(ព្រះសីហនុ)៖ សមាសភាពក្រុមប្រឹក្សាសង្កាត់ទាំង៤ អាណត្តិទី៥ របស់ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ត្រូវបានប្រកាសសុពលភាព នៅថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២២ ដើម្បីចូលកាន់តំណែងបម្រើការងារ របស់ក្រុមប្រឹក្សាឃុំ សង្កាត់ បន្ដអនុវត្ត តួនាទី ភារកិច្ច បម្រើប្រជាពលរដ្ឋក្នុងដែនសមត្ថកិច្ចរបស់់ខ្លួនឲ្យកាន់តែប្រសើរ។
ការប្រកាសសុពលភាពនេះ នៅសង្កាត់លេខ១ ធ្វើឡើងក្រោមអធិបតីភាព លោក គួច ចំរើន អភិបាលខេត្ត, សង្កាត់លេខ៣ ធ្វើឡើងក្រោមអធិបតីភាព លោក ឡុង ឌីម៉ង់ អភិបាលរងខេត្ត និងសង្កាត់លេខ៣ លេខ៤ ធ្វើឡើងក្រោមអធិបតីភាព លោក អ៉ី សុខឡេង អភិបាលក្រុងព្រះសីហនុ។
គណៈអធិបតីដែលបានអញ្ជើញប្រកាសសុពលភាព ក្រុមប្រឹក្សាសង្កាត់ទាំង៤នេះ គឺសុទ្ធតែបានណែនាំ និងក្រើនរំលឹកដល់ក្រុមប្រឹក្សាសង្កាត់ទាំងអស់ សម្រាប់អាណត្តិទី៥នេះ ត្រូវឈរលើគោលការច្បាប់ ធ្វើជាតំណាងឲ្យប្រជាពលរដ្ឋ ខិតខំបំពេញ តួនាទី ភារកិច្ច ក្នុងការគ្រប់គ្រង់ចាត់ចែកកិច្ចការមូលដ្ឋានរបស់ខ្លួន ដើម្បីឆ្លើយតបតម្រូវការ និងបម្រើផលប្រយោជន៍ប្រជាពលរដ្ឋដោយស្មើភាព យុត្តិធម៌ មិនត្រូវប្រកាន់និន្នាការនយោបាយអ្វីឡើយ។
លោកក៏បានជំរុញឲ្យសមាជិកក្រុមប្រឹក្សាសង្កាត់ ត្រូវសម្រួចឆន្ទៈក្នុងការចូលរួមបញ្ចេញសមត្ថភាព ប្រាជ្ញា ស្មារតី កម្លាំងកាយ កម្លាំងចិត្ដ ដើម្បីបម្រើផលប្រយោជន៍របស់ប្រជាពលរដ្ឋក្នុងសង្កាត់របស់ខ្លួន ពិសេសយកចិត្ដទុកដាក់អនុវត្ដឲ្យបានត្រឹមត្រូវតាមគោលនយោបាយច្បាប់ និងលិខិតបទដ្ឋានគតិយុត្ដនានា របស់រាជរដ្ឋាភិបាល បំពេញការងារចំពោះមុខឲ្យបានម៉ត់ចត់ រួមទាំងការធានាបាននូវសាមគ្គីភាពផ្ទៃក្នុង និងការយោគយល់គ្នានៅក្នុងការបំពេញការងាររបស់ខ្លួន៕