(ភ្នំពេញ)៖ វីតាល់ ផ្អែកលើ មូលនិធិ ២៥៛ បានពាំនាំថវិកា១លានរៀល និងឈើច្រត់ ព្រមទាំងអំណោយទឹកពិសាវីតាល់ ជូនដល់លោកយាយ មាស គឹមហេង អាយុ៨៥ឆ្នាំ ដែលជួបគ្រោះថា្នក់ចរាចរណ៍ដាច់ជើងម្ខាង ហើយគ្មានលុយព្យាបាលជងឺ និងគ្មានសាច់ញាតិសូម្បីតែម្នាក់ បាននឹងកំពុងសម្រាកនៅមន្ទីពេទ្យរុស្សីតែលតោលម្នាក់ឯង ហើយពឹងលើអ្នកជិតខាងក្បែរគ្រែឧបត្ថម្ភអាហារប្រចាំថ្ងៃ។
បន្ទាប់ពីបានចុះទៅសួរសុខទុក្ខ លោកយាយ គឹមហេង កាលពីថ្ងៃទី២១ ខែឧសភា វីតាល់បានយល់កាន់តែច្បាស់ពីស្ថានភាពជងឺ និងភាពលំបាករបស់លោកយាយកំសត់ ដែលបានរស់នៅម្នាក់ឯងជាង ៤០ឆ្នាំមកហើយ។ លោកយាយក៏កាន់តែធ្លាក់ខ្លួនពិការ បន្ទាប់ពីជួបគ្រោះថ្នាក់អកុសលដាច់ជើងម្ខាង ទាំងខ្លួនក្រីក្រ ចាស់ជរា ទុរគត។
និយាយទាំងទឹកភ្នែក លោកយាយ គឹមហេង មានឲ្យដឹងថា យាយមានអាយុ៨៥ឆ្នាំទៅហើយ សព្វថ្ងៃរស់នៅក្នុងវត្តព្រះធាតុ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ។ លោកយាយរស់នៅដោយផ្អែកជីវិតនៅនឹងវត្ត អស់រយៈពេល ជាង៤០ឆ្នាំហើយ បន្ទាប់បាត់បង់ប្តី និងកូនទាំងអស់កាលពីជំនាន់ ប៉ុល ពត។ លោកយាយបន្តថា លោកយាយជួបគ្រោះថា្នក់ចរាចរណ៍ នៅពេលដែលលោកយាយធ្វើដំណើរតាមរ៉ឺម៉កម៉ូតូ ទៅធ្វើបុណ្យនៅខេត្តកំពង់ស្ពឺ បន្ទាប់ពីជួបគ្រោះថ្នាក់ លោកយាយបានសន្លប់ធំហើយត្រូវបានគេបញ្ជូនមកពេទ្យ ដោយអត់មានលុយក្នុងខ្លួនសោះ។ លោកយាយត្រូវបានក្រុមគ្រូពេទ្យជួយព្យាបាល និងវះកាត់ជើងលោកយាយចេញ ហើយមកទល់នឹងពេលនេះលោកយាយរាងធូរស្បើយច្រើន ប៉ុន្តែលោកយាយគេងពេទ្យម្នាក់ឯងរហូត មិនមានញាតិមិត្តបងប្អូនណាមកសួរសុខទុក្ខទេ។ រាល់ថ្ងៃលោកយាយារស់នៅក្នុងមន្ទីពេទ្យ ដោយពឹងលើបងប្អូនអ្នកជងឺដែលនៅក្បែរគ្រែ គេជួយមើលថែ និងផ្តល់អាហារសម្រាប់បរិភោគបន្តិចបន្តួច។
អ្នកជំងឺដែលស្ថិតនៅជិតគ្រែលោកយាយ គឹមហេង ពិតជាសាទរក្រុមហ៊ុនវីតាល់ណាស់ ចំពោះការមកសួរសុខទុក្ខ និងផ្តល់ការឧបត្ថម្ភដល់លោកយាយហេង ព្រោះម្នាក់ៗគឺសុទ្ធតែអាណិត និងចង់ឲ្យមានការជួយទំនុក បម្រុងលោកយាយកំឡុងពេលដែលលោកយាយកំពុងស្ថិតនៅក្នុងស្ថានភាពដ៏ពិបាក។
លោក អ៊ុំ វណ្ណៈ មន្ត្រីទំនាក់ទំនងរបស់ក្រុមហ៊ុន វីតាល់ បានឲ្យដឹងថា ប្រជាពលរដ្ឋខ្មែរទូទៅជាពិសេសអតិថិជន វីតាល់ ប្រាកដជាបានដឹងពីមូលនិធិវីតាល់ ដែលក្រុមហ៊ុនយកចិត្តទុកដាក់បំផុត ចំពោះការងារសង្គម វីតាល់ គឺសកម្មណាស់ចំពោះការងារសង្គម ព្រោះនេះគឺជាផ្នែកមួយនៃទស្សនៈវិស័យរបស់ក្រុមហ៊ុន។ ការឧបត្ថម្ភគ្រប់រូបភាពនៃអំពើមនុស្សធម៌ ដើម្បីជាសក្ខីភាពនៃការចូលរួមគាំទ្រវីតាល់បង្កើនឲ្យមូលនិធិ ២៥៛ វីតាល់កាន់តែរីកធំ។ ទាំងថ្នាក់ដឹកនាំ និងអគ្គនាយិកា វីតាល់ តែងតែមានទឹកចិត្តសន្តោសប្រណៃ និងយកចិត្តទុកដាក់ ចំពោះជនចាស់ជរាដែលគ្មានទីពឹង។ ជាក់ស្តែងដូចជាលោកយាយ ហេង ដែលមានអាយុ ៨៥ឆ្នាំទៅហើយ ក៏ជាប់មានរឿងអកុសលជាប់រហូត។ បើទោះជាការឧបត្ថម្ភលើកនេះមិនមានច្រើនលើសលប់ ប៉ុន្តែយ៉ាងហោចណាស់ក៏អាចជួយសម្រួលដល់ស្ថានភាពលោកយាយបានមួយគ្រាធំដែរ។ វីតាល់ ក៏សូមអំពាវនាវ ដល់សប្បុរសជនដទៃទៀត សូមបន្តឧបត្ថម្ភដល់លោកយាយផង ជឿថាការចូលរួមរបស់អ្នកទាំងអស់គ្នាគឺបានបុណ្យច្រើនណាស់។
គួររំលឹកផងដែរថា ដើម្បីឆ្លើយតបនឹងការគាំទ្រយ៉ាងខ្លាំងរបស់ប្រជាពលរដ្ឋខ្មែរ ក៏ដូចជាអតិថិជន វីតាល់ ដែលតែងតែគាំទ្រផលិតផលវីតាល់យ៉ាងពេញទំហឹង ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ វីតាល់ប្តេជ្ញាថានឹងយកកញ្ចក់ថវិកាសប្បុរសធម៌ ដែលបានចូលរួមពីអតិថិជនទាំងអស់ទៅធ្វើកម្មវិធីសប្បុរសធម៌ជាច្រើនបន្ថែមទៀត ដើម្បីឧទ្ទិសកុសលផលបុណ្យ ជូនត្រឡប់ទៅអតិថិជនទាំងអស់វិញ។ ដូច្នេះហើយ គ្រាន់តែជាអតិថិជនវីតាល់ អ្នកគឺបានចូលរួមធ្វើបុណ្យកុសល និងចូលរួមចំណែកនៃការជួយ និងអភិវឌ្ឍសង្គមបានជាច្រើន «វីតាល់មោទនភាពផលិតផលជាតិ» ៕