(ភ្នំពេញ)៖ នៅវេលាម៉ោង១៦៖០០នាទីរសៀល ថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២២ស្អែកនេះ ក្នុងនាមសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា លោកទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន នឹង ធ្វើសន្និសីទសារព័ត៌មាន ជុំវិញការអនុវត្តគម្រោងសម្តេចតេជោ សម្រាប់សកម្មភាពមីន «ផ្តល់ដីមានសុវត្ថិភាពបង្កើតស្នាមញញឹម» ក្នុងការដោះស្រាយបញ្ហាគ្រាប់មីននៅកម្ពុជា នាទីស្នាក់ការអាជ្ញាធរមីន។
សូមបញ្ជាក់ថា នៅថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា និងជាប្រធានអាជ្ញាធរមីន បានសម្រេចបង្កើត «គម្រោងសម្តេចតេជោសម្រាប់សកម្មភាពមីន - Samdech Techo Project for Mine Action_STP - MA» ក្រោមមូលបទ «ផ្តល់ដីសុវត្ថិភាព បង្កើតស្នាមញញឹម - Providing Safe Ground, Creating Smiles» ក្រោមការដឹកនាំ គ្រប់គ្រង និងសម្របសម្រួលដោយអាជ្ញាធរមីន ដែលមានសម្តេចតេជោ ជាប្រធាន។ នេះបើតាមលោកទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន។
គម្រោងនេះ បានកើតចេញពីការអំពាវនាវរបស់សម្តេចតេជោ កាលពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២២ ក្នុងទិវាមច្ឆជាតិ នៅតំបន់អាងទឹកត្រពាំងថ្ម ខេត្តបន្ទាយមានជ័យ និងជាថ្ងៃដ៏អស្ចារ្យមួយ សម្រាប់ប្រជាពលរដ្ឋកម្ពុជា ដែលការបោសសម្អាតមីន មានការចូលរួមគាំទ្រយ៉ាងផុសផុលពីកាកបាទក្រហមកម្ពុជា វិស័យឯកជន និងសប្បុរសជន ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិតរបស់ សម្តេចតេជោនាយករដ្ឋមន្រ្តី។
លោកទេសរដ្ឋមន្រ្តី លី ធុជ ក្នុងនាមប្រជាជនកម្ពុជាទូទាំងប្រទេស ក៏ដូចជាគ្រួសារវិស័យសកម្មភាពមីនកម្ពុជា បានសម្តែងនូវការដឹងគុណ និងកត្តញ្ញូតាធម៌ដ៏ខ្ពង់ខ្ពស់បំផុតជូនចំពោះ សម្តេចតេជោ នាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលតែងតែផ្តល់ភាពកក់ក្តៅ និងស្នាមញញឹមដល់ប្រជាពលរដ្ឋកម្ពុជាគ្រប់កាលៈទេសៈ និងទីកន្លែង។
លោកទេសរដ្ឋមន្រ្តី បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News បន្ថែមថា បន្ទាប់ពីមានការចូលរួមវិភាគទាននេះ អាជ្ញាធរមីន បានរៀបចំកិច្ចប្រជុំក្រុមការងារបច្ចេកទេសជាបន្តបន្ទាប់ ដើម្បីរៀបចំផែនការលម្អិតសម្រាប់កំណត់គោលដៅបោសសម្អាត មីនជាអាទិភាព៕