(ភ្នំពេញ)៖ មន្ត្រីគយខេត្តកំពង់ចាមម្នាក់ ពេលនាំស្រីស្នេហ៍ចូលដេកនៅសណ្ឋាគារ សុវណ្ណបុរីថ្មី ខាងក្រោយបុរីកីឡា ស្ថិតក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា ស្រាប់តែប្រពន្ធតាមទាន់ ក៏ចូលទៅរករឿងនាំឲ្យកើតជម្លោះបែកផ្សែង បង្កការភ្ញាក់ផ្អើល នៅព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៦នេះ។
អ្នកឃើញហេតុការណ៍ខាងលើនេះ បាននិយាយថា ស្រ្តីជាភរិយា បានមកទាន់ ហើយទៅដកយករថយន្ត កាបូបលុយ ទូរស័ព្ទពីប្តីរបស់ខ្លួន ខណៈកំពុងដេករួមរ័ក្សជាមួយស្រីស្នេហ៍ យ៉ាងសប្បាយនៅក្នុងបន្ទប់សណ្ឋាគារ។ ប៉ុន្តែសម្រាប់ហេតុការណ៍ដ៏អាម៉ាស់សម្រាប់លោកប្តី ជាមន្រ្តីគយរូបនេះ គឺស្រ្តីជាប្រពន្ធមិនបានទៅទាន់ក្នុងបន្ទប់ជាក់ស្តែងនោះទេ ដោយមានការហាមឃាត់ពីម្ចាស់សណ្ឋាគារ មិនឲ្យអំពើហិង្សាកើតឡើង ហើយខាងម្ចាស់សណ្ឋាគារ ធ្វើការសម្របសម្រួលដោយឲ្យលោកប្ដី ប្រើមធ្យោបាយរំដោះស្រីស្នេហ៍ ចេញពីកំដៅភ្លើងរបស់ប្រពន្ធ។
ស្ត្រីជាភរិយាបានស្រែកយ៉ាងខ្លាំងៗ សំឡុត និងជេរផងដែរថា ប្ដីរបស់គាត់បានយកស្រីមកដេកនៅទីនេះ ហើយខាងសណ្ឋាគារ ជួយការពាររារាំង មិនឲ្យប្រពន្ធបានឃើញស្រីថែមទៀត។
ក្រោយមកប្ដីកំហូចដែលជាអតីតមន្រ្តីគយបម្រើការងារនៅក្រុងបាវិត ហើយបច្ចុប្បន្នជាមន្ត្រីគយនៅខេត្តកំពង់ចាម ត្រូវបានស្ត្រីជាភរិយា ដកយករថយន្ត Lexus-៤៥០មួយគ្រឿង ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AI-8886 កាបូបលុយ និងទូរស័ព្ទ ហើយតម្រូវឲ្យប្ដីត្រឡប់ទៅធ្វើការវិញ និងបញ្ឈប់អំពើឆក់កន្តៀត ភ្លក់ម្ហូបក្រៅផ្ទះបែបនេះទៀត។
ចំណែកមន្ត្រីរូបនេះ ហាក់ដូចជា ទទួលនូវកំហុស មិនតវ៉ាអ្វីទេ គឺយកតែការបូបធ្វើការ រួចឡើងជិះរ៉ឺម៉កកង់បីធ្វើយ៉ាងកំសត់ចេញពីទីតាំងសណ្ឋាគារតែម្តង។ យ៉ាងណាក៏ដោយ គេមិនស្គាល់អត្តសញ្ញាណមន្រ្តីគយរូបនេះនោះទេ៕