(ភ្នំពេញ)៖ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជា និងជាប្រសិតពិសេសប្រធានអាស៊ានស្តីពីបញ្ហាមីយ៉ាន់ម៉ា បានអះអាងថា «កង់នៃដំណើរការចរចាសន្តិភាព នៅមីយ៉ាន់ម៉ា វិលទៅមុខហើយ» ក្រោយដំណើរទស្សនកិច្ចលើកទី២ របស់លោកកាលពីសប្តាហ៍មុន។
លោក ប្រាក់ សុខុន បានដឹកនាំគណៈប្រតិភូ អញ្ជើញទៅបំពេញទស្សនកិច្ចការងារលើកទីពីរ នៅសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ចាប់ពីថ្ងៃទី២៩ ខែមិថុនា ដល់ថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២២។ អញ្ជើញអមដំណើរលោក គឺរួមមានលោក ឯកផាប់ ផាន់ថាវង់ អគ្គលេខាធិការរងអាស៊ានទទួលបន្ទុកសហគមន៍សង្គមវប្បធម៌អាស៊ាន និងមន្រ្តីជាន់ខ្ពស់របស់ រាជរដ្ឋាភិបាលមួយចំនួន ព្រមទាំងបុគ្គលិករបស់លេខាធិការដ្ឋានអាស៊ាន ផងដែរ។
ក្នុងឱកាសថ្លែងព័ត៌មាន ជូនអង្គទូត និងអ្នកសារព័ត៌មាន អំពីលទ្ធផលដំណើរទស្សនកិច្ចនៅមីយ៉ាន់ម៉ាលើកទី២របស់ខ្លួន នៅថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២២ លោក ប្រាក់ សុខុន បានឲ្យដឹងថា ក្នុងពេលជួបពិភាក្សាការងារជាមួយ លោក យ៉ា ព្យេ ប្រធានគណៈកម្មាធិការសាមគ្គីភាពជាតិ និងការបង្កើតសន្តិភាព (NSPNC) នៅមីយ៉ាន់ម៉ា លោកបានលើកឡើងពីបញ្ហា និងការរកដំណោះស្រាយវិបត្តិប្រទេសមួយនេះ។ លោក យ៉ា ព្យេ បានឲ្យដឹងថា ក្រុមប្រឹក្សារដ្ឋបាលរដ្ឋ (SAC) ប្រទេសមីយ៉ាន់ម៉ា យល់ព្រមឲ្យបុគ្គល ឬក្រុម ដែលត្រូវបានចាត់ទុកថា ជាភេរវករចូលចរចាបាន។
លោក ប្រាក់ សុខុន បានឲ្យដឹងដែរថា នេះគឺជាវឌ្ឍនភាពដ៏ធំធេង សម្រាប់ដំណើរការចរចាសន្តិភាពរបស់មីយ៉ាន់ម៉ា ប៉ុន្តែការដោះស្រាយបែបណានោះ គឺស្ថិតលើប្រទេសនេះជាអ្នកកំណត់ដោយខ្លួនឯង។ ទោះជាអនុញ្ញាតឲ្យចូលចរចាក្តី អ្នកដែលចង់ចូលចរចាទាំងនោះ ត្រូវផ្លាស់ប្ដូរផ្នត់គំនិតរបស់ខ្លួន ដោយបំពេញលក្ខខណ្ឌ៣យ៉ាង៖ ទី១ មិនមានបំណងបំផ្លាញរដ្ឋាភិបាល, ទី២ មិនមានបំណងមកជំនួសរដ្ឋាភិបាល និងទី៣ យករដ្ឋធម្មនុញ្ញឆ្នាំ២០០៨ មកធ្វើជាមូលដ្ឋានក្នុងការចរចាសន្តិភាព។
លោក ប្រាក់ សុខុន បានបញ្ជាក់យ៉ាងដូច្នេះថា «នៅពេលដែលយើងលើកសំណួរ ជាពិសេសជាមួយលោកឧត្តមសេនីយ៍ឯក យ៉ាព្យេ, ដែលគាត់ជាអ្នកទទួលបន្ទុកអំពីកិច្ចចរចាសន្តិភាពនេះ យើងបានលើកសំណួរថា បើសិនជាមានបុគ្គល ឬក្រុមណាមួយ ដែលក្រុមប្រឹក្សារដ្ឋបាលរដ្ឋ ចាត់ទុកថាជាក្រុមភេរវករ ហើយបុគ្គល ឬក្រុមនោះ បោះបង់ការប្រយុទ្ធ និងមកចូលរួមនៅក្នុងកិច្ចចរចាសន្តិភាព ជាមួយនឹងក្រុមប្រឹក្សារដ្ឋបាលរដ្ឋ តើអ្នកយល់យ៉ាងដូចម្តេច? ខ្ញុំបានបន្ថែមទៀតថា ក្នុងករណីដែលប្រកាន់ជំហរបច្ចុប្បន្ន ដែលបដិសេធដាច់ខាត មិនចរចា មិននិយាយ ជាមួយនឹងក្រុមទាំងឡាយណាដែលខាងភាគី ណៃពិដោរ ចាត់ទុកថាជាភេរវករនោះ ធ្វើបែបនេះ នឹងធ្វើឲ្យមានការប្រយុទ្ធគ្នាតទៅទៀត មិនចេះចប់»។
