(ភ្នំពេញ)៖ កាកបាទក្រហមកម្ពុជា សហការជាមួយក្រុមហ៊ុន សម្រស់ធម្មជាតិ បើកយុទ្ធនាការដោយស្ម័គ្រចិត្ដ «បរិច្ចាគឈាមសង្គ្រោះជីវិត» ជូនដល់មជ្ឈមណ្ឌលជាតិផ្ដល់ឈាម ដែលធ្វើឡើងនៅស្នាក់ការកណ្ដាលកាកបាទក្រហមកម្ពុជា នៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២២នេះ។
លោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា បានថ្លែងថា កាកបាទក្រហមកម្ពុជា ដែលមាន ហ្លួងម៉ែ នរោត្តម មុនិនាថ សីហនុ ជាព្រះប្រធានកិត្តិយស និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន មានសេចក្ដីរីករាយណាស់ ចំពោះការបើកយុទ្ធនាការដោយស្ម័គ្រចិត្ដ «បរិច្ចាគឈាមសង្គ្រោះជីវិត» ដោយសហការជាមួយក្រុមហ៊ុន សម្រស់ធម្មជាតិ និងមានកិច្ចសហការគាំទ្រ ពី មជ្ឈមណ្ឌលជាតិផ្ដល់ឈាម។
លោកស្រី ម៉ែន នារីសោភ័គ បានថ្លែងបន្ដថា «កាកបាទក្រហមកម្ពុជា ក្នុងនាមជាជំនួយការឱ្យអាជ្ញាធរសាធារណៈនៅក្នុងវិស័យមនុស្សធម៌ ការបរិច្ចាគឈាមនេះ មិនមែនជាលើកទីមួយនោះទេ ដែលយើងបានចាប់ផ្ដើមធ្វើ គឺយើងបានធ្វើការអប់រំផ្សព្វផ្សាយលើកកម្ពស់ការយល់ដឹងដល់ប្រជាពលរដ្ឋ ឱ្យចូលរួមក្នុងការបរិច្ចាគឈាមដោយមានកម្មវិធីជាក់លាក់ និងបានអនុវត្ដតាំងពីឆ្នាំ២០០៣ជារៀងដរាបមក នៅតាមគ្រឹះស្ថានឧត្ដមសិក្សា និងទីកន្លែងផ្សេងៗទៀត។ សម្រាប់យុទ្ធនាការនៅថ្ងៃនេះ យើងខ្ញុំមានសេចក្ដីរីករាយណាស់ ដែលបានឃើញប្រជាពលរដ្ឋយើងជាច្រើន មកស្នាក់ការកណ្ដាលកាកបាទក្រហមកម្ពុជា ដើម្បីបរិច្ចាគឈាមដើម្បីសង្គ្រោះជីវិត»។
លោកស្រីបន្ដថា «ពេលឃើញចលនានៃការចូលរួមរបស់ប្រជាពលរដ្ឋមកបរិច្ចាគឈាម បានបង្ហាញឱ្យឃើញថា ការផ្សព្វផ្សាយកន្លងមកបានទូលំទូលាយ កំណើននៃការយល់ដឹងពីសារៈសំខាន់នៃអត្ថប្រយោជន៍នៃការបរិច្ចាគឈាម។ ទោះជាយ៉ាងណាលោកស្រី ក៏បានបន្ដអំពាវនាវដល់ប្រជាពលរដ្ឋ ស្វែងយល់ឱ្យបានច្បាស់នៃការផ្ដល់ឈាម និងចូលរួមក្នុងនាមជាពលរដ្ឋខ្មែរជួយខ្មែរដូចគ្នា ដើម្បីសង្គ្រោះអ្នកជំងឺ ដែលត្រូវការឈាមជាចាំបាច់នៅតាមមន្ទីរពេទ្យ ព្រោះសេចក្ដីត្រូវការមានការកើនឡើង តែកំណើននៃការផ្ដល់ឈាមមិនទាន់បានឆ្លើយតបបានគ្រប់គ្រាន់នៅឡើយ»។
លោកស្រី នួន ស៊ុន្ទរី អគ្គនាយិកាក្រុមហ៊ុន សម្រស់ធម្មជាតិ ក៏បានសម្ដែងនូវសេចក្ដីរំភើបរីករាយ ដែលមានឱកាសចូលរួមសហការក្នុងសកម្មភាពសប្បុរសធម៌ និងការគាំទ្រពីសំណាក់កាកបាទក្រហមកម្ពុជា និងមជ្ឈមណ្ឌលជាតិផ្ដល់ឈាម ដើម្បីជំរុញឱ្យអត្រានៃការបរិច្ចាគឈាមកាន់តែមានកំណើនជាងមុន។
