(អវកាស)៖ មនុស្សយន្តចំនួន ០៤គ្រឿងត្រូវបានអង្គការ NASA ព្យាយាមអភិវឌ្ឍន៍អស់ជាច្រើនឆ្នាំមក ហើយ ដើម្បីបំពេញបេសសកម្មស្រាវជ្រាវនិងគ្រប់គ្រងភពអង្គារ ដែលស្ថិតនៅចម្ងាយរាប់រយលាន គីឡូម៉ែត្រពីផែនដី មុននឹងទីភ្នាក់អវកាសលេខ១លើលោករបស់អាមេរិកនេះ បញ្ជូនមនុស្សពិតទៅកាន់ ភពក្រហមនោះតែម្តងក្នុងឆ្នាំ ២០៣៥។ នេះបើតាមការចេញផ្សាយនៅថ្ងៃចន្ទ ទី២៣ ខែឧសភា ឆ្នាំ២០១៦នេះ ដោយ Foxnews។
មនុស្សយន្តដែលមានឈ្មោះថា Valkyrie នឹងត្រូវរក្សាទុកនៅផ្ទះរបស់ពួកនាង ក្នុងមជ្ឈមណ្ឌលអវកាស Johnson Space Center នៃទីក្រុងហួស្តុន របស់រដ្ឋតិចសាស់ ភាគខាងត្បូងសហរដ្ឋអាមេរិក ដើម្បីឲ្យក្រុមនិស្សិត និង សាស្ត្រាចារ្យ ធ្វើការសិក្សាស្វែងយល់បន្ថែមពីបច្ចេកវិទ្យានិងសមត្ថភាព របស់ពួកនាងដែលនីមួយៗមានទម្ងន់ ១៣៦គីឡូក្រាម និងកម្ពស់ ១៨៣សង់ទីម៉ែត្រ។
គួរបញ្ជាក់ថា មនុស្សយន្តមួយក្នុងចំណោម ០៤នោះមានឈ្មោះថា Val ផ្ទុកដោយម៉ូទ័របង្វិលចំនួន ២៨គ្រឿង និង ប្រព័ន្ធស៊ិនសឺចំនួន ២០០ ទីតាំង ដែលត្រូវបានដាក់ឲ្យក្រុមនិស្សិតធ្វើការសិក្សា និង តេស្តដោយផ្ទាល់ក្នុងសាកលវិទ្យាល័យ Massachusetts-Lowell។ យ៉ាងណាក៏ដោយ ការបញ្ជូន មនុស្សយន្តទៅភពអង្គារពេលណានោះ នៅតែកំពុងស្ថិតនៅក្នុងការពិភាក្សាគ្នានៅឡើយ។
ជាទូទៅ ពេលវេលាទំនាក់ទំនងរវាងផែនដី និងភពអង្គារត្រូវប្រើប្រាស់ពេល ៣៥នាទី។ ហេតុដូច្នេះ ការបញ្ជាយានដោយមនុស្ស ពីផែនដីដែលហៅ Remote Control នោះពិតជារឿងដែលពិបាកហ្នឹងធ្វើ។ អ្វីដែលគេអាចធ្វើបាន គឺការបំពាក់បច្ចេកវិទ្យាយល់ដឹងស្វ័យប្រវត្តិ លើមនុស្សយន្តទាំងនេះ ដើម្បីឲ្យ ពួកនាងអាចបំពេញបេសកកម្មប្រកបដោយភាពឆ្លាតវៃ ដោយមិនចាំបាច់មានមនុស្សបញ្ជាគ្រប់ពេល៕