(ព្រះវិហារ)៖ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរៈភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានថ្លែងថា គណៈកម្មាការជាតិទប់ស្កាត់ និងបង្រ្កាបបទល្មើសធនធានធម្មជាតិ មានសិទ្ធិទៅទប់ស្កាត់ និងបង្រ្កាបបទល្មើសធនធានធម្មជាតិ ប៉ុន្តែគណៈកម្មការនេះ មិនមានសិទ្ធទៅទប់ស្កាត់ការធ្វើអាជីវកម្មស្របច្បាប់ ដែលរាជរដ្ឋាភិបាលបានផ្តល់ការអនុញ្ញាតឲ្យធ្វើអាជីវកម្មនោះទេ។
ការថ្លែងរបស់លោកនាយឧត្តមសេនីយ៍ សៅ សុខា បែបនេះ ក្នុងឱកាសដែលលោកអញ្ជើញជាអធិបតី ក្នុងពិធីបញ្ចុះបឋមសិលា សាងសង់អគារសេនាធិការដ្ឋានថ្មី កងរាជអាវុធហត្ថខេត្តព្រះវិហារ នៅព្រឹកថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២២នេះ។
នាយឧត្តមសេនីយ៍ បានបញ្ជាក់ទៀតថា សូមបែងចែកឲ្យច្បាស់រវាងបទល្មើសឈើដូចគ្នា ឈើដែលល្មើសច្បាប់ រ៉ែដែលល្មើសច្បាប់ និងឈើដែលមានការអនុញ្ញាតិដោយច្បាប់ បានបង់ពន្ធ បានអនុវត្តកាតព្វកិច្ចក្នុងការធ្វើអាជីវកម្ម គណៈកម្មាការជាតិនេះ គ្មានភារកិច្ចទៅបង្ក្រាបសកម្មភាពដឹកជញ្ជូនជញ្ជូនឈើ ឫការកាប់ឈើ ដែលមានច្បាប់អនុញ្ញាតទេ បើមិនដូច្នេះទេ ក្រុមហ៊ុនទាំងអស់នោះគេនឹងប្តឹងគណៈកម្មាការតែម្តង មិនត្រឹមតែមិនបានគុណសម្បត្តិទេ តែគណៈកម្មាការនេះនឹងទទួលកំហុស អាចជាវិន័យ អាចជាការបំពានច្បាប់។
ដោយឡែកចំពោះធនធានធម្មជាតិរ៉ែនៅនៅក្នុងដី លោកថា ទោះបីជាលោកគ្មានជំនាញខាងរ៉ែ តែលោកមានភាកិច្ចទប់ស្កាត់បទល្មើសរ៉ែនេះផងដែរ។ តាមរយៈការស្រាវជ្រាវ និងបទពិសោធន៍ លោកយល់ថា រ៉ែបើនៅជាមួយដីតម្លៃវាមានកម្រិតមួយផ្សេងអាចអត្រាស្មើសូន្យ ប៉ុន្តែបើយើងដាក់កម្លាំងមនុស្សចូលទៅធ្វើការកែឆ្នៃវា ពីដីដែលមានរ៉ែ ហើយយើងសម្រិតសម្រាំងយកតែរ៉ែ នៅពេលនោះទើបរ៉ែមានតម្លៃ។ ទន្ទឹមសក្តានុពលរ៉ែ ដែលមាននៅខេត្តព្រះវិហារ ជនខិតខូច អ្នកឈ្លាតឱកាស គេបានឆក់ឱកាសក្នុងពេលដែលយើងមិនទាន់គ្រប់គ្រងបាន យើងមិនទាន់យល់អស់អំពីបញ្ហារឿងរ៉ែនេះ គេអាចនឹងមកលួចធ្វើអាជីវកម្ម ទ្រង់ទ្រាយជាសិប្បកម្មតូចតាច ប៉ុន្តែនោះហើយគឺជាការបំផ្លាញយ៉ាងធំ ចំពោះផលប្រយោជន៍ជាតិរបស់យើង។
នាយឧត្តមសេនីយ៍ សៅ សុខា បានថ្លែងថា ចំពោះករណីនេះគណៈកម្មាការជាតិទប់ស្កាត់ និងបង្រ្កាបបទល្មើសធនធានធម្មជាតិ ក៏ធ្លាប់បង្រ្កាបដែរ រ៉ែមាសនៅស្រុករវៀង ហើយចំពោះរ៉ែដែកលោកមិនដឹងថា នៅចំណុចណាទេ ប៉ុន្តែបញ្ហារ៉ែដែកលោកថា ក្នុងនាមលោកជាប្រធានគណៈកម្មាការជាតិបង្រ្កាបនិងទប់ស្កាត់បទល្មើសធនធានធម្មជាតិ ទាមទាឲ្យលោកត្រូវតែដឹងដែរ ថាមួយណារ៉ែ? និងមួយណាមិនមែនរ៉ែ? បើលោកអត់ដឹង អត់ស្គាល់ ធ្វើដូចម្តេចលោកទៅទប់ស្កាត់បាន? កន្លែងណាដែលមានច្បាប់ដែលយើងត្រូវការពារ? កន្លែងណាដែលល្មើសច្បាប់ដែលយើងត្រូវបង្រ្កាប?។
ទាក់ទងនឹងការបញ្ចុះបឋមសិលាសាងសង់អាគារសនាធិការដ្ឋានថ្មី កងរាជអាវុធហត្ថខេត្តព្រះវិហារ នៅពេលនេះ នាយឧត្តមសេនីយ៍ សៅ សុខា បានថ្លែងកោតសរសើរដល់អាជ្ញាធរខេត្តព្រះវិហារ ដែលបានផ្តល់ទីតាំងដីសម្រាប់ការកសាងអគារថ្មី នាពេលនេះ។
ជាមួយគ្នានេះ លោកក៏សូមថ្លែងអំណរគុណដល់លោកមេបញ្ជាការ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តព្រះវិហារ ដែលមានទិសដៅច្បាស់លាស់ ក្នុងការគិតគូរកសាងអគារថ្មី សម្រាប់បម្រើផលប្រយោជន៍ រួមរបស់អង្គភាព លោកថាបើគ្មានទិសដៅទេ មិនអាចយកប្រាក់៦៥ម៉ឺនដុល្លារ មកកសាងអគារថ្មីនេះ តែមួយថ្ងៃបានទេ បេតុង២១ថ្ងៃបានរឹង ក្រៅពីនោះគឺការតុបតែងផ្សេងៗ លោកសង្កត់ធ្ងន់ថា អ្នកដែលធ្វើអ្វីកើត ធ្វើអ្វីបាន ទាំងខ្លួនគ្មានអ្វីសោះ ទើបជាការអស្ចារ្យ ដូចមេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះវិហារជាដើម លោកលើកទឹកចិត្តឲ្យធ្វើអគារនេះដោយកុំខ្លាច កុំភ័យឲ្យសោះ រឿងបញ្ហាខ្វះថវិកានោះ៕