(ភ្នំពេញ)៖ ក្រុមហ៊ុន អេស ស៊ី ជី ដែលជាក្រុមហ៊ុនដ៏ធំមួយនៅក្នុងតំបន់អាស៊ានថា នឹងបន្តពង្រីកការវិនិយោគរបស់ខ្លួននៅក្នុងតំបន់អាស៊ានប្រមាណជាង១៤០លានដុល្លារដោយផ្តោតលើផលិតផលមានគុណតម្លៃបន្ថែមខ្ពស់ និងអភិវឌ្ឍបច្ចេកវិទ្យាច្នៃប្រឌិតថ្មី ដែលបំពេញតាមតម្រូវការទីផ្សារ ពិសេសក្រុមហ៊ុនកំពុងកំណត់ទិសដៅកំណើនជាមធ្យម ៥% សម្រាប់ឆ្នាំនេះនេះបើយោងតាម លោក Roongrote Ransiyopash ប្រធាននិងអគ្គនាយកក្រុមហ៊ុន អេស ស៊ី ជី ។
លោក Roongrote Ransiyopash បានលើកឡើថា«ទីផ្សារអាស៊ានកំពុងកើនឡើងប្រមាណ ៥% ជារៀងរាល់ឆ្នាំ ហើយយើងចង់សម្រេចបានកំណើនក្នុងកម្រិតដូចគ្នានេះ ឬបើខ្ពស់ជាងនេះរឹតតែប្រសើរ ហើយ អាស៊ាន នៅតែជាទីផ្សារយុទ្ធសាស្រ្តមួយ ដែលមានសមត្ថភាពចំណាយខ្ពស់ និងប្រជាជនជាង ៦០០លាននាក់ យើងមើលឃើញថា តំបន់នេះជាទីតាំងយុទ្ធសាស្រ្តមួយសម្រាប់ការពង្រីកអាជីវកម្មក៏ដូចជាពង្រីកវត្តមានរបស់យើងនៅក្នុងប្រទេសអាស៊ាននីមួយៗ»។
លោកបានបន្ថែមថា «យើងក៏ចាប់អារម្មណ៍ចំពោះទីផ្សារនៅតំបន់ភាគខាងត្បូងប្រទេសចិនផងដែរ ដែលមានប្រជាជនប្រមាណ ៦០ទៅ៨០លាននាក់ និងសក្តានុពលខ្ពស់ក្នុងការរីកលូតលាស់។ ក្រុមហ៊ុន អេស ស៊ី ជី ក៏កំពុងសម្លឹងមើលទីផ្សារនៅបណ្តាទីក្រុងភាគខាងត្បូងប្រទេសចិន ដែលគេរំពឹងថា អាចនឹងមានកំណើនសេដ្ឋកិច្ចយ៉ាងឆាប់រហ័ស បើមានសេវាភ័ស្តុភារ ដើម្បីជួយជំរុញប្រតិបត្តិការអាជីវកម្ម ដោយ អេស ស៊ី ជី នឹងចំណាយពេល ២-៣ឆ្នាំ ដើម្បីសិក្សាទីផ្សារភាគខាងត្បូងប្រទេសចិន មុននឹងសម្រេចចិត្តទៅលើប្រភេទអាជីវកម្មដែលគួរធ្វើការវិនិយោគ» ។
លោក នៅក្នុងតំបន់អាស៊ាន ក្រុមហ៊ុននឹងបន្តយកចិត្តទុកដាក់ និងពិចារណាថា តើប្រទេស និងវិស័យណាមួយដែលគួរពង្រីកការវិនិយោគបន្ថែមទៀត ហើយឆ្នាំនេះ អេស ស៊ី ជី គ្រោងនឹងចំណាយទឹកប្រាក់ ៥ពាន់លានបាត ឬប្រមាណជាង ១៤០លានដុល្លារ នៃខ្ទង់ថវិកាវិនិយោគរបស់ខ្លួន ដើម្បីពង្រីកអាជីវកម្មនានារបស់ក្រុមហ៊ុននៅក្នុងតំបន់អាស៊ាន រួមទាំងប្រទេសថៃផងដែរ និងបន្តផ្តោតលើផែនការរបស់ខ្លួន ក្នុងការបង្កើតផលិតផលប្រកបដោយភាពច្នៃប្រឌិត ដើម្បីបំពេញតាមតម្រូវការថ្មីៗ នៅក្នុងប្រទេសនីមួយៗ ខណៈបន្តបង្កើតផលិតផលមានគុណតម្លៃបន្ថែមខ្ពស់ ដែលនឹងចូលរួមចំណែកបង្កើតប្រាក់ចំណូលបន្ថែមដល់ក្រុមហ៊ុន ។
