(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២២នេះ លោក ម៉ៅ បូរ៉ា ប្រធានក្រុមប្រឹក្សា និងលោក សុខ សម្បត្តិ អភិបាលខណ្ឌព្រែកព្នៅ បានអញ្ជើញប្រកាសសុពលភាពក្រុមប្រឹក្សាសង្កាត់ពន្សាំង។

ក្នុងឱកាសនោះ លោកអភិបាលខណ្ឌ បានសម្ដែងនូវការកោតសរសើរ ចំពោះការខិតខំអស់ពីកម្លាំងកាយចិត្ដរបស់លោក លោកស្រី ក្រុមប្រឹក្សាសង្កាត់ពន្សាំង អាណត្តិចាស់ (អាណត្តិទី៤) ក្នុងការពង្រឹងកិច្ចសហប្រតិបត្ដិការ អនុវត្ដរាល់ភារកិច្ច សម្រេចបាននូវសមិទ្ធផលចម្បងៗជាច្រើន សម្រាប់ជាមូលដ្ឋានក្នុងការបន្ដអនុវត្ដការងាររបស់ក្រុមប្រឹក្សាសង្កាត់អាណត្ដិថ្មី (អាណត្តិទី៥) នេះបន្តទៀត។

លោក សុខ សម្បត្តិ បានបន្ដថា សមាជិកក្រុមប្រឹក្សាដែលបានជាប់ឆ្នោត ទោះបីជាលោក លោកស្រី មានសមាសភាពមកពីគណបក្សនយោបាយផ្សេងៗគ្នាក៏ពិតមែន ប៉ុន្តែតាមគោលការណ៍ច្បាប់ ក្រុមប្រឹក្សា គឺជាតំណាងឲ្យប្រជាពលរដ្ឋក្នុងមូលដ្ឋានទាំងមូល។

ដូច្នេះនៅក្នុងអាណត្តិការងារ៥ឆ្នាំនេះ លោក លោកស្រី ជាសមាជិកក្រុមប្រឹក្សា ត្រូវខិតខំបំពេញ តួនាទី ភារកិច្ចរបស់ខ្លួន ក្នុងការថែរក្សាសន្តិភាព ក្នុងការបម្រើប្រជាពលរដ្ឋឲ្យបានល្អប្រសើរ និងក្នុងការអភិវឌ្ឍមូលដ្ឋាន ដើម្បីឆ្លើយតបទៅនឹងតម្រូវការប្រជាពលរដ្ឋ និងបម្រើផលប្រយោជន៍ ព្រមទាំងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋទាំងអស់ ដោយស្មើភាព ដោយយុត្តិធម៌ និងមិនត្រូវប្រកាន់និន្នាការនយោបាយនោះឡើយ។

ក្រោយបញ្ចប់ពិធីប្រកាសសុពលភាពក្រុមប្រឹក្សាសង្កាត់ពន្សាំរួច នៅរសៀលថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២២នេះ លោកអភិបាលខណ្ឌ ក៏បានជួបសំណេះសំណាលសុខទុក្ខ និងនាំយកអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា តាមរយៈលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ជូនប្រជាការពារ ចំនួន៥០នាក់ ក្នុងម្នាក់ៗទទួលបាន ថវិកា៥មុឺនរៀល អង្ករ២៥គីឡូក្រាម មី១កេសតូច និងអាវយឺត១ផងដែរ៕