(ភ្នំពេញ)៖ ក្រោមការគាំទ្រយ៉ាងពេញទំហឹងរបស់ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៃក្រសួងមហាផ្ទៃ នឹងធ្វើឲ្យកម្មវិធីដ៏ល្អមួយគឺ «កម្ពុជាផ្ទះទី២របស់ខ្ញុំ» ជួយសម្រួល និងទាក់ទាញវិនិយោគិនបរទេស មកបណ្តាក់ទុនវិនិយោគនៅកម្ពុជាបន្ថែមទៀត។ កម្មវិធីនេះ ជួយទាក់ទាញវិនិយោគិនបរទេស តាមរយៈការជួយឲ្យពួកគេគេចផុតបណ្តាញទុច្ចរិតមួយចំនួន ដែលរត់ការផ្នែកអន្តោប្រវេសន៍ ដែលឈានដល់ការធ្វើឲ្យពួកគេចាញ់បោក និងគ្មានជំនឿចិត្តក្នុងការចង់មកវិនិយោគនៅកម្ពុជា។
លោក នូវ សុខភាព ប្រធានក្រុមប្រឹក្សាភិបាលសមាគមមូលនិធិគ្រួសារខ្មែរ បានឲ្យដឹងថា កន្លងមកនេះ ការរាតត្បាតជាសាកល នៃជំងឺកូរីដ១៩ បាននាំមកនូវវិបត្តិ និងផលប៉ះពាល់ បង្កើតជាគ្រោះមហន្តរាយដល់សេដ្ឋកិច្ចលើគ្រប់វិស័យ ជាពិសេសវិស័យទេសចរណ៍ សេវាកម្មកំសាន្ត និងអាកាសចរណ៍ ក្នុងនោះកម្ពុជា ក៏បានទទួលរងឥទ្ធិពលអវិជ្ជមាន ផងដែរ។ ដើម្បីចូលរួមស្តារសេដ្ឋកិច្ចឡើងវិញ សមាគមមូលនិធិគ្រួសារខ្មែរ ត្រូវបាន បង្កើតឡើង ក្នុងគោលបំណងដើម្បីជួយដល់ចាស់ជរា ស្ត្រី និងកុមារ ជាពិសេសជនដែល ងាយរងគ្រោះ ផ្សេងៗទៀតដោយមានការជួយជ្រោមជ្រែងពីសប្បុរសជន ដើម្បីជួយដល់សង្គមនិងលើក កម្ពស់វិស័យ សង្គមក្នុងព្រះរាជាណាចក្រកម្ពុជា។
លោកបន្តថា ដោយមានការទុកចិត្ត និងគាំទ្រពីសំណាក់សមាជិករបស់ សមាគមមូលនិធិគ្រួសារខ្មែរ កម្មវិធី «កម្ពុជាផ្ទះទី២របស់ខ្ញុំ» ដែលជាកម្មវិធីគាំទ្រដោយ ក្រសួងមហាផ្ទៃ ស្របតាមច្បាប់អន្តោប្រវេសន៍ និងគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ត្រូវបានបង្កើតឡើង។
សូមជម្រាបថា នៅទសវត្សរ៍៩០ រាជរដ្ឋាភិបាលនៃកម្ពុជា បានបង្កើតច្បាប់ អន្តោប្រវេសន៍ ដើម្បីទាក់ទាញនូវការវិនិយោគក្រៅប្រទេស ចូលមកប្រទេសកម្ពុជា។
នាពេលនោះ ផែនការដែលបង្កើតឡើងទទួលបានភាពជោគជ័យយ៉ាងខ្លាំង ហើយបានក្លាយជាកម្លាំងស្របទាញ នៃការអភិវឌ្ឍសេដ្ឋកិច្ចនៅក្នុងស្រុក និងបានបង្កើន នូវកម្រិត GDP នៃប្រទេសកម្ពុជាក្នុងអំឡុងឆ្នាំ 1994-2018 ជាមួយនឹងលទ្ធផល គួរឲ្យភ្ញាក់ផ្អើល។ តែយ៉ាងណា ដោយសារតែប្រព័ន្ធគ្រប់គ្រង នាពេលនោះ មិនទាន់មានភាពលំអិតនៅឡើយ ដូច្នេះមានក្រុមហ៊ុនមិនត្រឹមត្រូវជាច្រើនបានឆ្លៀតឱកាសឆបោក ចំពោះការរត់ការអន្តប្រវេសន៍ បណ្តាលឲ្យមានករណី ឆបោកអន្តោប្រវេសន៍ជាច្រើន នាពេលនោះ។
បន្ទាប់ពីឆ្លងកាត់ ការពិភាក្សានិងត្រួតពិនិត្យ យ៉ាងលម្អិត រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងមហាផ្ទៃ បានយល់ឃើញថា នេះជាពេលវេលាដ៏សាកសមបំផុត ក្នុងការអនុវត្តជំហានដំបូង នៃច្បាប់អន្តោប្រវេសន៍ថ្មីនេះ។ ដូច្នេះក្រសួងមហាផ្ទៃ តាមរយៈអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានសម្រេចប្រកាសគាំទ្រនូវកម្មវិធី «កម្ពុជាផ្ទះទី២របស់ខ្ញុំ» ជាផ្លូវការ។
សូមជម្រាបដែរថា នៅរសៀលថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២២ នៅការិយាល័យ ក្រុមហ៊ុន GC-Property ក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ក្រោមអធិបតីភាព លោក នូវ សុខភាព ដែលតំណាងឲ្យក្រុម ហ៊ុន ម៉ាយ សេខិន ហូម ស៉ីអិម២អេច (My Second Home CM2H) ផងនោះ បានធ្វើពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀង សហការ ផ្តល់សិទ្ធលក់កញ្ចប់សេវាកម្ម កម្មវិធី «កម្ពុជាផ្ទះទី២របស់ខ្ញុំ» ជាផ្លូវការជាមួយអ្នកនាង សឺរ៉ែន (Sharen Liew) និងលោក ហ្វីលិច យ៉ុង (Felix Youg) ដែលតំណាងឲ្យក្រុមហ៊ុន ហ្គោដិន (ខេមបូឌា) សេនជូរី ប្រផឺធី ឯ.ក (GC Property)។
ចំពោះអ្នកដែលបានចុះឈ្មោះ ជាមួយនឹងកម្មវិធី កម្ពុជាផ្ទះទី២របស់ខ្ញុំ នឹងទទួលបានសេវាកម្ម ពិសេសៗជាច្រើន សម្រាប់ការរស់នៅ និងអាជីវកម្មរបស់ខ្លួន រួមមានកញ្ចប់ទិដ្ឋការមាស រយៈពេល ១០ឆ្នាំ។
លើសពីនេះ ក្រុមហ៊ុននឹងជួយសម្របសម្រួល ក្នុងការអភិវឌ្ឍអាជីវកម្ម របស់សមាជិក ការប្រឹក្សាយោបល់ផ្នែកច្បាប់ ការបង់ពន្ធអាករ គឺបន្ទាប់ពីចូលជាសមាជិកកម្មវិធី កម្ពុជាផ្ទះទី២របស់ខ្ញុំ និងការចុះបញ្ជីពាណិជ្ជកម្ម ជាដើម។ អ្វីដែលកាន់តែពិសេសនោះ ជនបរទេស ឬវិនិយោគិនទាំងឡាយ អាចស្នើសុំលិខិតឆ្លងដែន ព្រះរាជាណាចក្រកម្ពុជា បន្ទាប់ពីរយៈពេល ៥ឆ្នាំថែមទៀតផង៕