លោក Roongrote Ransiyopash បានឲ្យដឹងទៀតថា ដើម្បីបង្កើតផលិតផលដែលមានគុណតម្លៃបន្ថែមខ្ពស់ថ្មីៗ ក្រុមហ៊ុនក៏វិនិយោគកាន់តែច្រើនក្នុងកិច្ចការស្រាវជ្រាវ និងអភិវឌ្ឍន៍ (R&D) ពោលគឺ មិនបង្កើនតែខ្ទង់ថវិកាវិនិយោគប៉ុន្តែទេ តែបង្កើនទាំង ធនធានមនុស្សទៀតផង ។ ឆ្នាំនេះ ក្រុមហ៊ុន អេស ស៊ី ជី បានត្រៀមបម្រុងទុកប្រមាណ ១% នៃប្រាក់ចំណូលប្រចាំឆ្នាំសរុបរបស់ខ្លួនឬស្មើនឹងទឹកប្រាក់ប្រមាណ ៤ពាន់លានបាត សម្រាប់កិច្ចការស្រាវជ្រាវ និងអភិវឌ្ឍន៍ ។ នេះជាការកើនឡើងពី ចំនួនទឹកប្រាក់ត្រឹម ៣ពាន់លានបាត ឬ ០,៨% នៃប្រាក់ចំណូលប្រចាំឆ្នាំសរុប កាលពីឆ្នាំមុន ។ លើសពីនេះទៅទៀត ក្រុមហ៊ុនមានបុគ្គលិកប្រមាណ ១០០០នាក់ ដែលកំពុងបំពេញការងារក្នុងផ្នែកស្រាវជ្រាវ និងអភិវឌ្ឍ ។
ចំពោះបញ្ហានេះ លោក Roongrote បានឲ្យដឹងថា «ផលិតផលមានគុណតម្លៃបន្ថែមខ្ពស់ ចូលរួមចំណែកប្រមាណ ៣៩% នៃប្រាក់ចំណូលសរុបរបស់យើង ហើយយើងរំពឹងថាភាគរយនេះនឹងកើនកាន់តែខ្ពស់បន្ថែមទៀត នៅពេលដែលយើងបន្តអភិវឌ្ឍផលិតផលទាំងនោះបន្ថែមទៀត ។ យើងនឹងមិនបង្កើនចំនួនបុគ្គលិកដែលបំពេញការងារក្នុងផ្នែកស្រាវជ្រាវ និងអភិវឌ្ឍទេ ។ ប៉ុន្តែ យើងនឹងប្រមូលផ្តុំបុគ្គលិករបស់យើង ដែលបានបំពេញការងារនៅក្នុងផ្នែកទីផ្សារ និងសេវាអតិថិជន ដែលពួកគាត់មានបទពិសោធន៍ធ្វើការជាមួយអតិថិជនច្រើន ដើម្បីសហការគ្នាបង្កើតគំនិតច្នៃប្រឌិតថ្មី ។ ការធ្វើបែបនេះនឹងជួយឱ្យក្រុមហ៊ុន បង្កើតផលិតផលថ្មី ដែលបំពេញតាមតម្រូវការជាក់ស្តែងរបស់អតិថិជន»។
ទន្ទឹមនឹងនោះ ក្នុងប្រទេសឥណ្ឌូនេស៊ី និងវៀតណាម ក្រុមហ៊ុន អេស ស៊ី ជី ធ្វើអាជីវកម្មក្នុងវិស័យស៊ីម៉ងត៍ សម្ភារៈសំណង់ សេវាកម្មវេចខ្ចប់ និងផលិតផលគីមីឥន្ធនៈ ចំណែកក្នុងប្រទេស ឡាវ មីយ៉ាន់ម៉ា កម្ពុជា សិង្ហបុរី និងម៉ាឡេស៊ីវិញ ក្រុមហ៊ុនផ្តោតលើអាជីវកម្មវេចខ្ចប់ និងសម្ភារៈសំណង់ ។
គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន អេស ស៊ី ជី បានបញ្ចេញរបាយការណ៍ ដែលបង្ហាញថា ខ្លួនរកបានប្រាក់ចំណូលសរុបប្រមាណ ១១០ពាន់លានបាត ឬប្រមាណជាង៣ពាន់លានដុល្លារ នៅក្នុងត្រីមាសទី១ នៃឆ្នាំនេះ ខណៈប្រាក់ចំណេញសុទ្ធរបស់ក្រុមហ៊ុនក្នុងត្រីមាសទីមួយនេះ បានកើនឡើងដល់ ១៣,៦ពាន់លានបាត ឬប្រមាណ ៣៨២លានដុល្លារ ដែលជាការកើនឡើង ២៣% ធៀបនឹងឆ្នាំមុន ភាគច្រើនមកពីផលចំណេញក្នុងអាជីវកម្មវេចខ្ចប់ និងសារធាតុគីមី ៕