លោកស្រីបានថ្លែងថា ការរៀបចំយុទ្ធនាការនេះឡើង ដោយសារនៅមជ្ឈមណ្ឌលជាតិផ្ដលឈាម នៅមានការខ្វះខាតឈាមច្រើន ដើម្បីសង្គ្រោះជីវិតអ្នកជំងឺ ដែលត្រូវការឈាមជាចាំបាច់។ ដូច្នេះការផ្ដល់ឈាមនេះ ពិតជាមានតម្លៃណាស់។ «សម្រាប់ខ្ញុំផ្ទាល់បានធ្វើការផ្ដល់ឈាម ចាប់តាំងពីឆ្នំា២០០៩ នាងខ្ញុំពិតជាឱ្យតម្លៃណាស់ ទៅលើការផ្ដល់ឈាម ព្រោះឈាមអាចសង្គ្រោះជីវិតមនុស្ស ដែលត្រូវការឈាមជាចាំបាច់ឱ្យរស់រានមានជំងឺឡើងវិញ»។
អគ្គនាយិការូបនេះបានបន្ដថា «ថ្ងៃនេះខ្ញុំកាន់តែសប្បាយចិត្ដ និងមានមោនទភាពលើប្រជាពលរដ្ឋយើង ដែលបានចូលរួមផ្ដល់ឈាមមានចំនួនច្រើន បានលះបង់ពេលវេលា មកផ្ដល់ឈាម ដើម្បីសង្គ្រោះជីវិតមនុស្ស។ ទោះជាចំនួនអ្នកចូលរួមផ្ដល់ឈាមមានចំនួនច្រើន លោកស្រីក៏បន្ដលើកទឹកចិត្ដដល់ប្រជាពលរដ្ឋ ចូលរួមមកផ្ដល់ឈាមដើម្បីសង្គ្រោះជីវិត កុំភ័យខ្លាច ព្រោះការផ្ដល់ឈាមនេះ ក្រៅពីជួយសង្គ្រោះជីវិតមនុស្ស ថែមទាំងមានអត្ថប្រយោជន៍ ក្នុងការជួយដល់សុខភាពរបស់យើងផ្ទាល់ ពិសេសជួយកាត់បន្ថយហានិភ័យនៃកើតជំងឺមហារីកថែមទៀតផង។ «ដូចនេះ សូមកុំខ្លាចការផ្ដល់ឈាម កុំខ្លាចឈាម និងកុំខ្លាចម្ជុល ត្រូវចាំគោលដៅតែមួយគត់ ខ្ញុំបូបឈាមចេញទៅ ខ្ញុំជួយជីវិតមនុស្ស បូបឈាមកាន់តែច្រើនដងសុខភាពយើងកាន់តែល្អ ហើយមិនប៉ះពាល់ដល់សុខភាពនោះទេ»។
ក្នុងឱកាសបើកយុទ្ធនាការស្ម័គ្រចិត្ដផ្ដល់ឈាមសង្គ្រោះជីវិតនេះ កាកបាទក្រហមកម្ពុជា និងក្រុមហ៊ុន សម្រស់ធម្មជាតិ រួមទាំងមជ្ឈមណ្ឌលជាតិផ្ដល់ឈាម បានផ្សព្វផ្សាយពីសារៈសំខាន់ និងអត្ថប្រយោជន៍នៃការផ្ដល់ឈាមបន្ថែមទៀតផងដែរ។
ជាមួយគ្នានោះអ្នកស្ម័គ្រចិត្ដបរិច្ចាគឈាម លោក សំ សុវណ្ណារ៉ា នាយករងខុន្ទកាល័យ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានបង្ហាញចំណាប់អារម្មណ៍ថា «ឈាមមិនត្រឹមតែមានសារៈសំខាន់សម្រាប់សង្គ្រោះជីវិតអ្នកជំងឺដែលត្រូវការឈាមជាចាំបាច់ ដើម្បីរស់ឡើងវិញ តែការផ្ដល់ឈាមនេះក៏បានផ្ដល់អត្ថប្រយោជន៍មកយើងវិញផងដែរ គឺឱ្យដឹងពីសុខភាព និងធ្វើឱ្យសុខភាពយើងល្អថែមទៀតផង។ ហើយនេះជាលើកទី២ ដែលខ្ញុំបានបរិច្ចាគឈាម ហើយខ្ញុំនឹងបន្ដផ្ដល់ឈាមនៅលើកក្រោយៗទៀត។ ក្នុងឱកាសនេះ ក៏សូមអំពាវនាវដល់ប្រជាពលរដ្ឋ ចូលរួមបរិច្ចាគឈាម ឱ្យបានគ្រប់ៗគ្នា»។
