមហាផ្ទៃ នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៦នេះ បានបន្តយុទ្ធនាការ ចុះត្រួតពិនិត្យ ទំនិញដែលដាក់តាំងលក់នៅក្នុងផ្សារបន្ទាយឆ្នារ ស្ថិតនៅឃុំបន្ទាយឆ្មារ ស្រុកពួក ដើម្បីរកឲ្យឃើញ តើទំនិញណាខ្លះខូចគុណភាព ដែលនេះជាការងារប្រចាំរបស់មន្រ្តីសាខាកាំកុងត្រូលខេត្ត ដើម្បីចូលរួមថែរក្សាសុខភាព របស់ប្រជាពលរដ្ឋទូទៅចំពោះការទិញទំនិញពីក្នុងផ្សារនានា។
លោក ហុង លៀង អនុប្រធានទី១ទទួលបន្ទុក ស្ថិតិទីផ្សារទូទាំងខេត្តបន្ទាយមានជ័យ ដែលដឹកនាំកម្លាំងចុះធ្វើការងារនេះ បានថ្លែងប្រាប់ Fresh News ថា «នៅព្រឹកថ្ងៃនេះ ខ្ញុំ និងកម្លាំងសមត្ថកិច្ចពាក់ព័ន្ធបន្តចុះត្រួតពិនិត្យ ដែលដាក់តាំងលក់ នៅក្នុងផ្សារបន្ទាយឆ្មារ រហូតធ្វើការរឹបអូសទំនិញមួយចំនួនផងដែរ ក្នុងនោះយើងឃើញត្រីខចំនួន១៨១ដែលខូចគុណភាព»។
លោក ហុង លៀង ជាថ្មីម្តងទៀត បានអំពាវនាវដល់ក្រុមអាជីវករ និងប្រជាពលរដ្ឋទាំងឡាយ ដែលរកស៊ីលក់ទំនិញ ផ្សេងៗ ត្រូវចូលរួមពង្រឹងនូវគុណភាពឲ្យបានខ្លាំង ដើម្បីទប់ស្កាត់ការប៉ះពាល់ដល់សុខភាព របស់ប្រជាពលរដ្ឋខ្មែរទូទៅ ប៉ុន្តែឥឡូវនេះ ក្រុមអាជីវករមានការយល់ដឹងច្រើនជាងមុន ក្រោយពីកម្លាំងសមត្ថកិច្ចចំរុះ ចុះត្រួតពិនិត្យជាច្រើនលើករួចមក៕