(ប៉ៃលិន)៖ នៅរសៀលថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២២ លោកស្រី បានស្រីមុំ អភិបាលខេត្តប៉ៃលិន បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសសមាសភាពប្រធានក្រុមប្រឹក្សា ឃុំ មេឃុំរង និងសមាជិកក្រុមប្រឹក្សាឃុំ សាលាក្រៅ អាណត្តិទី៥ ឆ្នាំ២០២២។
ពិធីនេះធ្វើឡើងនៅសាលាឃុំ សាលាក្រៅ ស្រុកសាលាក្រៅ ដោយមានការចូលរួមពីសំណាក់ លោកនាយកងរដ្ឋបាលសាលាខេត្ត នាយកទីចាត់ការធនធានមនុស្ស ប្រធានក្រុមប្រឹក្សាស្រុក អាជ្ញាធរស្រុក មន្ត្រីពាក់ព័ន្ធ យុវជនសសយក និងបងប្អូនប្រជាពលយ៉ាងច្រើនកុះករ។
មានប្រសាសន៍ផ្តាំផ្ញើ ទៅកាន់ក្រុមប្រឹក្សាឃុំថ្មី នាឱកាសនោះ លោកស្រីអភិបាលខេត្ត បានសង្កត់ធ្ងន់ថា ឃុំសាលាក្រៅ មានសមាជិកក្រុមប្រឹក្សាមកពីគណបក្សចំនួនមួយ គឺគណបក្សប្រជាជនកម្ពុជា តែទោះជាយ៉ាងក៏ដោយ ក៏សមាជិកក្រុមប្រឹក្សាឃុំថ្មីគ្រប់រូបត្រូវប្រកាន់គោលជំហរ សាមគ្គីភាព និងឯកភាពជាតិ ដោយត្រូវរួមគ្នាខិតខំបម្រើសេវាជូនប្រជាពលរដ្ឋឲ្យល្អប្រសើរ និងបន្តកសាងអភិវឌ្ឍន៍ នៅមូលដ្ឋានឲ្យកាន់តែរីកចម្រើនជឿនលឿនទ្វេរឡើង ជាពិសេសដើម្បីបំពេញទៅតាមតម្រូវការ របស់ប្រជាពលរដ្ឋដែលជាម្ចាស់ឆ្នោត ប្រកបដោយលទ្ធិប្រជាតេយ្យ សំដៅចូលរួមចំណែកកាត់បន្ថយភាពក្រីក្រ ស្របតាមគោលនយោបាយដ៏ត្រឹមត្រូវ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។
លោកស្រីអភិបាលខេត្ត បានថ្លែងបន្តថា ដើម្បីធានាបាននូវការផ្ដល់សេវានានាក្នុងមូលដ្ឋាន បញ្ហាគន្លឹះសំខាន់គឺការបំពេញតួនាទី ភារកិច្ចរបស់តួអង្គស្នូលចំនួន៥គឺ៖
*ទី១៖ មេឃុំ ចៅសង្កាត់
*ទី២៖ ស្មៀនឃុំ សង្កាត់
*ទី៣៖ ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់
*ទី៤៖ មណ្ឌលសុខភាព ឬប៉ុស្តិ៍សុខភាព
*ទី៥៖ មេភូមិ អនុភូមិ។
លោកស្រីបន្ដថា ដូច្នេះសូមឲ្យតួអង្គទាំង៥ខាងលើនេះ ខិតខំយកចិត្តទុកដាក់អនុវត្តតួនាទី ភារកិច្ចរបស់ខ្លួន ក្នុងផ្តល់សេវាសាធារណៈនានា ជូនប្រជាពលរដ្ឋ ក្នុងមូលដ្ឋានរបស់ខ្លួនឲ្យបានល្អប្រសើរ ប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ និងកែលម្អឥរិយាបថ ក្នុងការប្រាស្រ័យទាក់ទងជាមួយប្រជាពលរដ្ឋ ប្រកបដោយតម្លាភាព គណនេយ្យភាព និងយុត្តិធម៌ ដោយមិនត្រូវមានការរើសអើង ការបែងចែកបក្សពួក គ្រួសារនិយម និងនិន្នាការនយោបាយឡើយ។
សូមជម្រាបជូនថា ដំណើរការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ដែលប្រព្រឹត្តិទៅថ្ងៃទី៥ ខែមិថុនា កន្លងទៅនេះ ជាលទ្ធផលក្នុងឃុំសាលាក្រៅមានអាសនៈសរុប ចំនួន០៥ មកពីគណបក្សនយោបាយចំនួន០១ ដែលគណបក្សប្រជាជនកម្ពុជា មាន០៥អាសនៈ ដោយទទួលបានតំណែងជាប្រធានក្រុមប្រឹក្សាឃុំ ជាមេឃុំ ជំទប់ទី១ ជំទប់ទី២ និងសមាជិកក្រុមប្រឹក្សា ចំនួន០៣អាសនៈ៕