លោកបន្តថា «បើយើង (SAC) មិនព្រមចរចាជាមួយនឹងគាត់ នៅពេលដែលគាត់បោះបង់ការប្រយុទ្ធហើយ គឺគាត់អត់មានជម្រើសអ្វីផ្សេង ក្រៅពីកាន់កាំភ្លើងដើម្បីបន្តការប្រយុទ្ធនោះទេ។ យើងបានទទួលចម្លើយ ដែលជាការលើកទឹកចិត្តផងដែរ គឺអ្នកទាំងនោះ (អ្នកដែលត្រូវបានចាត់ទុកថា ជាភេរវករ) គឺអាចចូលរួមចរចាបាន»។
បើតាមលោក ប្រាក់ សុខុន ក្នុងការអំពាវនាវឱ្យមានការសន្ទនាប្រកបដោយបរិយាបន្ន លោកបានចែករំលែកថា ការចាត់ទុកគ្នាទៅវិញទៅមកជាក្រុម ឬអង្គការភេរវកម្ម មិនអាចបង្កើតឲ្យមានកិច្ចសន្ទនាប្រកបដោយដោយសន្តិវិធី និងបរិយាបន្នបាននោះទេ។ លោកបានជំរុញឲ្យមានការបើកចំហរទ្វារក្នុងការចូលរួម ក្នុងដំណើរការសន្តិភាព ចំពោះគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ទោះបីពួកគេមានការកំណត់ថ្នាក់ ឬប្រភេទបែបណាក៏ដោយ។
លោក ប្រាក់ សុខុន បន្តថា លោកមានការលើកទឹកចិត្តនៅពេលបានដឹងថា ក្រុមប្រឹក្សារដ្ឋបាលរដ្ឋ បានបើកទ្វារចំហរសម្រាប់កិច្ចសន្ទនានេះ ជាពិសេសសម្រាប់អ្នកដែលត្រូវបានចាត់ទុកថាជាក្រុមភេរវករ បើទោះបីជាមានភ្ជាប់នូវលក្ខខណ្ឌ មួយចំនួនក៏ដោយចុះ។
លោកថ្លែងថា «បើទោះជាមានលក្ខខណ្ឌ (៣យ៉ាង) បែបនេះក៏ដោយ ខ្ញុំយល់ថា យ៉ាងហោចណាស់ ក៏យើងបានបើកផ្លូវឲ្យមាន លទ្ធភាពក្នុងការចរចាជាមួយគ្នាបាន។ បានន័យថា យើងអាចធ្វើឲ្យកង់ នៃដំណើរការចរចាសន្តិភាព អាចវិលទៅមុខបាន។ ឯការចរចា យ៉ាងណាៗនោះ គឺអាស្រ័យលើភាគីពាក់ព័ន្ធនៅក្នុងប្រទេសមីយ៉ាន់ម៉ា ជាអ្នកដោះស្រាយចុះ។ ទ្វារនេះ បានបង្ហើបហើយ ចូលឬមិនចូល អាស្រ័យលើមីយ៉ាន់ម៉ាខ្លួនឯង ដូចយើងនិយាយតាំងពីដំបូងហើយ ដំណើរការចរចាសន្តិភាពនេះ គឺមីយ៉ាន់ម៉ា ជាអ្នកគ្រប់គ្រងខ្លួនឯង ដឹកនាំដោយមីយ៉ាន់ម៉ាខ្លួនឯង»។
សូមជម្រាបថា ដំណើរទស្សនកិច្ចលើកទីពីររបស់ប្រេសិតពិសេសទៅកាន់មីយ៉ាន់ម៉ា មានគោលបំណងតាមដានវឌ្ឍនភាពនៃការអនុវត្តការព្រមព្រៀង ជាឯកច្ឆន្ទ៥ចំណុច និងលទ្ធផលនៃ កិច្ចប្រជុំពិគ្រោះយោបល់ ស្តីពីជំនួយមនុស្សធម៌របស់អាស៊ានសម្រាប់មីយ៉ាន់ម៉ា ដែលបានប្រព្រឹត្តិទៅកាលពីថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២២ នៅរាជធានីភ្នំពេញ និងដើម្បីរួមចំណែកដល់ការបង្កើតបរិយាកាសអំណោយ ផលសម្រាប់ដំណើរ ការសន្ទនានយោបាយ ប្រកបដោយបរិយាបន្ន តាមរយៈការជួបពិភាក្សាជាមួយគ្រប់ភាគីពាក់ព័ន្ធ៕