(ត្បូងឃ្មុំ)៖ លោក អ៊ាង សុផល្លែត ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ នៅថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២២នេះ បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធ និងជួសជុលកែលម្អផ្លូវប្រវែង ២៤គីឡូម៉ែត្រ តភ្ជាប់ផ្សារអូររាំងឪ ទៅក្រុងសួង ដើម្បីជួយសម្រួលការធ្វើដំណើររបស់ប្រជាពលរដ្ឋជាបណ្តោះអាសន្នក្នុងរដូវវស្សា។
នៅក្នុងឱកាសនោះ ប្រធានបានស្នើដល់អាជ្ញាធរដែនដី ក្រុមការងារ និងក្រុមប្រឹក្សាឃុំដែលទើបជាប់ឆ្នោតថ្មីបន្តជំរុញការងារចាក់វ៉ាក់សាំង ដូសជំរុញជូនប្រជាពលរដ្ឋឱ្យអោយបានគ្រប់ៗគ្នា ទាំងដូសទី៣ ,ទី៤ និងទី៥។ លោក អ៊ាង សុផល្លែត ក៏បានក្រើនរំឮកបន្ថែមអនុវត្តឱ្យបានល្អប្រសើរគោលនយោបាយភូមិឃុំ មានសុវត្ថិភាព ជាពិសេសការលុបបំបាត់ការជួយដូរគ្រឿងញៀន នៅក្នុងមូលដ្ឋាន។
បន្ថែមពីនេះ លោកនៅតែបន្តលើកទឹកចិត្តអ្នកចាប់បានអ្នកជួញដូរចែកចាយគ្រឿងញៀន ក្នុង១ករណី នូវថវិកា ១លានរៀល និងឧបត្ថម្ភឃុំដែលគ្មានគ្រឿងញៀនចំនួន ២០លានរៀល ក្នុង១ឃុំ ដដែល។ កន្លងមក លោកបានឧបត្ថម្ភជូនកងកម្លាំង និងប្រជាពលរដ្ឋ ដែលបានបង្រ្កាបបទល្មើសគ្រឿងញៀនគ្រប់រូបភាពបានចំនួន១៩លានរៀល រួចហើយ។
លោក អ៊ាង សុផល្លែត សូមក្រុមការងារទទួលបន្ទុកតាមឃុំនីមួយៗ រួមនិងក្រុមប្រឹក្សាឃុំដែលទើបជាប់ឆ្នោតថ្មី រៀបចំកិច្ចប្រជុំកំណត់ផែនការអាទិភាពចំណុចខ្លាំង និងចំណុចខ្សោយ តាមឃុំទាំង៧ ដើម្បីជាមូលដ្ឋានសម្រាប់លោកបានពិភាក្សាជាមួយដៃគូរនានាសហការ និងគាំទ្រការលើកកម្ពស់ជីវភាពប្រជាជន និងអភិវឌ្ឍន៍ភូមិឃុំឱ្យកាន់តែល្អប្រសើរឡើង។
គួរបញ្ជាក់ថា ផ្លូវដែលកំពុងឈូសឆាយជាពេលនេះ ឆ្លងកាត់២ស្រុក និងក្រុង១ គឺស្រុកអូររាំងឪ ចំនួន៤ឃុំ ឃុំគងជ័យ ឃុំទួលសូភី ឃុំចក និងឃុំដំរិល។ ស្រុកត្បូងឃ្មុំ ចំនួន២ឃុំ គឺឃុំជីគរ ឃុំមង់រៀវ និងក្រុងសួង៖ សង្កាត់សួង៕