ទន្ទឹមនឹងនោះ អ្នកបរិច្ចាគឈាមដោយស័្មគ្រចិត្ដ នៅស្នាក់ការកណ្ដាលកាកបាទក្រហមកម្ពុជា ក៏បានលើកឡើងស្រដៀងៗគ្នាថា ការបរិច្ចាគឈាម គឺយើងបានជួយសង្គ្រោះជីវិតមនុស្ស ដែលត្រូវការឈាមជាចាំបាច់ ហើយទទួលបានមកវិញនូវសុខភាពល្អ និងកាត់បន្ថយការកើតជំងឺមហារីកនានាផងដែរ។
ប្រធានមជ្ឈមណ្ឌលជាតិផ្ដល់ឈាម លោក សុខ ប៉ូ បានបញ្ជាក់ថា ការបរិច្ចាគឈាម មិនត្រឹមតែជួយសង្គ្រោះជីវិតមនុស្សនោះទេ តែបានផ្ដល់អត្ថប្រយោជន៍ដល់សុខភាព គឺជួយកាត់បន្ថយនូវហានិភ័យជំងឺមហារីកនានា កាត់បន្ថយកំហាប់ឈាម និងការលើសជាតិដែក ដែលធ្វើឱ្យមានការប៉ះពាល់ដល់ថ្លើម និងលំពែង, ជួយធ្វើឱ្យប្រសើរឡើងនូវសុខភាពបេះដូង, បន្ថយការឡើងទម្ងន់, ជំងឺដាច់សរសៃឈាមក្នុងខួរក្បាល, ធ្វើឱ្យមានភាពសប្បាយរីករាយផងដែរ។ លើសពីនោះ ការបរិច្ចាគឈាម មិនប៉ះពាល់ដល់សុខភាពទេ ហើយឈាមមានប្រភពតែមួយគត់ គឺពីមនុស្សមិនមានរោងចក្រណាផលិតបានទេ ហើយសូមកុំរង់ចាំដល់ពេលវេលាមួយនៅពេលដែលយើងចង់ធ្វើអំណោយឈាម បែរជាហួសពេល។
លោក សុខ ប៉ូ បានថ្លែងថា ស្ថានភាពតម្រូវការឈាម ក្នុងឆ្នាំ២០២១កន្លងមក ត្រូវការឈាមមួយប្លោក ដើម្បីជួយសង្គ្រោះជីវិតអ្នកជំងឺរៀងរាល់៦នាទីម្ដង។ តម្រូវការឈាមប្រចាំថ្ងៃ សរុបមានជាង ២៥០ប្លោកជាមធ្យមនៅរាជធានីភ្នំពេញ។ តម្រូវការទូទៅមានប្រមាណជាង ១០ម៉ឺនប្លោក ដែលកើនលើសពីឆ្នាំមុនៗជិត២០% ហើយមជ្ឈមណ្ឌលជាតិផ្ដល់ឈាម បានគ្របដណ្ដប់ជាង៧០% នៃការផ្គត់ផ្គង់ឈាមទូទាំងប្រទេស។ ចំណែកការទទួលឈាមតាមរយៈសប្បុរសជនដោយមិនគិតកម្រៃ និងដោយស័្មគ្រចិត្ដ ឆ្លើយតបបានប្រហែល១០% នៃតម្រូវការក្នុងប្រទេសយើងតែប៉ុណ្ណោះ ខណៈដែលប្រទេសជិតខាងការបរិច្ចាគឈាមដោយស្ម័គ្រចិត្ដអាចផ្គត់ផ្គង់រហូតដល់លើសពី៩០% នៃតម្រូវការនេះ។
លោកថ្លែងបន្ដថា ដូច្នេះការទទួលបានការបរិច្ចាគឈាមនៅថ្ងៃនេះ គឺលើកកម្ពស់ការចូលរួមចំណែកជួយសង្គ្រោះជីវិត ដល់អ្នកដែលត្រូវការឈាមជាចាំបាច់ដើម្បីរស់រានមានជីវិត។ លោកបានថ្លែងអំណរគុណដ៏ជ្រាលជ្រៅ ដល់កាកបាទក្រហមកម្ពុជា និងថ្នាក់ដឹកនាំ មន្ដ្រីកាកបាទក្រហមកម្ពុជា បុគ្គលិកក្រុមហ៊ុន សម្រស់ធម្មជាតិ និងបងប្អូនសប្បុរសជន ស្ម័គ្រចិត្ដបរិច្ចាគឈាមទាំងអស់ ដែលបានខិតខំយ៉ាងសកម្មរៀបចំយុទ្ធនាការបរិច្ចាគឈាម និងបរិច្ចាគឈាមសង្គ្រោះជីវិតនៅថ្ងៃនេះ៕