(ភ្នំពេញ)៖ លោក សួន សេរីរដ្ឋា រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ និងប្រធានក្រុមប្រឹក្សាភិបាលវេទិកាសន្តិភាពកម្ពុជា (វ.ស.ក) បានលើកឡើង នយោបាយឈ្នះឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន ដែលបានដាក់ចេញសម្រាប់កម្រាប់កម្ពុជា បានក្លាយទៅជាគ្រាប់ពូជសកលមួយសម្រាប់ប្រទេសដែលកំពុងមានសង្គ្រាម គឺត្រូវការគ្រាប់ពូជសន្តិភាព គ្រាប់ពូជនយោបាយឈ្នះឈ្នះពីកម្ពុជា។
ការលើកឡើងបែបនេះរបស់ លោក សួន សេរីរដ្ឋា បានធ្វើឡើងក្នុងពិធីបើកមហាសន្នតិបាតលើកទី១ របស់វេទិកាសន្តិភាពកម្ពុជា នៅព្រឹកថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២២នេះ នៅខេត្តសៀមរាប។ លោក សួន សេរីរដ្ឋា បានគូសបញ្ជាក់ថា៖ «យើងឃើញថានយោបាយឈ្នះឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន ដែលដាក់ចេញសម្រាប់កម្រាប់កម្ពុជា បានក្លាយទៅជាគ្រាប់ពូជសកលមួយដែលពេលនេះ ប្រទេសដែលកំពុងតែមានសង្គ្រាម កំពុងតែមានវិបត្តិឈ្លោះប្រកែកគ្នា គឺត្រូវការគ្រាប់ពូជសន្តិភាព ត្រូវការគ្រាប់ពូជនយោបាយឈ្នះឈ្នះ ពីកម្ពុជា»។
ជាមួយគ្នានេះដែរ លោក សួន សេរីរដ្ឋា បានបន្តថា រយៈពេលជាង២៣ឆ្នាំមកនេះ ដែលប្រទេសកម្ពុជា មានសន្តិភាពពេញលេញ មានរាជរដ្ឋាភិបាលតែមួយ មានព្រះមហាក្សត្រ តែមួយអង្គ រដ្ឋធម្មនុញ្ញាតែមួយ មានកងកម្លាំងប្រដាប់អាវុធតែមួយក្រុម ហើយប្រជាពលរដ្ឋខ្មែរជាង១៦លាននាក់ បានរស់នៅក្រោមដំបូលនៃសុខសន្តិភាព ប្រជាពលរដ្ឋអាចធ្វើដំណើរមានសុខសុវត្ថិភាពពេញលេញទាំងអស់ទាំងនេះ ក៏ទទួលបានដោយសារតែគុណតម្លៃសន្តិភាព។
លោក សួន សេរីរដ្ឋា បានគូសបញ្ជាក់ថា ស្តែងតាមរយៈគោលនយោបាយឈ្នះឈ្នះ ប្រទេសកម្ពុជា បាននឹងកំពុងតែទទួលស្គាល់នូវការអភិវឌ្ឍ មានតែអប់រំ បណ្តុះបណ្តាលឱ្យប្រជាពលរដ្ឋបានចូលរួមចំណែកលើវិស័យផ្សេងៗ ដើម្បីធ្វើយ៉ាងណាឱ្យសេដ្ឋកិច្ចជាតិ និងជីវភាពរបស់ប្រជាពលរដ្ឋមានការរីកចម្រើន ដែលផ្ទុយស្រឡះពីអតីតកាលប្រទេសកម្ពុជា បានជួបប្រទះតែងតែប្រយុទ្ធគ្នាគ្មានពេលស្រាកស្រាន្តជាដើម។
«មួយយប់នៅក្នុងភ្លើងសង្គ្រាម នៅក្នុងពេលប្រយុទ្ធគ្នាក្នុងសង្គ្រាម គឺយូរមែនទែន កាលណាមានសង្គ្រាម គឺគ្មានអ្វីដែលល្អនោះទេ សម្រាប់ការរស់នៅ សម្រាប់ជីវភាពរបស់ប្រជាពលរដ្ឋ សម្រាប់ការរៀនសូត្ររបស់យុវជន សិស្សានុសិស្ស និងសម្រាប់អ្វីៗទាំងអស់»។ នេះជាលើកឡើងបន្ថែមរបស់លោក សួន សេរីរដ្ឋា។
បន្ថែមពីនេះ លោកបានបញ្ជាក់ថា សន្តិភាព គឺជាគ្រឹះតែមួយគត់ សម្រាប់ធានាឱ្យមានបរិយាកាសរៀបចំការបោះឆ្នោតដោយសេរី និងយុត្តិធម៌ ហើយសន្តិភាពក៏ជាផ្លូវតែមួយគត់ ដើម្បីឱ្យដំណើរនៃលទ្ធិប្រជាធិបតេយ្យកើតមានឡើង ជាមួយនឹងការគោរពសិទ្ធិមនុស្ស៕